ជាតិ
សេដ្ឋកិច្ច
នយោបាយជាតិ
សម្ដេច ហ៊ុន សែន ៖រោងចក្រនៅកម្ពុជានឹងបិទទ្វារ ដោយសារចិនផ្ទុះវីរុសកូរ៉ូណា មិនមែនមកពីបញ្ហាEBAទេ
× ភ្នំពេញ៖ ពីពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវលេខ២ និងលេខ២២ នៅព្រឹកថ្ងៃទី១១ កុម្ភៈនេះ សម្ដេច ហ៊ុន សែន បានប្រកាសថា រោងចក្រនៅកម្ពុជាខ្លះ នឹងត្រូវបិទទ្វារបណ្ដោះអាសន្ននៅខែមីនាខាងមុខ ដោយសារចិនផ្អាកការផ្គត់ផ្គង់វត្ថុធាតុដើម ព្រោះបញ្ហាផ្ទុះវីរុសកូរ៉ូណា។ នាយករដ្ឋមន្ត្រីកម្ពុជា បានសង្កត់ធ្ងន់ថា រោងចក្របិទទ្វារនេះ មិនមែនមកពីបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ (EBA)ទេ។
សម្ដេច ហ៊ុន សែន ស្នើឱ្យពលរដ្ឋកុំមានការយល់ច្រឡំ នៅពេលឃើញរោងចក្រនៅកម្ពុជាបិទទ្វារនាពេលខាងមុខនេះ។ ក្នុងន័យនេះប្រមុខរដ្ឋាភិបាល បាននិយាយថា ការបិទទ្វាររោងចក្រនេះ បណ្ដាលមកពីចិនបិទរោងចក្រខ្លួន ដោយសារបញ្ហាវីរុសកូរ៉ូណាប៉ុណ្ណោះ។ បើតាមសម្ដេច ហ៊ុន សែន ចិនគឺជាប្រទេសផ្គត់ផ្គង់ធំទៅកាន់ពិភពលោក ដូច្នេះកម្ពុជាក៏ត្រូវរងផលប៉ះពាល់ដែរ ជាពិសេសលើវិស័យកាត់ដេរតែម្ដង។
«សូមកម្មករទាំងអស់កុំតក់ស្លុត នៅពេលមានរឿងអ្វីកើតឡើង»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដែលបានបន្ថែមថា ក្រៅពីរោងចក្រជួបបញ្ហានោះ ក៏មានសណ្ឋាគារ និងភោជនីយដ្ឋាន ដែលបាត់បង់ភ្ញៀវទេសចរ ដោយសារបញ្ហាផ្ទុះវីរុសកូរ៉ូណាដែរ។
លោកនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានស្នើឱ្យពលរដ្ឋ កុំយកបញ្ហាបិទរោងចក្រនេះ ទៅធៀបនឹងបញ្ហាដកប្រព័ន្ធអនុគ្រោះពន្ធ ពីសំណាកគណៈកម្មការអឺរ៉ុបឡើយ។ «គេចង់ដក គេចង់ទុក ទុកឱ្យគេសម្រេចទៅ…។ ហើយកុំចោទថា រឿងហ្នឹងជាទណ្ឌកម្មពីគណៈកម្មការអឺរ៉ុប»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន ដែលនៅតែអះអាងថា បើទោះជាបាត់បង់ EBA ក៏សេដ្ឋកិច្ចកម្ពុជា មិនស្លាប់ដែរ ។
ត្រង់ចំណុចនេះសម្ដេច ហ៊ុន សែន បានបញ្ជាក់ថា ការដកEBAនេះ គឺគ្រាន់តែតម្រូវឱ្យកម្ពុជាត្រូវបង់ពន្ធច្រើនចូលទីផ្សារអឺរ៉ុប និងខាតបង់ប្រាក់ចំណេញដែលទទួលបានពីការអនុគ្រោះពន្ធប៉ុណ្ណោះ ប៉ុន្តែគ្មានន័យថា កម្ពុជាត្រូវបាត់បង់ទីផ្សារអឺរ៉ុបនោះទេ។ បើតាមប្រមុខរដ្ឋាភិបាល កម្ពុជានឹងត្រូវអនុវត្តនីតិវិធីបង់ពន្ធរយៈពេល៦ខែក្រោយពីសហភាពអឺរ៉ុបសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធនេះ។
«ទោះបីជាគេដកទាំងស្រុង ឬដកផ្នែកខ្លះនៃEBAនេះ ក៏គង់ខែ៨ក្រោយនោះទើបចាប់ផ្ដើម…។ បើគេសម្រេចបន្តយើងក៏អរគុណ បើគេចង់ដក តាមតែគេទៅ»។ នេះជាការបញ្ជាក់របស់នាយករដ្ឋមន្ត្រី៕ Tag:
ហ៊ុន សែន
EBA
វីរុសកូរ៉ូណា
© រក្សាសិទ្ធិដោយ thmeythmey.com