លោក ថោង សារ៉ាត់ និង​បក្ខពួក​៣​នាក់ ត្រូវបាន​តុលាការ​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​
ជាតិ
សេដ្ឋកិច្ច
លោក ថោង សារ៉ាត់ និង​បក្ខពួក​៣​នាក់ ត្រូវបាន​តុលាការ​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​
07, Nov 2019 , 10:39 am        
រូបភាព
​ភ្នំពេញ​៖ សាលាឧទ្ធរណ៍​សម្រេច​ដោះលែង​លោក ថោង សារ៉ាត់ និង​បក្ខពួក​៣​នាក់​ទៀត ឱ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ប៉ុន្តែ​ត្រូវ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​។ ចំណែក ឈ្មោះ សៀង វាសនា ដែលជា​ជនដៃដល់​បន្ត​ស្ថិតនៅក្នុង​ឃុំ​ដដែល​។ នេះ​បើតាម​ការប្រកាស​របស់​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

 
​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍ បាន​បញ្ជក់​ថា ការដោះលែង​លោក ថោង សារ៉ាត់ ,​លោក ហួយ ចាន់ថុល ,​លោក មាស សម្បត្តិ ហៅ ទូច និង លោក ឃុន ចិ​ត្រា ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​នេះ ត្រូវបាន​ជំនួស​ដោយ​ការដាក់​ឲ្យ​ជនជាប់ចោទ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ តាម​លក្ខខណ្ឌ​៤​ចំណុច​រួមមាន ជនជាប់ចោទ​មិនត្រូវ​ចាក​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មិនមាន​ការអនុញ្ញាត​ពី​តុលាការ​, ហាម​ផ្លាស់ប្តូរ​លំនៅដ្ឋាន​, ជនជាប់ចោទ​ត្រូវ​បង្ហាញខ្លួន​នៅ​ការិយាល័យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​រៀងរាល់​សប្តាហ៍​ទី​១ រៀងរាល់ខែ និង​ចុងក្រោយ ត្រូវ​ចូល​បង្ហាញខ្លួន​តាម​ការ​កោះហៅ​របស់​តុលាការ ឬ អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​ចាត់តាំង​ដោយ​តុលាការ ។​
 
«​ការសម្រេច​របស់​សាលាឧទ្ធរណ៍​បែបនេះ ដោយ​ផ្អែកទៅលើ​មាត្រា ៣៨ នៃ​រដ្ឋធម្មនុញ្ញ មាត្រា ២០០៣ មាត្រា ២០៥ មាត្រា ២២០ មាត្រា ២២៣ មាត្រា ២២៦ មាត្រា ៣០៧ មាត្រា ៣៨៧ មាត្រា ៣៩៦​នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍​។​
 
​កន្លងមក​ក្រុមប្រឹក្សា​ជំនុំជម្រះ បាន​បើកសវនាការ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​នេះ អស់​រយៈពេល​៥​លើក​ហើយ ដែលមាន​ជនជាប់ចោទ ថោង សារ៉ាត់ , សៀង វាសនា , កួយ ចាន់ថុល ,​មាស សម្បត្តិ ហៅ ទូច និង ឃុន ចិ​ត្រា ដែល​ត្រូវបាន​ជាប់ចោទ​ពីបទ ផ្តើមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន តាម​មាត្រា​២៨, មាត្រា ២០០ នៃ​ក្រមព្រហ្មទណ្ឌ​, អំពើ​ឃាតកម្ម​គិតទុក​ជាមុន តាម​បញ្ញត្តិ​មាត្រា ២០០ នៃ​ក្រមព្រហ្មទណ្ឌ ,​សមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន តាម​បញ្ញត្តិ​មាត្រា ២៩ មាត្រា ២០០ នៃ​ក្រមព្រហ្មទណ្ឌ​។​
 
«​ក្រោយពី​បាន​ពិនិត្យ​សំណុំរឿង និង​លទ្ធផល​នៃ​ការ​សួរ​តទល់​នាពេល​សវនាការ និង​ភស្តុតាង ក្រុមប្រឹក្សា​ជំនុំជម្រះ​យល់ថា មាន​ភាពចាំបាច់​ត្រូវធ្វើ​ការអង្កេត​បន្ថែម ដើម្បី​ជា​ប្រយោជន៍​យុត្តិធម៌​នៃ​សំណុំរឿង និង​បានសម្រេច​ចាត់​របៀប​ស៊ើបអង្កេត ហើយ​ក្នុងអំឡុងពេល​នៃ​កិច្ច​ស៊ើបអង្កេត​នេះ មេធាវី​ការពារ​ក្តី​របស់​ជនជាប់ចោទ​០៤​រូប បានដាក់​ពាក្យសុំ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន និង​មានការ​បញ្ជាក់​ពី​មូលហេតុ​ជា​អំណះអំណាង​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍ ដែល​បាន​ពន្យល់ថា ការបើក​ការ​ស៊ើបសួរ​បន្ថែម អាច​ត្រូវការ​រយៈពេល​យូរ​ទៀត ដោយសារ​សំណុំ​រឿងនេះ​មាន​លក្ខណៈ​ស្មុ​គ្រ​ស្មាញ ព្រម​ជាមួយគ្នានេះ​កម្រិត​នៃ​ភស្តុតាង​ទាក់ទង​នឹង​ជនជាប់ចោទ ដែល​បានដាក់​ពាក្យសុំ​នៅមានកម្រិត ។​
 
​កាលពី​ថ្ងៃទី​២៦ មីនា ឆ្នាំ​២០១៩ តុលាការ​រាជធានី​ភ្នំពេញ បានប្រកាស​សាលក្រម​សម្រេច​ឲ្យ​លោក ថោង សារ៉ាត់ និង​គ្នីគ្នា​៤​នាក់​ទៀត ដែល​ជាប់​ពាក់ព័ន្ធ​ករណី​បាញ់សម្លាប់​ឧកញ៉ា  អ៊ឹង ម៉េង​ជឺ កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៤ នោះ ជាប់ពន្ធនាគារ​អស់​មួយជីវិត​។ មនុស្ស​៤​នាក់​ទៀត គឺ ឈ្មោះ សៀង វាសនា ឈ្មោះ កូយ ចាន់ថុល ឈ្មោះ ឈុន ចិ​ត្រា និង ឈ្មោះ លី សៅ​។ ជនជាប់ចោទ​ឈ្មោះ លី សៅ បានទទួល​មរណភាព​ហើយ​។ អ្នក​ទាំង​៤​នោះ គឺជា​អង្គរក្ស​របស់លោក ថោង សារ៉ាត់ ដែល​ធ្លាប់មាន​ងារ​ជា​ឧកញ៉ា និង​ជា​យោធា​ពាក់​ផ្កាយ​ពីរ​៕ 
 

Tag:
 ថោង សារ៉ាត់​
  អ៊ឹង ម៉េង​ជឺ​
  សេដ្ឋកិច្ច​
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com