ជាតិ
សេដ្ឋកិច្ច
រៀន​តាម YouTube លោក ភារ​ម្យ ចេះ​ចិញ្ចឹម​ចង្រិត លក់​ចំណេញ​យ៉ាងតិច​១​ពាន់​ដុល្លារ ក្នុង​១​ខែ​
12, Oct 2019 , 2:16 pm        
រូបភាព
​ភ្នំពេញ​៖ លោក ញឿ​ក ភារ​ម្យ  អាច​ទទួល​ប្រាក់ចំណេញ​បាន​យ៉ាងហោចណាស់​១,០០០​ដុល្លារ ក្នុង​មួយខែ តាមរយៈ​ការចិញ្ចឹម​សត្វ​ចង្រិត​លក់​។ ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ចង្រិត​រូបនេះ អះអាងថា បច្ចេកទេស​នៃ​ការចិញ្ចឹម​សត្វ​ចង្រិត​ទាំងនេះ គឺ​លោក​បាន​រៀន​និង​ស្រាវជ្រាវ​តែ​តាម​YouTube ប៉ុណ្ណោះ​។



​លោក ភារ​ម្យ ដែលមាន​កសិដ្ឋាន​ចិញ្ចឹម​ចង្រិត​ក្នុងស្រុក​ដូន​កែវ ខេត្តតាកែវ អះអាងថា ការសិក្សា​ស្រាវជ្រាវ​តាម YouTube មិន​ត្រឹមតែ​ឱ្យ​លោក​ចេះ​បច្ចេកទេស​ចិញ្ចឹមសត្វ​ចង្រិត​មាន​ស្តង់ដារ​និង​គុណភាព ដែល​អាច​ទទួលបាន​ទិន្នផល​ខ្ពស់​នោះទេ គឺ​ថែមទាំង​ដឹង​ប្រយោជន៍​ជាច្រើន​ពីស​ត្វ​ប្រភេទ​នេះ​ផងដែរ​។ មានបទពិសោធន៍ និង​ការស្រាវជ្រាវ​ចិញ្ចឹមសត្វ​ច​ង្រិ​ក​អស់​រយៈពេល​ជាង​៨​ឆ្នាំ​មកនេះ លោក ញឿ​ក ភារ​ម្យ  ប្រាប់​សារព័ត៌មាន ThmeyThmey ដូច្នេះ​ថា​៖«​សត្វ​ចង្រិត​ក្រៅពី​ស្រួល​ចិញ្ចឹម ចំណាយ​ដើមទុន​តិច មាន​រយៈពេល​ខ្លី​ក្នុងការ​ទទួលផល មានតម្លៃ​ល្អ​នៅ​ទីផ្សារ ព្រមទាំង​ទទួលបាន​ប្រាក់ចំណេញ​ខ្ពស់​នោះ គឺ​សត្វ​ចង្រិត​មាន​ផ្ទុក​នូវ​សារធាតុចិញ្ចឹម​ខ្ពស់ជាង​សាច់គោ​រហូតដល់​៦​ដង និង​អាច​កែច្នៃ​អាហារ​សម្រាប់​សុខភាព​មនុស្ស​បាន​ផងដែរ​»​។ 



​តាមរយៈ​ការស្រាវជ្រាវ​តាម Youtube និង​បទពិសោធន៍​ចិញ្ចឹម​ចង្រិត​ជាច្រើន​ឆ្នាំ​កន្លងមកនេះ លោក ភារ​ម្យ បាន​ពង្រីក​កសិដ្ឋាន​ចិញ្ចឹម​ចង្រិត រហូត​ទៅដល់​ជាង​៤០០​អាង​។ អាង​នីមួយៗ​មាន​ទំហំ​ទទឹង​២​ម៉ែត្រ បណ្តា​យ​៨​ម៉ែត្រ និង​កម្ពស់​កន្លះ​ម៉ែត្រ ដែល​ធ្វើ​ពី​ឥដ្ឋ និង​ស៊ីម៉ងត៍​។ មុខរបរ​នេះ ពលរដ្ឋ​ខ្មែរ ពិសេស​អ្នករស់នៅ​តាម​ជនបទ មាន​ដើមទុន​ត្រឹម​១០០-២០០​ដុល្លារ ក៏​អាច​បើក​កន្លែង​ចិញ្ចឹម​ចង្រិត​បាន សម្រាប់​រក​ចំណូល​បន្ថែម​បាន​ផងដែរ​។ នេះ​ជាការ​លើកឡើង​របស់លោក ភារ​ម្យ​។

​ក្នុង​មួយថ្ងៃៗ ម្ចាស់​ក​សិ​ដា្ឋ​ន​ចិញ្ចឹម​ចង្រិត​វ័យ​៣០​រូបនេះ អាច​ផ្គត់ផ្គង់​សត្វ​ចង្រិត​នៅលើ​ទីផ្សារ​បាន​មួយ​តោន ជាមួយ​តម្លៃ​ទាប​បំផុត​១៣,០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។ បរិមាណ​នៃ​ការផ្គត់ផ្គង់​សត្វ​ចង្រិត​ប្រចាំ​ថ្ងៃនេះ លោក ញឿ​ក ភារ​ម្យ  មិនទាន់​អាចបំពេញ​គ្រប់​តាម​តម្រូវការ​របស់​អតិថិជន​ឡើយ ទោះបីជា​លោក ប្រមូល​ទិញ​ចង្រិត​បន្ថែម ពី​អ្នក​ចិញ្ចឹម​ច​ង្រិ​ក នៅតាម​កន្លែង​នានា​ក៏ដោយ​។  ទីផ្សារ​ដែល​លោក ផ្គត់ផ្គង់​ជាប្រចាំ មាន​រាជធានី​ភ្នំពេញ ព្រៃវែង តាកែវ កណ្តាល កំពង់ឆ្នាំង  ព្រះសីហនុ និង​ផ្គត់ផ្គង់​ទៅឱ្យ​អតិថិជន​ជនជាតិ​វៀតណាម​ផងដែរ​។



​បច្ចុប្បន្ន លោក ញឿ​ក ភារ​ម្យ  ក្រៅពី​មុខរបរ​ចិញ្ចឹមសត្វ​ចង្រិត​សត្វ លោក​ក៏​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​ផងដែរ​។ លោក​បាន​អះអាង​ដូច្នេះ​៖«​ការចិញ្ចឹម​ចង្រិត​នេះ​គឺ​វា​មិនបាន​ប៉ះពាល់​ដល់​ការងារ​ប្រចាំថ្ងៃ​របស់​យើង​ឡើយ ដោយ​យើង​គ្រាន់តែ​ចំណាយពេល​១​ឬ​២​ម៉ោង​សម្រាប់​ឱ្យ​ចំណី​សត្វ​ច​ង្រិ​ក​ទាំងនោះ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ផ្ទុយទៅវិញ យើង​អាច​ទទួលបាន​ប្រភព​ប្រាក់ចំណូល​ល្អប្រសើរ​មួយ​បន្ថែម លើ​ការងារ​ប្រចាំថ្ងៃ​យើង​ផងដែរ​»​។ បើតាម​លោក ភារ​ម្យ ប្រភព​ចំណី​ដែល​ឱ្យ​សត្វ​ចង្រិត​ស៊ី មាន​បន្លែ ផ្លែឈើ និង​ចំណី​សម្រាប់​សត្វ​មួយចំនួន​។

​សព្វ​ថៃ្ង​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ចង្រិត​រូបនេះ ក៏មាន​សេវាកម្ម​ផ្តល់​ពូជ​ចង្រិត​រួម​ជាមួយនឹង​បច្ចេកទេស​ចិញ្ចឹម​ចង្រិត​ផងដែរ​។  ទន្ទឹមនឹង​គ្នា​នេះ លោក​ក៏មាន​គម្រោង​កែច្នៃ​ចង្រិត​ធ្វើជា​ម្សៅ​សម្រាប់​នាំចេញ ទៅ​ប្រទេស​កាណាដា និង​អង់គ្លេស នាពេល​ឆាប់ៗ​នេះ​។ លោក​បាន​បញ្ជាក់ថា ទីផ្សារ​នៃ​ប្រទេស​ទាំងនោះ គេ​ចាំតែ​ទទួល​ចង្រិត​ពី​កម្ពុជា ប៉ុន្តែ​ការផ្គត់ផ្គង់​សត្វ​ចង្រិត​ដែលមាន​គុណភាព និង​ចង្រិត​សរីរាង្គ នៅ​ខ្វះ​នៅឡើយ ដោយ​ទាមទារ​ការពង្រីក​ការចិញ្ចឹម​សត្វ​ចង្រិត ដែលមាន​ជំនាញ​ត្រឹមត្រូវ និង​ច្បាស់លាស់​បន្ថែមទៀត​៕



















Tag:
 ចង្រិត​
  តាកែវ​
© រក្សាសិទ្ធិដោយ thmeythmey.com