ជាតិ
សេដ្ឋកិច្ច
វិភាគ​៖ តើ​កិច្ចព្រមព្រៀង RCEP អាចជួយ​កម្មករ​រាប់សែន​នាក់​បាន​ឬទេ បើ​កម្ពុជា​បាត់បង់ EBA?
07, Nov 2019 , 7:59 pm        
រូបភាព
រូបឯកសារ៖ ក្រុមកម្មករ​​រោងចក្រ​ ចេញ​ពី​ធ្វើការ​ នៅ​ពេល​ល្ងាច​ ឯជាយរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)
រូបឯកសារ៖ ក្រុមកម្មករ​​រោងចក្រ​ ចេញ​ពី​ធ្វើការ​ នៅ​ពេល​ល្ងាច​ ឯជាយរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)
ដោយ: VOA
​ភ្នំពេញ ៖ ធនាគារពិភពលោក​ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បាន​ព្រមាន​ពី​ហានិភ័យ​មួយចំនួន​ដែល​អាច​កើតមាន រួមមាន​ទាំង​ភាពមិនប្រាកដប្រជា​ជុំវិញ​លទ្ធភាព​របស់​ក​ម្ពុ​ជា ក្នុង​ការនាំ​ទំនិញ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ «​គ្រប់​មុខទំនិញ​ទាំងអស់ លើកលែង​គ្រឿង​សព្វាវុធ​» (EBA) ចូល​ទីផ្សារ​សហគមន៍​អឺរ៉ុប ដែល​ស្រូបយក​៤០​ភាគរយ​នៃ​ផលិតផល​នាំចេញ​ពី​កម្ពុជា​។​

 
​ហានិភ័យ​មួយទៀត​នោះ​គឺ​ការស្រុតចុះ​ដោយ​គំហុក​ណាមួយ​នូវ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក នឹងធ្វើ​ឲ្យ​លទ្ធភាព​កំណើនសេដ្ឋកិច្ច​កម្ពុជា​ចុះខ្សោយ​វិញ នៅពេលដែល​សេដ្ឋកិច្ច​នេះ ពឹងផ្អែក​ខ្លាំង​លើ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) និង​ភ្ញៀវទេសចរ​ពី​ប្រទេស​ចិន​។​
 
​ស្របពេល​មានការ​ព្រមាន​របស់​ធ​នាគា​ពិភពលោក​ពី​ភាពមិនប្រាកដប្រជា​ពាក់ព័ន្ធ​ទៅនឹង​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ EBA ដែលជា​កម្មសិទ្ធិ​ផ្តាច់មុខ​របស់​សហភាព​អឺរ៉ុប ចិន​ដែលជា​អ្នកផ្តល់ជំនួយ​ដ៏​ធំ​មួយ​របស់​កម្ពុជា ក៏​ផ្តើម​ជំរុញ​ឲ្យ​ចេញ​ជា​រូបរាង​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ថ្មី​មួយទៀត ដែលមាន​ឈ្មោះថា «​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ដ៏​ធំ​ទូលាយ​ក្នុង​តំបន់​» ឬ​ហៅថា (RCEP)​។​
 
​ប្រទេស​កម្ពុជា​ដែល​សេដ្ឋកិច្ច​របស់ខ្លួន​ត្រូវ​ក្រុមអ្នកវិភាគ​ជឿថា ពឹងផ្អែក​កាន់តែ​ឡើងលើ​ចិន​នោះ មិន​រារែក ទទួលយក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម RCEP ដែល​អាច​ក្លាយជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដ៏​ធំ​បំផុត​មួយ​នៅក្នុង​សាកលលោក​ប្រសិនបើ​ឥណ្ឌា​ទទួលយក​កិច្ចព្រមព្រៀង​នេះ​។​
 
​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន រំពឹងថា កិច្ចព្រមព្រៀង RCEP នឹង​ផ្តល់នូវ​ឱកាស​ជំនួញ​ថ្មីៗ ឆ្ពោះទៅរក​ប្រភព​ថ្មី​នៃ​កំណើន សេដ្ឋកិច្ច​ខ្ពស់ ហើយ​ផ្តល់​សន្ទុះ​ដល់​ការធ្វើ​ពាណិជ្ជកម្ម​ទំនិញ សេវា និង​ការវិនិយោគ​។​
 
​ក៏ប៉ុន្តែ​ក្នុង​ក្រសែភ្នែក​អ្នកជំនាញ​សេដ្ឋកិច្ច  RCEP គឺអាច​ត្រឹមតែ​ជា​កិច្ចព្រមព្រៀង​ដែល​កម្ពុជា​អាច​ចូលរួមបាន តែ​ពលរដ្ឋ​កម្ពុជា​នឹងមិន​ប្រាកដថា បាន​ចំណេញ​ពី​កិច្ចព្រមព្រៀង​ដែល​នាំមុខ​ដោយ​ប្រទេស​ចិន​នេះ​ទេ​។​
 
​ផ្ទុយទៅវិញ ការខាតបង់​អាចមាន​ច្រើន​ដល់​សេដ្ឋកិច្ចកម្ពុជា ដែល​នៅមាន​ឱនភាព​ពាណិជ្ជកម្ម​បើ​ធៀប​ជាមួយ​ប្រទេសជិតខាង ហើយ​ជំនាញ​ពលករ​នៅមានកម្រិត​។​
 
​លោក ង៉ែត ជូ អ្នកស្រាវជ្រាវ​ខាង​សេដ្ឋកិច្ច​ប្រាប់ VOA ថា​៖
 
«​ដូច​យើង​បានឃើញ​ទាំងអស់គ្នា​ហើយ គឺ​យើង​មានតែ​ផលិតផល​កសិកម្ម​កែច្នៃ​មួយចំនួន ដូចជា​ស្រូវ​អង្ករ ហើយ​និង​កាត់ដេរ​ទេ ដែលជា​ផលិតផល ដែលមាន​ការកែច្នៃ របៀប​បច្ចេកវិទ្យា កម្រិត​ទាប​មែនទែន​។ អ៊ីចឹង បើ​យើង​ពិនិត្យមើល យើង​ចង់​...​ជំរុញ​ការផលិត​ដើម្បី​នាំចេញ​ទៅ​បណ្តា​ប្រទេស​ជា ជា​សមាជិក​កិច្ចព្រមព្រៀង RCEP​នេះ​គឺ យើង​ពិបាក​មែនទែន​»​។​
 
​កិច្ចព្រមព្រៀង RCEP​មានការ​ចូលរួម​ពី​ប្រទេស​ចំនួន​១៥ នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ កាលពី​ដើមឡើយ កិច្ចព្រមព្រៀង​នេះ​មាន​ប្រទេស​ចូលរួម​ចំនួន​១០​នៅក្នុង​សមាគម​អាស៊ាន ប្រទេស​អូស្ត្រាលី នូ​វែ​ល​សេ​ឡង់ ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា និង​ចិន​។​
 
​ប្រទេស​ឥណ្ឌា មិនទាន់​បញ្ជាក់​ពី​ឆន្ទៈ​របស់ខ្លួន​ក្នុងការ​ចូលរួម​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្មនេះ​ទេ​។​ប្រទេស​ឥណ្ឌា​នៅពេលនេះ កំពុង​តវ៉ា​ដើម្បី​ការពារ​ផលិតផល​កសិកម្ម និង​អាជីវកម្ម​ខ្នាតតូច​ក្នុងស្រុក​របស់ខ្លួន​មួយចំនួន ដែល​អាច​រង​ផលប៉ះពាល់​ប្រសិនបើ​ខ្លួន​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​RCEP​ដែល​ប្រទេស​ចិន​ជា​អ្នក​នាំមុខ​នោះ​។​
 
​លោក ង៉ែត ជូ អ្នកស្រាវជ្រាវ​ខាង​សេដ្ឋកិច្ច​កត់សម្គាល់​ទៀតថា កម្ពុជា​គឺ​ស្ថិតនៅ​ឆ្ងាយ​ពី​សមាជិក​នៃ​កិច្ចព្រមព្រៀង RCEP បើ​សម្លឹង​មកលើ​សមត្ថភាព​និង​ផលិតផល​ដែល​កម្ពុជា​អាច​ផលិត​បាន​។ លោក​បន្ថែមថា ភាពទន់ខ្សោយ​នៃ​ជំនាញ​ប្រើ​បច្ចេកវិទ្យា​ខ្ពស់ៗ និង​មិនទាន់​សម័យ​របស់​ក្រុម​ពលករ​កម្ពុជា​ក៏​ជា​ចំណែក​មួយ​ផងដែរ​។​
 
​អ្នកជំនាញ​ខាង​ស្រាវជ្រាវ​សេដ្ឋកិច្ច​រូបនេះ​អះអាងថា អ្វីដែល​កម្ពុជា​អាចធ្វើ​បាន​នៅពេលនេះ គឺ​ចាប់​ឲ្យ​ជាប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​កំពុងមាន​សុពលភាព ជាពិសេស​នោះ គឺ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប ក្រោម​កម្មវិធី​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ EBA​។​
 
​លោក​បញ្ជាក់ថា ទីផ្សារ​នៅ​អឺរ៉ុប​មាន​អំណោយផល​ល្អ​ដល់​ទំនិញ​កាត់ដេរ​កម្ពុជា ជាង ទីផ្សារ​នៅ​ប្រទេស​RCEP ដោយហេតុថា ប្រទេស RCEP​មួយចំនួន ដូចជា​ចិន ក៏​ផលិត​សម្លៀកបំពាក់​នាំទៅ​លក់​នៅ​ទីផ្សារ​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ផងដែរ​។​
 
«​សេណារីយោ [​ផែនការ​ចំពោះមុខ​] ល្អ​បំផុត គឺ​យើង​គួរតែ​រក្សា​ឲ្យ​បាន​នូវ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ដែល ដែល​យើង​បាន​ឆ្លើយតប​ស្រាប់​នូវ​តម្រូវការ​លក្ខខណ្ឌ ស្តង់ដារ​នៃ​ការផលិត​សម្លៀកបំពាក់​អី​ជាដើម​។ អ៊ីចឹង​វា​ប្រសើរ​ជាង​ទៅ​ទីផ្សារ​ថ្មី​សាឡាង​ដែល​យើង​មិនទាន់បាន​មើលឃើញ​ពី​សក្តានុពល ជា​ដុំកំភួន​»​។​
 
​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ឬ​ហៅថា GMAC ក៏​ទំនងជា​មិនសូវមាន​ជំនឿ​ទៅលើ​ទីផ្សារ​ថ្មី​នេះដែរ​សម្រាប់​ទំនិញ​កាត់ដេរ​ដែល​ផលិត​ចេញពី​ប្រទេស​កម្ពុជា​។ សមាគម​អ្នក​នាំចេញ​កាត់ដេរ បន្ត​បញ្ជាក់​ពី​ការចង់បាន​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ EBA ដើម្បី​ទ្រទ្រង់​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​។​
 
GMAC អះអាងថា គិត​ត្រឹម​ពាក់កណ្តាល​ឆ្នាំ​២០១៩ តម្លៃ​នៃ​ការនាំចេញ​ទៅកាន់​អឺរ៉ុប​បាន​ធ្លា​ក់មក​ត្រឹមតែ ៦០០​លាន​ដុល្លារ​អាមេរិក បើ​ធៀប​នឹង​ពាក់កណ្តាល​ឆ្នាំមុន​។ ការនាំចេញ​ផលិតផល​កម្ពុជា​ទៅ​សហភាព​អឺរ៉ុប​ក្នុង​មួយឆ្នាំៗ មានតម្លៃ​ជា​ទឹកប្រាក់​សរុប​ជាង​៥​ពាន់​លាន​ដុល្លារ​អាមេរិក​។​
 
​លោក ខេន លូ (Ken Loo) អ​គ្គេល​ខា​ធិ​ការ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ឬ​ហៅថា GMAC ប្រាប់​វី​អូ​អេ​ថា កម្ពុជា​នឹង​ប្រឈម​បញ្ហា​ខ្វះ​ការងារ​ធ្វើ​នៅ​ឆ្នាំ​២០២០ បើសិនជា​សហភាព​អឺរ៉ុប​សម្រេច​ផ្អាក ឬ​ដក​ឋានៈ​អនុគ្រោះ​ពន្ធ EBA ចេញពី​កម្ពុជា​មែន​នោះ​។​
 
​លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស បញ្ជាក់ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​រង់ចាំ​ការសម្រេច​របស់​គណៈកម្មកា​រ​អឺរ៉ុប​ដែល​ទទួលបន្ទុក​វាយតម្លៃ​ស្ថានភាព​កម្ពុជា និង​ការផ្តល់​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ EBA នេះ​។​
 
​នៅពេល VOA សួរ​អំពី​ការជំនួស​គ្នា​រវាង EBA និង RCEP ចំពោះ​កម្ពុជា លោក​បាន​ឲ្យ​ដឹងថា កម្ពុជា​ចង់បាន ការធ្វើ​ពាណិជ្ជកម្ម​ឲ្យ​កាន់តែ​ទូលាយ​ជាមួយ​បណ្តា​ប្រទេស​ផ្សេងទៀត​។​
 
«​អ្វីដែល​យើង​ចង់បាន គឺ​ចង់បាន​ធ្វើយ៉ាងណា ឲ្យ​កាន់តែ​ទូលំទូលាយ​។ យើង​នៅមាន EBA យើង​បាន​ចូលរួម​អនុវត្ត​នូវ​កិច្ចព្រមព្រៀង RCEP ហ្នឹង ហើយ​កិច្ចព្រមព្រៀង​ផ្សេងៗ​ទៀត គឺជា​ការល្អ​ហើយ​សម្រាប់​ប្រទេស​ខ្មែរ​យើង​»​។​
 
​ក្រុម​អ្នកការពារ​សិទ្ធិ​កម្មករ​នៅ​ប្រទេស​កម្ពុជា បានបញ្ជាក់​ឲ្យ​ដឹង​កាលពីពេល​កន្លងមក​ថា ក្រុមការងារ​របស់​ស​ហ​ភាព​អឺរ៉ុប​មួយ​នឹង​ចេញ​របាយការណ៍​នៃ​ការរកឃើញ​របស់ខ្លួន​អំពី​បច្ចុប្បន្នភាព​របស់ កម្ពុជា ក្រោម​ក្របខ័ណ្ឌ EBA​នេះ នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខ ហើយ​របាយការណ៍​នេះ​នឹងត្រូវ​បញ្ជូន​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ឆ្លើយតប​។​
 
​រដ្ឋាភិបាល​កម្ពុជា​នឹងមាន​ពេល​បី​ខែ​ដើម្បី​ឆ្លើយតប និង​របាយការណ៍​នេះ និង​ពេលវេលា​បន្ថែមទៀត​សម្រាប់​ការសន្ទនា​អំពី​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ដដែល​នេះ នៅ​មុនពេល​សហគមន៍​អឺរ៉ុប ចេញ​សេចក្តីសម្រេច​ចុងក្រោយ​នៅ​ខែកុម្ភៈ​ឆ្នាំ​២០២០​ថា នឹង​ចេញ​កាត​ក្រហម កម្ពុជា មិន​ឲ្យ​បន្ត​ទទួលបាន​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​នេះ​បន្តទៀត ឬក៏​យ៉ាងណា​នោះ​។​
 
​លោក ហ៊ុន សែន​បាន​ប្រឹងរក​ខែល​ការពារ​ពី​ប្រទេស​នៅ​អឺរ៉ុប​ខាងកើត​ចំនួន​បី​រួមមាន​សាធារណរដ្ឋ​ឆែក ហុង​គ្រី និង​ប៊ុលហ្គារី ដើម្បី​ជួយ​ទប់​មិន​ឲ្យ​សហភាព​អឺរ៉ុប​ដក​កម្ពុជា​ចេញពី​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​នេះ​។​
 
​ទោះយ៉ាងណា ក្រុម​អ្នកការពារ​សិទ្ធិ​កម្មករ​នៅ​កម្ពុជា ជឿថា ទឹកមាត់​មេដឹកនាំ​រដ្ឋាភិបាល​ប្រទេស​ទាំងបី​នេះ មិន​ប្រៃ​នោះទេ​។​
 
​ធនាគារពិភពលោក បានផ្តល់​អនុសាសន៍​មួយចំនួន​ដល់​កម្ពុជា ដោយបាន​លើកឡើងថា ដើម្បី​ឲ្យ​កម្ពុជា អាច​ទប់​ទល់នឹង​ស្ថានភាព​លំបាក​ក្នុងករណី​មានការ​បាត់បង់​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ EBA នោះ ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ គួរតែ​ពិចារណា​លើ​ការកែទម្រង់​ដែល​អាចធ្វើ​ឲ្យ​បរិយាកាស​ធ្វើ​ជំនួញ​មាន​ភាពប្រសើរឡើង​។ ហើយ​កម្ពុជា​ត្រូវ​បង្កើន​សមត្ថភាព ក្នុងការ​ប្រកួតប្រជែង​នៅក្រៅ​ប្រទេស តាមរយៈ​ការលើកកម្ពស់​ផលិតភាព​។​
 
​យ៉ាងហោចណាស់ ប្រជាពលរដ្ឋ​ជាង​ពីរលាន​នាក់​នឹងត្រូវ​រង​ផលប៉ះពាល់ បើសិនជា​សហភាព​អឺរ៉ុប​សម្រេច​ផ្អាក ឬ​ដក​ឋានៈ​អនុគ្រោះ​ពន្ធ​។ វិស័យ​កាត់ដេរ​បានផ្តល់​ការងារ​យ៉ាងហោចណាស់​ចំនួន​៧​សែន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​ស្ត្រី​។​
 
​រដ្ឋាភិបាល​កម្ពុជា​បាន​ព្យាករណ៍​ថា វិស័យ​កាត់ដេរ​នឹង​ធ្លាក់ចុះ​ពី​៧,១​ភាគរយ​ទៅ​៣,៥​ភាគរយ​នៅក្នុង​ឆ្នាំ​២០២០​។​
 
​យោងតាម​ការវាយតម្លៃ​របស់​ធនាគារពិភពលោក​កាលពី​ខែឧសភា កម្ពុជា​អាច​នឹង​ខាតបង់​ទឹកប្រាក់​យ៉ាងហោចណាស់​ចន្លោះ​ពី ៥០០​លាន​ដុល្លារ​អាមេរិក​ទៅ​ជាង ៦០០ លាន​ដុល្លារ​អាមេរិក ក្នុង​មួយឆ្នាំ ប្រសិនបើ​សហភាព​អឺរ៉ុប​សម្រេច​ព្យួរ​ការអនុគ្រោះ​ពន្ធ EBA ដល់​កម្ពុជា​នោះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com