ជាតិ
សេដ្ឋកិច្ច
មេរោគ​កូ​រ៉ូ​ណា និង​ការព្យួរ EBA បណ្តាល​ឲ្យ​រោងចក្រ​ខ្លះ​នៅ​កម្ពុជា ត្រូវ​បិទទ្វារ​?
10, Feb 2020 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ទោះ​តិច​ឬ​ខ្លាំង តែ​សេដ្ឋកិច្ចកម្ពុជានឹងរង​ផលប៉ះពាល់ បើ​សហភាព​អឺរ៉ុប សម្រេច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA​។ លើសពីនេះ ការ​រាលដាល​នៃ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ក៏​អាច​ជះឥទ្ធិពល​លើ​សេដ្ឋកិច្ចកម្ពុជា​ដែរ ហើយ​វិស័យ​ដែល​គេ​បារម្ភ​ថា នឹងរង​ផលប៉ះពាល់​ជាងគេ គឺ​វិស័យ​វាយ​ណ​ភណ្ឌ​។




​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ ជា​អ្នក​បង្ហើប​ព័ត៌មាន​មុនគេ​ថា រោងចក្រ​មួយចំនួន​នៅ​កម្ពុជាអាច​នឹងត្រូវ​បិទទ្វារ ហើយ​ខ្លះទៀត អាច​នឹងត្រូវ​ព្យួរការងារ​បណ្តោះអាសន្ន​។
 
​លោក ហេង សួរ លើក​មូល​ហេតុថារោងចក្រ​ទាំងនោះ នាំចូល​វត្ថុធាតុដើម​ពី​ចិន យកមក​កែច្នៃ ហើយ​បច្ចុប្បន្ន ចិន បាន​ផ្អាក​ការនាំ​ចេញទៅ​បណ្តា​ប្រទេស​នានា ដោយ​រួមទាំង​កម្ពុជា​ផងដែរ ដោយសារតែ​ការវាយលុក​របស់​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​។ លោក សង្កត់ធ្ងន់ថា ការបិទទ្វារ ​ឬ​ការព្យួរ​ការ​រងារ​រប​ស់រោង​ចក្រ​ទាំងនោះ មិនមែន​បណ្តាលមកពី​ការសម្រេចចិត្ត​ណាមួយ​ឡើយ ដោយ​លោក ចង់​សំដៅថា មិនមែន​មកពី​សហភាព​អឺរ៉ុប សម្រេច​ព្យួរ EBA នោះទេ​។​
 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២០ អ្នកនាំពាក្យ​ក្រសួង​ការងារ បាន​ថ្លែងថា​៖«​ចិន ជា​ប្រទេស​ដែល​ផ្ត​ត់​ផ្គង់​វត្ថុធាតុដើម​ទៅ​ស្ទើរ​គ្រប់​ប្រទេស​នៅក្នុង​តំបន់​អាស៊ី អ៊ីចឹង​ហើយ​បានជា​យើង​ឃើញថា ជប៉ុន​ក៏ដោយ កូរ៉េ​ក៏ដោយ វៀតណាម​ក៏ដោយ និង​ប្រទេស​ជាច្រើន​ផ្សេងទៀត កំពុង​ប្រឈម​ការ​ខ្លះ​វត្ថុ​ធាតុ​ដើម ខ្វះ​នូវ​ផលិតផល ដើម្បី​លក់​ឬក៏​ដើម្បី​យកទៅ​ផលិត​ទំនិញ​បន្ត​។ ដូចគ្នា​ដែរ សម្រាប់​កម្ពុជា​យើង វត្ថុធាតុដើម​មួយចំនួនធំ​មែនទែន គឺ​យើង​នាំចូល​ពី​ចិន​»​។​
 
​លោក បន្តថាថ្មីៗ​នេះ មាន​រោងចក្រ​មួយចំនួន​នៅ​កម្ពុជា បាន​ទាក់​ទង​ទៅ​រោងចក្រ​នៅ​ចិន ដើម្បី​សុំ​ឲ្យ​បន្ត​ផ្គត់ផ្គង់​វត្ថុធាតុដើម តែ​រោងចក្រ​នៅ​ចិនមិនទាន់​អាច​ធានា​ចំពោះ​សំណើ​នេះ​ទេ​។ លោក បន្ថែមថា ដោយសារតែ​រោងចក្រនៅ​ចិន មិនទាន់​ហ៊ាន​ធានា​ពី​ការ​ផ្ត​ត់​ផ្គង់​នេះហើយ ទើបបានជា​ធ្វើ​ឲ្យ​រោងចក្រ​មួយចំនួន​នៅ​កម្ពុជា មានការ​ព្រួយបារម្ភ​។ លោក សន្និដ្ឋានថា​៖«​បើ​នៅ​ចិន បន្ត​បិទ​ខ្សែចង្វាក់​ផលិតកម្ម​ទៀត នោះ​អាច​ថាសប្តាហ៍​ទី​៣ ខែ​៣ ឆ្នាំ​២០២០ ខាងមុខនេះ រោងចក្រ [​មួយចំនួន​] នៅ​កម្ពុជា អាច​អស់​នូវ​វត្ថុធាតុដើម សម្រាប់​ដំណើរការ​»​។​
 
​យ៉ាងណាក៏ដោយ លោក អះអាងថា មាន​រោងចក្រ​តែ​៣​ ឬ​៤​ប៉ុណ្ណោះ ដែល​ប្រឈម​នឹង​ការបិទទ្វារ​ឬ​ការព្យួរ​ការងារ ដោយ​កម្មករ​-​កម្មការិនី ​នៃ​រោងចក្រ​ទាំងនោះ មាន​ប្រមាណ​ពី​២​ទៅ​៣​ពាន់​នាក់​។ លោក វាយតម្លៃថា​៖«​សម្រាប់​រយៈពេល​ខ្លី អាច​ព្យួរ​២​ទៅ​៣​សប្តាហ៍​។ កន្លងទៅ​ក៏មាន​ការព្យួរ​ ឬ​បិទ​បណ្តោះអាសន្ន​អ៊ីចឹង​ដែរ​។ អ៊ីចឹង​ក្នុង​ចំនួន​នេះ ខ្ញុំ មិន​គិតថា វា ជា​កង្វល់ ហើយ​ប៉ះពាល់​ធំ​ពេក​នោះទេ​។ តែ​វា អាច​នឹងមាន​ការបិទ​ខ្លះ ឬក៏​ព្យួរ​ខ្លះ​»​។​
 
​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល ក៏បាន​លើកឡើង​ដូចនឹង​លោក ហេង សួរ ដែរ ថា ការ​រាតត្បាត​នៃ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី បានធ្វើ​ឲ្យ​ក្រុមហ៊ុន​ឬ​រោងចក្រ​នៅចិន ត្រូវបង្ខំចិត្ត​បិទទ្វារ​មួយរយៈ ពោលគឺ​ផ្អាក​ការ​ផ្ត​ត់​ផ្គង់​វត្ថុធាតុដើម ចេញទៅ​បណ្តា​ប្រទេស​ដទៃ​។ លោក រំលេច​ពី​បញ្ហា​នេះ ក្នុង​សន្និសីទកាសែត​ស្តីពី​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ត​របស់​ក្រសួង​អប់រំ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​១០ ខែកុម្ភៈ​។ 
 
​អ្នកសេដ្ឋកិច្ច និង​មេ​សហជីព យល់ស្រប​នឹង​អ្នកនាំពាក្យ​ទាំងពីរ​។ តែ​អ្នកសេដ្ឋកិច្ច និង​មេស​ជីព​ទាំងនោះ នៅ​មើលឃើញ​បញ្ហា​មួយ​បន្ថែមទៀត គឺ ការបាត់ EBA ក៏​អាច​ជាមួយ​ហេតុ​មួយ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ចកម្ពុជា​ដែរ ជាពិសេស​វិស័យ​កាត់ដេរ​។  
 
​លោក ច័ន្ទ សុផល អ្នកជំនាញ​សេដ្ឋកិច្ច បកស្រាយ​ក្នុង​កិច្ច​សម្ភាស​ជា​មួយ​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​ស័ព្ទ​ថា​៖«​បើ​រឿង​ហ្នឹង​កើតឡើង​ទាំងពីរ​អ៊ីចឹង វានឹង​ប៉ះពាល់​កាន់តែ​ធំ​ដល់​សេដ្ឋកិច្ច​យើង ហើយ​កម្រិតណា ធំ​ខ្លាំង ធំ​មធ្យម ធ្ងន់ធ្ងរ​ខ្លាំង ធ្ងន់ធ្ងរ​មធ្យម អាហ្នឹង​គឺ​ទាល់​តែយើង​វិភាគ​លម្អិត​បន្តិច ទាល់​តែមាន​ព័ត៌មាន​ច្បាស់លាស់​ថែមទៀត​»​។ 
 
​ចំណែក​លោក អាត់ ធន់ មេ​សហជីព​ម្នាក់ ដែល​ផ្តល់​បទ​សម្ភាស​ដល់​សារព័ត៌មាន​ថ្មីៗ​តា​មទូរស័ព្ទ​ដែរនោះ យល់ឃើញថា​៖«EBA ក៏​ជា​បញ្ហា​ដែរ​។ យើង ដឹង​ហើយ​ថា ថៅកែ​រោងចក្រ និង​អ្នកបញ្ជា​ទិញ​ជាច្រើន បាន​រង់ចាំ​នូវ​ព័ត៌មាន​ពី EBA នេះឯង ហើយ​ការរង់ចាំ​ហ្នឹងហើយ ដែល​ធ្វើ​ឲ្យ​កំណើន​នៃ​ការផលិត​នៅ​ស្រុក​ខ្មែរ អាច​ធ្លាក់ចុះ​ខ្លះៗ​ទៅហើយ​។ ចំពោះ​ខ្ញុំ ខ្ញុំ​គិតថា ផលប៉ះពាល់ វា​អាច​កើតចេញ​ទាំងពីរ​...»​។ 
 
​សំឡេង​លោក អាត់ ធន់​៖



 
​នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២០ សហភាព​អឺរ៉ុប នឹង​សម្រេច​ចុងក្រោយ ថា ព្យួរ EBA នៅ​កម្ពុជា ឬ​មិន​ព្យួរ​។ មជ្ឈដ្ឋាន​ខ្លះ ជឿថា សហភាព​អឺរ៉ុប ប្រហែលជា​មិនព្យួរ​ទាំងអស់​នោះទេ ដោយ​អាច​នឹង​ព្យួរ​ផ្នែក​ខ្លះ ហើយ​ទុក​ផ្នែក​ខ្លះ​។ វា មានន័យថា សហភាព​អឺរ៉ុប អាច​នឹង​យកពន្ធ​លើ​ផលិតផល​ខ្លះ​ពី​កម្ពុជា តែ​មិនមែន​យក​ទាំងអស់​ឡើយ៕ 

Tag:
 EBA
© រក្សាសិទ្ធិដោយ thmeythmey.com