ជាតិ
សេដ្ឋកិច្ច
ធនាគារពិភពលោក​៖ សេដ្ឋកិច្ចកម្ពុជា​នៅតែ​ស្វាហាប់ តែ​សូម​មើល​ហានិភ័យ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​
28, Nov 2019 , 9:55 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សេដ្ឋកិច្ចកម្ពុជា​នៅតែមាន​ភាពស្វាហាប់ ក៏​ព្រោះ​សកម្មភាព​រឹងប៉ឹង​ក្នុងការ​នាំចេញ និង​តម្រូវការ​ក្នុងស្រុក​ខ្លាំង​។ តែបើ​និយាយ​ពី​កំណើន គឺ​ថយ​ល្បឿន​បន្តិច ដែល​ក្នុង​ឆ្នាំ​២០១៩​នៅត្រឹម​អត្រា ៧​ភាគរយ ធៀប​នឹង ៧,៥​ភាគរយ​ក្នុង​ឆ្នាំ​២០១៨ ។ ហើយ​សម្រាប់​ឆ្នាំ​២០២០ កំណើនសេដ្ឋកិច្ច​ត្រូវ​ព្យាករ​ថា​នឹង​ចុះ​បន្តិចទៀត​គឺ​នៅត្រឹម​៦,៨​ភាគរយ​។ នេះ​បើតាម​របាយការណ៍​បច្ចុប្បន្ន​ភាព​ចុងក្រោយ​ដែល​ចេញផ្សាយ​ដោយ​ធនាគារពិភពលោក នៅ​ថ្ងៃទី​២៧​ខែវិច្ឆិកា​នេះ​។​

 
​ការនាំចេញ​ផលិតផល​សម្លៀកបំពាក់ និង​ស្បែកជើង ដែលមាន​ទំហំ​ប្រហែល ៧០​ភាគរយ​នៃ​ទំនិញ​នាំចេញ​គ្រប់មុខ បាន​កើន​ចំនួន ១៧,៧​ភាគរយ ក្នុង​ឆ្នាំ​២០១៨ ប៉ុន្តែ​ស្រុតចុះ​បន្តិច​វិញ​មក​នៅត្រឹម​១៥,៣​ភាគរយ គិត​ត្រឹម​ខែមិថុនា ឆ្នាំ​២០១៩​។ វិស័យ​សំណង់​នៅ​បន្តសកម្មភាព​គគ្រឹកគគ្រេង ដែល​ឆ្លុះបញ្ចាំង​ឱ្យឃើញថា​មិនទាន់មាន​ភាព​នឿយណាយ​នៃ​ការវិនិយោគ​លើ​វិស័យនេះ​នៅឡើយ​ទេ​។ ជា​លទ្ធផល ការនាំ​ចូល​ដែក​សំណង់​បាន​ស្ទុះ​ឡើង​យ៉ាងគំហុក ដល់​ទៅ​៦៣,៥​ភាគរយ គិត​ត្រឹម​ខែមិថុនា ឆ្នាំ​២០១៩ ពី ២៧,៧​ភាគរយ ក្នុង​ឆ្នាំ​២០១៨​។ 
 
​ជាមួយគ្នានេះដែរ ហានិភ័យ​បន្ត​កើនឡើង​សម្រាប់​វិស័យ​ហិរញ្ញវត្ថុ ដោយសារ​តែមាន​ការពា​ក់​ព័ន្ធ​ច្រើន​ជាមួយ​វិស័យ​សំណង់ និង​អ​លន​ទ្រព្យ អមដោយ​ការ​ពូ​នគរ​របស់​បំណុល​ផង  ដែល​ក្នុងនោះ​ទំហំ​នៃ​ការខ្ចី​បុល​សរុប​រួមគ្នា​ពី​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ មាន ១០៣​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប(GDP)​។  គួរ​បញ្ជាក់ថា កំណើន​ឥណទាន​កើន​ដល់ ២៨,៣ ភាគរយ​ត្រឹម​ខែមិថុនា​ឆ្នាំ​២០១៩ ធៀប​នឹង​២៤,២​ភាគរយ​នៅ​ឆ្នាំ​២០១៨ និង​១៩,៦​ភាគរយ​ឆ្នាំ​២០១៧​។ វិស័យ​សំណង់ និង​អចលនទ្រព្យ​ទទួលបាន​ចំណែក​ឥណទាន​ធំជាងគេ គឺ ២៩,៥​ភាគរយ​នៃ​ទំហំ​ឥណទាន​សរុប​របស់​ធ​នាគារ ២១,៩​ពាន់​លាន​ដុល្លារ ត្រឹម​ខែមិថុនា​ឆ្នាំនេះ​។​ ឥណទានរបស់កម្ពុជាធៀបនឹងGDP មានកម្រិតខ្ពស់ជាងប្រទេសសេដ្ឋកិច្ចធំៗក្នុងតំបន់មួយចំនួនទៅទៀត ដូចជាប្រទេសឥណ្ឌា ឥណ្ឌូណេស៊ី ប៉ាគីស្ថាន ជាដើម។


 
​របាយការណ៍​ឲ្យ​ដឹងថា មុន​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ​២០០៨ ចំណែក​ឥណទាន​របស់​វិស័យ​សំណង់ និង​អចលនទ្រព្យ កើន​ខ្ពស់បំផុត​ត្រឹម ២២,៨​ភាគរយ ពេលដែល​វិស័យ​សំណង់​នេះ​បាន​ផ្ទុះ​បែក​។ ដោយឡែក ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​២០១៩​នេះ ឥណទាន​សរុប​បញ្ចូល​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​មាន​ចំនួន​៦,៤៥​ពាន់​លាន​ដុល្លារ ក្នុង​កំណើន​៣៨,៩​ភាគរយ​របស់​វិស័យ​ធនាគារ​។  ទាក់ទង​នឹង​វិស័យ​អចលនទ្រព្យ​នេះដែរ លោក លី សូ​ដេ​ត អ្នកសេដ្ឋកិច្ច​ជាន់ខ្ពស់​របស់​ធនាគារ​ពិភពលោក អះអាងថា វិស័យនេះ​តែងមាន​វដ្ដ​របស់​វា​ដែល​ឡើង​ហើយ​ត្រូវ​ចុះមក​វិញ​។ លោក​មិនអាច​បញ្ជាក់បាន​ឲ្យ​ចំ​ថា​ពេលណា​ដែល​វិស័យនេះ​ត្រូវ​ចុះមក​វិញ​នោះទេ តែ​លោក​បាន​សង្កេត​ថា​វិស័យនេះ​បាន​ឡើង​ខ្លាំង​ជាច្រើន​ឆ្នាំ​មកហើយ​។​
 
​ក្រៅពី​ហា​និ​ភ័យវិស័យ​ហិរញ្ញវត្ថុ លទ្ធភាព​នៃ​ការដកចេញ​ភាពអនុគ្រោះ​ពាណិជ្ជកម្ម​ក្រោម​ប្រព័ន្ធ «​គ្រប់​មុខទំនិញ​ទាំងអស់​លើកលែង​គ្រឿង​សព្វាវុធ​» (Everything But Arms/EBA) និង​ការធ្លាក់ចុះ​យ៉ាងគំហុក​ណាមួយ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន (​ដែល​អាច​នឹង​កើតមាន​មកពី​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ចិន​) អាច​បង្ក​ផល​ប៉ះទង្គិច​យ៉ាងខ្លាំង​ទៅលើ​ទស្សនវិស័យ​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា​ផងដែរ​។ 


 
​ដើម្បី​ពង្រឹងសមត្ថភាព​ប្រកួតប្រជែង​ក្រៅប្រទេស ថ្មីៗ​នេះ អាជ្ញាធរ​កម្ពុជា​បាន​ដាក់ចេញ​វិធានការ​មួយចំនួន​សំដៅ​ជួយ​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម ដោយ​បន្ទាប​ថ្លៃ​ចំណាយ​លើ​ការដឹកជញ្ជូន​, កាត់បន្ថយ​ការិយាធិបតេយ្យ​, និង​ជួយ​ដល់​ធុរកិច្ច​ដោយ​កាត់បន្ថយ​ថ្ងៃ​ឈប់សម្រាក​ផ្លូវការ​ចំនួន​៦​ថ្ងៃ នៅក្នុង​ឆ្នាំ​២០២០​។ របាយការណ៍​ខាងលើនេះ​បាន​ឲ្យ​ដឹង​ទៀតថា បន្ថែម​លើ​នេះ វិធានការ​កញ្ចប់​ហិរញ្ញវត្ថុ​ធំ​គួរសម​មួយ​សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ច​ដោយ​ប្រើ​ប្រាក់​សន្សំ​របស់​រដ្ឋ នឹង​អាច​ត្រូវបាន​ដាក់ចេញ​នៅក្នុង​ឆ្នាំ​២០២០ ដើម្បី​ជួយ​សម្រាល​ផល​ប៉ះទង្គិច​អវិជ្ជមាន​ដែល​បណ្តាលមកពី​ការដក EBA ប្រសិនបើ​វា​នឹង​កើតឡើង​មែន​។​
 
​របាយការណ៍​នេះ​ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា ការចូលរួម​របស់​ក​ម្ពុ​ជា​នៅក្នុង​សេដ្ឋកិច្ច​សាកល​តាមរយៈ​ខ្សែចង្វាក់​តម្លៃ​សាកល (GVCs) មាន​សន្ទុះ​លឿន​ជាង​ប្រទេស​ប្រហាក់ប្រហែលគ្នា​ផ្សេងៗ​ទៀត ទោះបីជា​ការចូលរួម​នោះ​ចាប់ផ្តើម​ពី​មូលដ្ឋានទាប​ក៏ដោយ​។ ការហូរចូល​នៃ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស (FDI), ភាពសម្បូរ​នៃ​ពលកម្ម​មាន​ជំនាញ​ទាប​និង​ពលកម្ម​មាន​ប្រាក់​ឈ្នួល​ទាប​, និង​លទ្ធភាព​ទទួលបាន​ភាព​អនុគ្រោះ​នាំ​ទំនិញ​ចេញទៅ​កាន់​ទីផ្សារ​ធំៗ សុទ្ធតែជា​កត្តា​នៅ​ពីក្រោយ​ការជំរុញ​សមាហរណកម្ម​យ៉ាង​លឿន​របស់​កម្ពុជា​ចូលទៅក្នុង​ខ្សែចង្វាក់​តម្លៃ​សាកល នៅតាម​ផ្នែក​ផលិតកម្ម​មួយចំនួន​។ 
 
​លោកស្រី អ៊ិន​ហ្គូ​ណា ដូ​ប្រា​ចា ប្រធាន​គ្រប់គ្រង​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា មានប្រសាសន៍ថា​៖«​ដើម្បី​ឈានឡើង​ទៅកាន់​ដំណាក់កាល​មួយទៀត​នៃ​ការចូលរួម​ក្នុង​ខ្សែចង្វាក់​តម្លៃ​សាកល​បាន ប្រទេស​កម្ពុជា​ចាំបាច់​ត្រូវតែមាន​ល្បាយ​គោលនយោបាយ​កាន់តែ​ទំនើប​ជឿនលឿន​ច្រើន​ថែមទៀត​។ ក្នុងនោះ​រួមមាន ការពង្រីក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​និង​ធ្វើ​វា​ឱ្យ​កាន់តែ​ស៊ីជម្រៅ​, ការ​បន្ទាប​របារ​ពាណិជ្ជ​កម្ម​សម្រាប់​ទំនិញ​នាំចូល​, ការបន្ត​ធ្វើការ​កែលម្អ​គុណភាព​វិស័យ​អប់រំ​និង​ជំនាញ​របស់​កម្លាំង​ពលកម្ម​, និង​ការចាប់យក​សេដ្ឋកិច្ច​ឌីជីថល​ដើម្បី​ជួយ​បណ្តា​ក្រុមហ៊ុន​ឱ្យធ្វើ​សមាហរណកម្ម​ខ្លួន ទៅក្នុង​ខ្សែចង្វាក់​តម្លៃ​សាកល​»៕



Tag:
 ធនាគារពិភពលោក​
  កំណើនសេដ្ឋកិច្ច​
  វិស័យ​ហិរញ្ញវត្ថុ​
  អចលនទ្រព្យ​
© រក្សាសិទ្ធិដោយ thmeythmey.com