ម៉ាក​សមូហភាព​«​គុយទាវ​ភ្នំពេញ​» ត្រូវបាន​ដាក់​ឲ្យ​ប្រើប្រាស់​
ជាតិ
សេដ្ឋកិច្ច
ម៉ាក​សមូហភាព​«​គុយទាវ​ភ្នំពេញ​» ត្រូវបាន​ដាក់​ឲ្យ​ប្រើប្រាស់​
12, Oct 2019 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា​បាន​សម្ពោធ​ម៉ាក​សមូហភាព​«​គុយទាវ​ភ្នំពេញ​» នៅ​ថ្ងៃទី​១០​ខែតុលា​នេះ​។ ពិធី​សម្ពោធ​ម៉ាក​សមូហភាព​នេះ ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​សន្និបាត​កោះ​ពេជ្រ ក្នុង​ព្រឹ​ត្ត​ការណ៍​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ​រដូវ​កាល​ទី​៤​។​



​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម ឲ្យ​ដឹង​ដូច្នេះ​ថា​៖«​ក្រសួង​បានដាក់​ឲ្យ​ដំណើរការ​ម៉ាក​សមូហភាព​គុយទាវ​ភ្នំពេញ ដែលជា​ប្រភេទ​យីហោ​អាជីវកម្ម​លើកដំបូង មានភ្ជាប់​ប្រព័ន្ធគ្រប់គ្រង ត្រួតពិនិត្យ​គុណភាព និង​ស្ដង់ដារ​អនាម័យ​ជាក់លាក់ នៅក្រោម​ការ​ឧបត្ថម​ពី​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក (WIPO) និង​មាន​កិច្ចសហការ​គ្នា​យ៉ាង​ជិតស្និត​ពី​សមាគម​ចុងភៅ​កម្ពុជា រួមជាមួយ​ជំនាញការ​ជាតិ និង​អន្តរជាតិ​»​។​

​ក្រសួងពាណិជ្ជកម្ម អះអាងថា ម៉ាក​សមូហភាព​«​គុយទាវ​ភ្នំពេញ​»​នេះ​គឺជា​សមិទ្ធផល​ថ្មី​មួយទៀត​របស់ខ្លួន​លើ​វិស័យ​កម្មសិទ្ធិបញ្ញា បន្ទាប់ពី​ក្រសួង​បានដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ម៉ាក​«​ម្លិះ​អង្គរ​» ដែលជា​ម៉ាក​វិញ្ញាតកម្ម​ទីមួយ និង​ម៉ាក​«​ក្រូចថ្លុង​កោះ​ទ្រង់​» ដែលជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ទី​បី​របស់​កម្ពុជា បន្ថែម​លើ​ម៉ាក​«​ម្រេច​កំពត​» និង​«​ស្ករត្នោត​កំពង់ស្ពឺ​» ដែល​កំពុង​ទទួល​ការពេញនិយម​លើ​ទីផ្សារ​។



​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្ដិ បាន​អំពាវនាវ និង​លើកទឹកចិត្ត​ដល់​ម្ចាស់​ភោជនីយដ្ឋាន​ទាំងអស់ ចូល​ជា​សមាជិកសមាគម​ចុង​ភៅ​កម្ពុជា ដើម្បី​ទទួលបាន​សិទ្ធិ​ប្រើប្រាស់​ម៉ាក​សមូហភាព​«​គុយទាវ​ភ្នំពេញ​» ស្របច្បាប់ និង​ការគាំទ្រ​បច្ចេកទេស​ផ្សេងៗ​។ លោក​បន្ថែមថា ការចូលរួម​ប្រើប្រាស់​ម៉ាក​សមូហភាព​ថ្មី​នេះ សំដៅ​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កម្មសិទ្ធិបញ្ញា និង​ទេសចរណ៍ តាមរយៈ​ការផ្ដល់ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​នូវ​បទពិសោធន៍​ថ្មី និង​រសជាតិ​គុយទាវ​ដ៏​ឈ្ងុយឆ្ងាញ់ នៃ​គំរូ​អាជីវកម្ម​ហ្វ្រេ​ន​ឆាយ ដែល​បង្កើតឡើង​ដោយ​រដ្ឋាភិបាល សហការ​ជាមួយ WIPO និង​វិស័យ​ឯកជន​៕


Tag:
 ម៉ាក​សមូហភាព​
  គុណ​ទាវ​ភ្នំពេញ​
© រក្សាសិទ្ធិដោយ thmeythmey.com