ជាតិ
សេដ្ឋកិច្ច
អ្នកជំនួញ​ខ្មែរ​មាន​សុទិដ្ឋិនិយម​ចំពោះ​ការទាក់ទាញ​វិនិយោគិន​អាមេរិក​
07, Nov 2019 , 8:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ធុរជន​កម្ពុជា​ជាច្រើនរូប​បាន​ចូលរួម​ក្នុង​វេទិកា​ធុរកិច្ច​ឥណ្ឌូ​ប៉ាស៊ីហ្វិក ដែល​ធ្វើឡើង​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី​៤​ខែវិច្ឆិកា​។ នេះ​ជា​វេទិកា​ដែល​ផ្ដោត​សំខាន់​លើ​ចំណង ពាណិជ្ជកម្ម វិនិយោគ ទៅវិញទៅមក​ក្នុងចំណោម​ប្រទេស​ក្នុង​តំបន់​ដែលមាន ២៤​ប្រទេស​។ អាមេរិក គឺជា​តួអង្គ​សំខាន់​ក្នុង​តំបន់​នេះ ដែល​បណ្ដា​ប្រទេស​នានា​ស្រវា​ចាប់យក​ធ្វើជា​ដៃគូ​ពង្រីក​ការវិនិយោគ​ជាមួយ​។​


 
​បើ​និយាយ​ពី​ចំណង​ធុរកិច្ច​អាមេរិក និង​កម្ពុជា​វិញ អាមេរិក​គឺជា​អ្នកទិញ​ផលិតផល​ដ៏​ធំ​មួយ​របស់​កម្ពុជា ដូចជា​ផលិតផល​កាត់​ដែរ​ជាអាទិ៍ តែ​ការវិនិយោគ​របស់​អាមេរិក​នៅ​កម្ពុជា​នាពេល​កន្លងមក មាន​ទំហំ​ស្ដួចស្ដើង​នៅឡើយ​។ របាយការណ៍​ផ្លូវការ​ពី​រដ្ឋាភិបាល​អាមេរិក​មួយ​បង្ហាញថា កម្ពុជា​និង​អាមេរិក​មាន​ទំហំ​ជួញដូរ​ពាណិជ្ជកម្ម​ចំនួន ៤,៣​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៨​។ របាយការណ៍​ក៏បាន​បង្ហាញថា ការវិនិយោគ​ផ្ទា​ល់ពី​អាមេរិក​មក​កម្ពុជា គិត​ត្រឹម​ឆ្នាំ​២០១៧ មាន​ទំហំ​ត្រឹម ១៥១​លាន​ដុល្លារ​ប៉ុណ្ណោះ​។  
 
​ទោះបី​ការបោះ​ទុន​របស់​វិនិយោគិន​អាមេរិក​នៅ​កម្ពុ​ជាមាន​ទំហំ​តូច​នៅឡើយ តែ​ធុរជន​កម្ពុជា​ដែល​បាន​ចូលរួម​ក្នុង​វេទិកា​ខាងលើនេះ មាន​សុទិដ្ឋិនិយម​ចំពោះ​ការទាក់ទាញ​វិនិយោគ​ពី​មហាអំណាច​សេដ្ឋកិច្ច​ទី​១​ពិភពលោក​នេះ​។ 
 
​លោក សៀ រិទ្ធី អគ្គនាយក​ក្រុមហ៊ុន WorldBridge Group ឲ្យ​ដឹងថា ការចូលរួម​ក្នុង​វេទិកា​នេះ សំខាន់​គឺ​ធ្វើ​ឲ្យ​ពាណិជ្ជករ​កម្ពុជា​ទទួល​បាន​ព័ត៌មាន​អំពី​របៀបរបប​ដែល​តំបន់​មួយ​នេះ​។ លោក​ប្រាប់​អ្នកកាសែត​យ៉ាង​ដូច្នេះ​ថា​៖«​ក្នុង​វេទិកា​នេះ​គឺ​ផ្ដោតទៅលើ​សេដ្ឋកិច្ច​ឌីជីថល ហេដ្ឋារចនាសម្ព័ន្ធ និង​ថាមពល ហើយ​ផ្នែក​ទាំងបី​នេះ​គឺជា​តម្រូវ​នៅ​កម្ពុជា​ផងដែរ អ៊ីចឹង​ប្រតិភូ​កម្ពុជា​យើង​មក​ទីនេះ យើង​ចង់ដឹងថា​តំបន់​នេះ គេ​សិក្សា​ពីអ្វី គេ​ចង់​ធ្វើ​បែប​ម៉េច ដើម្បី​យើង​រៀនសូត្រ​ពី​គេ បង្កើត​ទំនាក់ទំនង​ជាមួយ​គេ ដើម្បី​ទាញ​វិនិយោគ​ទាំងនោះ​ចាប់​ដៃគូ​ជាមួយ​យើង​នៅ​ប្រទេស​កម្ពុជា​យើង​»​។ លោក​បន្តថា​៖«​ដើម្បី​យើង​ចាប់​ដៃគូ​ជាមួយ​គេ​បាន សំខាន់​គឺ​ការបើក​ច្រក​។ វេទិកា​នេះ​ជា​ឱកាស​នៃ​ការបើក​ច្រក​មួយ ដូចនេះ​ប្រតិភូ​ដែល​មក មិនមែន​ទៅវិញ​នាំគ្នា​បំភ្លេចចោល​នោះទេ យើង​ត្រូវ​ចេះ​សរសេរ​អ៊ីម៉េល​ទំនាក់ទំនង​គេ ថា​យើង​ចង់បាន​អ្វី​ពី​គេ​។ បន្ថែម​ពីនេះ​នៅ​ប្រទេស​កម្ពុជា​យើង​គួរ​មានកម្ម​វិធី​ជួប​អ្នកវិនិយោគ​អាមេរិក​ឲ្យ​បាន​ច្រើន​»​។​
 
​លោក សៀ រិទ្ធី អះអាងថា តាមរយៈ​វេទិកា​នេះ រូបលោក​ផ្ទាល់​បាន​ស្វែងរក​ដៃគូ​ក្រុមហ៊ុន​អាមេរិក​ដើម្បី​ចាប់ដៃគ្នា​វិនិយោគ​។ លោក​មានប្រសាសន៍​ដូចនេះ​ថា​៖«​ខ្ញុំ​មកនេះ ខ្ញុំ​មាន​គោលដៅ​រួចទៅហើយ ខ្ញុំ​មាន​ទំនាក់ទំនង​មួយ ដែល​អាចឈាន​ដល់​ចុះ​កិច្ច​ព្រម​ព្រម​សហការ​ជាមួយគ្នា​ទៀតផង​»​។​
 
​បើតាម​លោក សៀ រិទ្ធី កម្ពុជា​នាពេល​បច្ចុប្បន្ន មាន​ក្រុមហ៊ុន​មួយចំនួន​កំពុង​បោះជំហាន​ល្អ​ទាក់ទង​នឹង​អភិបាលកិច្ច ឬ​ស្ដង់ដារ​នានា ដែល​ស័ក្ដិសម​នឹង​ទទួលបាន​កិច្ចសហការ​វិនិយោគ​ពី​ក្រៅប្រទេស​។ ខ្ញុំ​ឃើញ​បច្ចុប្បន្ននេះ​ក្រុមហ៊ុន​មួយចំនួន​កំពុង​កែប្រែ​រចនាសម្ព័ន​ក្រុមហ៊ុន​របស់ខ្លួន ដើម្បី​អភិវឌ្ឍន៍​ខ្លួន​អាច​ចាប់​ដៃគូ​សហការ​ជា​ក្រុមហ៊ុន​ក្រៅ​ស្រុក​បាន​»​។​
 
​លោក ម៉េង ហៀ​ង នាយក​ក្រុមហ៊ុន Monument Book ដែល​ចូលរួម​ក្នុង​វេទិកា​ធុរកិច្ច​នេះដែរ ក៏បាន​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ការវិនិយោគ​ពី​អាមេរិក និង​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​នេះ​។ លោក​ថ្លែង​ដូច្នេះ​ថា​៖«​មក​ទីនេះ​ខ្ញុំ​បាន​ជួប​មនុស្ស​ច្រើន ហើយក៏​បាន​ជជែក​ការងារ​មួយចំនួនធំ​ជាមួយ​គេ បើទោះបី​យើង​មិន​និយាយ​លម្អិត​ជាមួយ​គេ តែ​មនុស្ស​ដែល​យើង​បាន​ជួប​គឺ​សុទ្ធតែ​ចាប់អារម្មណ៍​ទៅនឹង​ប្រទេស​យើង​»​។​
 
​គួរបញ្ជាក់ នាឱកាស​វេទិកា​ធុរកិច្ច​ឥណ្ឌូ​ប៉ាស៊ីហ្វិក​នេះ ប្រតិភូ​កម្ពុជា ព្រមទាំង​ប្រតិ​ភូមី​យ៉ាន​ម៉ា និង​ឡាវ បាន​ជួបពិភាក្សា​ជាមួយ​លោក Keith Krach អនុរដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​សេដ្ឋកិច្ច ថាមពល និង​បរិស្ថាន​។ លោក ម៉េង ហៀ​ង ដែល​ស្ថិតក្នុង​កិច្ចប្រជុំ​នេះដែរ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​៖«​តាមពិត​ពេលវេលា​ខ្លី យើង​អត់​បាន​សួរ​អ្វី​ច្រើន​ទេ ដោយសារ​មី​យ៉ាន់​ម៉ា និង​ឡាវ បាន​យក​ពេលវេលា​អស់ហើយ​។ ប៉ុន្តែ​លោក Keith Krach ក្នុងនាម​គាត់​មាន​តួនាទី​ធំ ហើយ​គាត់​ក៏បាន​ទាក់ទង​ធនាគារ​និ​ហ​រ័​ណ​អាហរ័ណ​អាមេរិក និង​សាជីវកម្ម​វិនិយោគឯកជន​អាមេរិក Opic ដែលជា​ស្ថាប័ន​ជួយ​សម្របសម្រួល​ថវិកា​វិនិយោគ​។ គាត់​មក​ក៏​ដើម្បី​ភ្ជាប់​អ្នកវិនិយោគ​ខ្មែរ និង​អ្នកវិនិយោគ​អា​មេ​រិ​»​។​
 
​តែ​ទន្ទឹមនឹង​សុទិដ្ឋិនិយម​របស់​អ្នកជំនួញ​មួយចំនួន​ក្នុងការ​ទាក់ទាញ​វិនិយោគ​អាមេរិក កម្ពុជា​ក៏​ប្រឈម​នឹង​ការគិត​ពិចារណា​ខ្លាំង​របស់​បណ្ដា​វិនិយោគិន​ទាំងនោះ​មុននឹង​សម្រេចចិត្ត​វិនិយោគ​។ មន្ត្រី​ជាន់​របស់​អាមេរិក​តែង​លើក​ឡើងជា​រើ​យៗ​ពី​បរិយាកាស​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា​ដែល​ទាមទារ​ការកែលម្អ​បន្ថែម ដើម្បី​អាច​ទាក់ទាញ​អ្នកវិនិយោគ​អាមេរិក ខណៈ​កម្ពុជា​បន្ត​មាន​ចំណាត់ថ្នាក់​មិនល្អ​នៅឡើយ​ក្នុង​តារាង​ស្ដីពី​ការសម្រួល​ធ្វើ​ធុរកិច្ច របស់​ធនាគារពិភពលោក​។ 
 
​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក W. Patrick Murphy ក៏​ជំរុញ​ឲ្យ​កម្ពុជា​យកចិត្តទុកដាក់​លើ​បញ្ហា​បរិយាកាស​រកស៊ី​នេះ​ផងដែរ​។ លោក​បាន​ថ្លែងប្រាប់​អ្នកកាសែត​កម្ពុជា នាឱកាស​ដែល​លោក​ដឹកនាំ​ប្រតិភូ​កម្ពុជា​ចូលរួម​ក្នុង​វេទិកា​ធុរកិច្ច​នេះ យ៉ាង​ដូច្នេះ​ថា​៖«​កម្ពុជា​កំពុង​ធ្វើ​ឲ្យ​ប្រសើរ​នូវ​បរិយាកាស​ធុរកិច្ច ប៉ុន្តែ​នៅមាន​ចន្លោះ​សម្រាប់​ការកែលម្អ​បន្ថែមទៀត​។ បើ​យើង​ក្រឡេកមើល​ស​ន្ទ​ស្សន៍​វាស់វែង​ភាពងាយស្រួល​ក្នុងការ​ធ្វើ​ធុរកិច្ច កម្ពុ​ជាមាន​ពិន្ទុ​មិនសូវ​ខ្ពស់​ទេ ដូច្នេះ​ចាំបាច់​ត្រូវ​កែលម្អ​លើ​ជំហាន​មួយចំនួន ដើម្បី​បើក​ឲ្យ​ក្រុមហ៊ុន​ចូលរួម​, កែលម្អ​ការផ្គត់ផ្គង់​ថាមពល កាត់​បន្ថយថ្លៃ​អគ្គិសនី ហើយ​កម្ពុជា​ត្រូវ​ចាត់វិធានការ​ដើម្បី​ដោះស្រាយ​បញ្ហា​អំពើពុករលួយ​»​។ 


 លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា 
 
​លោក Patrick Murphy អះអាងថា ក្រុមហ៊ុន​អាមេរិក​មាន​ស្ដង់ដារ​រកស៊ី​ខ្ពស់ និង​ហុច​ផលប្រយោជន៍​ដល់​ប្រជាជន​។ លោក​គូសបញ្ជាក់​ដូច្នេះ​ថា​៖«​ក្រុមហ៊ុន​អាមេរិក​ចង់​មករក​ស៊ី ហើយ​ពេលដែល​ពួកគេ​ចូលមក ពួកគេ​នាំមក​នូវ​ស្តង់ដារ​រកស៊ី​ខ្ពស់ ដូច្នេះ​វា​នឹង​ជួយ​ដល់​ប្រជាជន​កម្ពុជា ជាមួយនឹង​ការខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគេ ដូចជា តម្លាភាព ការប្រឆាំង​អំពើពុករលួយ ការគិតគូរ​ខ្ពស់​អំពី​បរិស្ថាន និង​សកម្មភាព​ទំនួល​ខុសត្រូវ​សង្គម​«​។ លោក​បន្ត​បែបនេះ​ទៀតថា​៖«​ក្រុមហ៊ុន​អាមេរិក​ធ្វើការ​ជាមួយ​សហគមន៍​មូលដ្ឋាន ជ្រើសរើស​បុគ្គលិក​ខ្មែរ​ឲ្យ​ធ្វើការ​, បង្កើត​បរិយាកាស​ការ​ងារ​ដែលមាន​សុវត្ថិភាព​និង​មាន​ប្រាក់ខែ​ខ្ពស់​។ ដូច្នេះ ការទាក់ទាញ​ក្រុមហ៊ុន​អាមេរិក​ឲ្យ​មករក​ស៊ី គឺ​ពិតជា​ប្រយោជន៍​ដ៏​ធំ​។ ប៉ុន្តែ កម្ពុជា​ត្រូវ​ប្រឹងប្រែង​បន្ថែម​ដើម្បី​កែលម្អ​បរិយាកាស​ធុរកិច្ច​»៕

Tag:
 W. Patrick Murphy
  ទូត​អាមេរិក​
  វិនិយោគ
© រក្សាសិទ្ធិដោយ thmeythmey.com