ភ្នំពេញ៖ កម្ពុជា អាចដាំអ្វីក៏បានដូចប្រទេសថៃ និងវៀតណាម ប៉ុន្តែលក់មិនដាច់ ព្រោះបន្លែក៏ដូចដំណាំផ្សេងៗដែលកម្ពុជាដាំមានតម្លៃថ្លែជាង ការនាំចូលពីប្រទេសជិតខាងទាំងនោះ។ នេះបើតាមការលើកឡើងរបស់ លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ដែលអះអាងថាដំណាំរបស់កម្ពុជា គឺមិនអាចប្រកួតប្រជែងតម្លៃ ជាមួយដំណាំប្រទេសជិតខាងទេ ពិសេសប្រទេសវៀតណាម ដោយសារតែកម្ពុជា មានអ្វីៗសុទ្ធតែថ្លៃជាងទាំងអស់នោះ។
មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរូបនេះ បានពន្យល់ពីមូលហេតុនៃបន្លែ ក៏ដូចផលិតផលកសិកម្មផ្សេងៗទៀតរបស់កម្ពុជា ដែលមិនអាចប្រកួតប្រជែងនឹងប្រទេសជិតខាងបាន កាលពីថ្ងៃសុក្រ ទី១០មករា ថា កម្ពុជាត្រូវចំណាយទាំងអស់ រាប់ទាំង ថ្លៃទឹក ភ្លើង ប្រេង ក៏ដូចថ្លៃការដឹកជញ្ជូនជាដើមនោះ ដែលថ្លៃជាងនៅប្រទេសថៃ និង វៀតណាម។ ដូច្នេះ ដំណាំរបស់កម្ពុជាមិនអាចប្រកួតប្រជែងទីផ្សារជាមួយដំណាំនៅថៃ និងវៀតណាម នោះទេ។
លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម កំពុងថ្លែងក្នុងសិក្ខាសាលាស្តីពីការវិភាគរកសំណល់ថ្នាំពុលកសិកម្ម កាលពីថ្ងៃទី១០មករា ឆ្នាំ២០២០។
បើតាមលោក ងិន ឆាយ កម្ពុជាដាំដំណាំកសិកម្ម លក់បានដូចប្រទេសជិតខាង ប៉ុន្តែមិនអាចរកប្រាក់ចំណេញបាន។ លោកបានប្រៀបធៀបយ៉ាងដូច្នេះថា៖ «ការផលិតអង្ករ ឬការនាំចេញអង្ករ បើយើងគិតពីថ្លៃដឹកមួយតោនដូចគ្នាពីកម្ពុជា ទៅអឺរ៉ុប និងពីវៀតណាមទៅអឺរ៉ុប ខុសគ្នាពីតិចយ៉ាងពី៦០ទៅ៨០ដុល្លារ។ (យើង)បាត់ចំណេញអត់រលីង។ យើងដឹកផ្លែចេកពីកម្ពុជាទៅដល់ប្រទេសចិន ហើយនឹងដឹកផ្លែចេកពីវៀតណាម ទៅកាន់ប្រទេសចិន គឺមានតម្លៃខុសជាងគេពាក់កណ្តាល ក្នុងមួយតុងតឺន័រ ដូចគ្នា»។
លោកបាន បញ្ជាក់ថា ការដឹកជញ្ជូនចេកអំបូង ពីកម្ពុជាត្រូវចិន ត្រូវការចំណាយច្រើនណាស់ ទាំងថ្លៃវេចខ្ចប់ រក្សាគុណភាព និងរូបរាង ជាដើម ទំរាំតែកុងតឺន័យរដឹកទៅដល់ចិន យ៉ាងហោចណាស់ចំណាយពេល២សប្តាហ៍។
ក្រៅពីបញ្ហាតម្លៃដើមថ្លៃជាងប្រទេសជិតខាងហើយនេះ កម្ពុជាក៏ជួបនឹងធំមួយទៀតដែលមិនអាចប្រកួតប្រជែងនឹងប្រទេសជិតបាននោះ ពីបញ្ហារបាំងបច្ចេកទេស(Technical barriers) នៅតាមច្រកព្រំដែន នានា។ លោក ងិន ឆាយ លើកឡើង ក្នុងសិក្ខាសិលាស្តីពីការវិភាគរកសំណល់ថ្នាំពុលកសិកម្មក្នុងផលិតផលកសិកម្ម និងអាហារតាមរយៈម៉ាស៊ីនGC និង MS ដែលរៀបចំឡើងដោយក្រុមហ៊ុនX-Lab នៅសណ្ឋាគារភ្នំពេញ ថា នៅប្រទេសថៃនិងវៀតណាម មានមន្ត្រីបច្ចេកទេសនៅគ្រប់ច្រកល្ហកទាំងអស់ សម្រាប់ត្រួតពិនិត្យអស់រលីង មុននឹងឱ្យផលិតផលកសិកម្មកម្ពុជាចូលទៅ ។ ប៉ុន្តែ នៅកម្ពុជាវិញ គឺមិនមានគ្មានការត្រួតពិនិត្យបច្ចេកទេសនៅច្រកព្រំដែនសោះ ដោយបណ្តោយឱ្យគេនាំអ្វីចូល នាំទៅ។
កម្ពុជាបានចំណាយលុយមិនក្រោម២០០លានដុល្លារឡើយក្នុងមួយឆ្នាំៗ ដើម្បីនាំចូលបន្លែ និង ផ្លែឈើពីប្រទេសជិតខាង ដោយនៅក្នុងនោះ កម្ពុជាបាននាំបន្លែពី២០០ទៅ៤០០តោនក្នុងមួយថ្ងៃៗ ដើម្បីបំពេញតម្រូវការក្នុងស្រុកសរុប១,០៦៦តោន។ ទន្ទឹមនឹងការនាំចូលពីវៀតណាមដ៏ច្រើនប្រចាំថ្ងៃបែបនេះ ប្រជាពលរដ្ឋក្នុងស្រុក ក៏បានសម្តែងនូវការព្រួយបារម្ភជាខ្លាំងពីសំណល់ថ្នាំពុលកសិកម្មគីមី នៅក្នុងបន្លែទាំងនោះ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព។
ជាការឆ្លើយតបនឹងពលរដ្ឋ លោក ងិន ឆាយ បានអះអាងថា អគ្គនាយកដ្ឋានកសិកម្ម នឹងបន្តការចុះផ្សព្វផ្សាយ និងជំរុញបន្ថែមដល់កសិកម្មឱ្យផលិតបន្លែ និងដំណាំផ្សេងៗកាន់តែច្រើន ពិសេសអនុវត្តតាមគោលការណ៍កសិកម្មល្អដែលធានាសុវត្ថិភាពដល់អ្នកបរិភោគ។ បច្ចុប្បន្ន បន្លែដែលដាំំដុះនៅកម្ពុជា មាន ២០ទៅ៣០ភាគរយ ជាបន្លែសុវត្ថិភាព និងមាន១០ភាគរយ ជាសរីរាង្គ៕