ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន​ចិន​បោះទុន​ជាង​១​លាន​ដុល្លារ បើក​កសិដ្ឋាន​ចិញ្ចឹម​បង្គា នៅ​ខេត្តកំពត​
08, Sep 2019 , 9:29 pm        
រូបភាព
អាងចិញ្ខឹមបង្គារ ក្នុងអាងប្លាស្ទិក របស់ក្រុមហ៊ុនចិនមួយឈ្មោះ ហ្រ្គេន ហុង យាន អេឃ្វើខលឈ័រ (ខេមបូឌា) ឯ.ក  នៅខេត្តកំពត។ រូបថត ករណីហ្វេសប៊ុក លោក​ វេង​សាខុន​រដ្ឋមន្ត្រីក្រសួងកសិកម្ម។
អាងចិញ្ខឹមបង្គារ ក្នុងអាងប្លាស្ទិក របស់ក្រុមហ៊ុនចិនមួយឈ្មោះ ហ្រ្គេន ហុង យាន អេឃ្វើខលឈ័រ (ខេមបូឌា) ឯ.ក នៅខេត្តកំពត។ រូបថត ករណីហ្វេសប៊ុក លោក​ វេង​សាខុន​រដ្ឋមន្ត្រីក្រសួងកសិកម្ម។
​ភ្នំពេញ​៖ ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ ហ្គ្រេ​ន ហុង យាន អេ​ឃ្វើខ​ល​ឈ័​រ (​ខេ​ម​បូ​ឌា​) ឯ​.​ក បោះទុន​វិនិយោគ ចំនួន​ជាង​១​លាន​ដុល្លារ បើក​កសិដ្ឋាន​ចិញ្ចឹម​បង្គា​ក្នុង​អាង​ផ្លា​ស្ទិ​ក​។ យោងតាម​ចុះផ្សាយ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បច្ចុប្បន្ន​កសិដ្ឋាន​ចិញ្ចឹម​បង្គា​នេះ​មាន​អាង​ចិញ្ចឹម​បង្គា​ចំនួន​៣៤ ដោយ​ចិញ្ចឹម​ក្នុង​រយៈពេល​៣​ខែ ទើប​គ្រប់​ទម្ងន់​តាម​ស្តង់ដារ​ទីផ្សារ​ពី​៣០​ទៅ​៣៥​ក្បាល ក្នុង​មួយ​គីឡូក្រាម ដោយ​ទទួលបាន​តម្លៃ​ពី​៤​ទៅ​៥​ពាន់​រៀល ក្នុង​មួយ​គីឡូក្រាម​។ កសិដ្ឋាន​ចិញ្ចឹម​បង្គា​នេះ ស្ថិតនៅ​ក្នុងភូមិ​ព្រែក​អំពិល ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្តកំពត​។



​ការចុះផ្សាយ​របស់​រដ្ឋ​មន្ត្រី​កសិកម្ម ដែល​បាន​ស្រង់​សម្តី លោក សុ​ប សារា​ប៊ុ​ទ្ទី ប្រធាន​បច្ចេកទេស​រប​ស់​ក្រុមហ៊ុន​ខាងលើ​ថា កសិដ្ឋាន​ចិ​ញ្ចឹ​បង្គារ​នេះ បាន​យក​បច្ចេកវិទ្យា​ពី​ប្រទេស​ចិន ទាំង​ការសាងសង់ ការចិញ្ចឹម ផ្តល់​ចំណី ការគ្រប់គ្រង ប្រើប្រាស់​ទឹក និង​សម្អាត​ទឹក (water treatment)​។ លោក សារា​ប៊ុ​ទ្ទី បានលើកឡើង​ដូច្នេះ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​បោះទុន​វិនិយោគ​ជាង​១​លាន​ដុល្លារ ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​សំខាន់ៗ​សម្រាប់​អភិវឌ្ឍ​កសិដ្ឋាន​។ លោក​បានបញ្ជាក់​ដូ​ច្ន​៖«​អាជីវ​កម្មនេះ កំពុងស្ថិត​ក្នុងដំណាក់កាល សាក​ពិសោធន៍​ពូជ ទឹក ចំណី និង​លក្ខខណ្ឌ​ចិញ្ចឹម -​ល​-​។ នាពេល​ខាងមុខនេះ ក្រុមហ៊ុន មាន​ផែនការ​ពង្រីក​ការចិញ្ចឹម ក្នុងដំណាក់កាល​បន្តបន្ទាប់ ចំនួន​៣២​អាង​ទៀត នៅលើ​ផ្ទៃដី​៣២​ហិកតា ស្ថិតនៅ​ទល់មុខ​កសិដ្ឋាន នាពេល​បច្ចុប្បន្ននេះ​»​។​



​ក្រោយ​ពិនិត្យឃើញ​ជាក់ស្តែង​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​កសិដ្ឋាន​ចិញ្ចឹម​បង្គា ប្រកបដោយ​បច្ចេកវិទ្យា​ខ្ពស់ កំពុងដំណើរការ​ទៅដោយ​រលូន លោក វេ​ង សាខុន បាន​សរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការចូលរួម​វិនិយោគ​លើ​វិស័យ​វារីវប្បកម្ម ដែល​រដ្ឋបាល​ជលផល​កំពុង​ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​វិស័យ​ឯកជន ចូលរួម​ជា​ចលករ​ក្នុង​ការជំរុញ​កំណើន​ភោគផល​ចាប់ពី​វារីវប្បកម្ម​ដោយ​ធានាបាន​ទាំង​បរិមាណ និង​គុណភាព​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ​។ ពិសេស​ចូលរួម​កាត់បន្ថយ​ការនាំ​ចូល​។​



​លោក​រដ្ឋមន្ត្រី​កសិកម្ម​រូបនេះ បាន​បញ្ជាក់ថា ការចូលរួម​ពី​វិស័យ​ឯកជន ក្នុងការ​វិនិយោគ​នេះ ពិតជា​បាន​ចូលរួមចំណែក​បង្កើត​ការងារ ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន បង្កើន​ចំណូល​ក្នុង​គ្រួសារ និង​កាត់បន្ថយ​ភាពក្រីក្រ ជាពិសេស​ចូលរួម​អនុវត្ត​គោ​នយោបាយ និង​ផែនការ​អភិវឌ្ឍ​វិស័យ​កសិកម្ម ស្របតាម​អភិក្រម «​រដ្ឋ ឯកជន ដៃគូ​អភិវឌ្ឍ និង​សហគមន៍​កសិកម្ម​»៕





Tag:
 កសិដ្ឋាន​
  បង្គា​
  កំពត​
© រក្សាសិទ្ធិដោយ thmeythmey.com