ជាតិ
សេដ្ឋកិច្ច
សមាគម​រោងចក្រ ប្រកាសថា រោងចក្រ​មួយចំនួន នឹងត្រូវ​បិទទ្វារ​១​ខែ​ឬ​ដល់​២​ខែ​
11, Feb 2020 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC ) ប្រកាស​ជា​ផ្លូវការ​ថា រោងចក្រ​មួយចំនួន​នៅ​កម្ពុជា​ នឹងត្រូវបិទទ្វារបណ្តោះអាសន្ន នៅ​ចុងខែ​កុម្ភៈ និង​ក្នុង​ខែមីនា ឆ្នាំ​២០២០​។ មិន​ខុសពី​មន្ត្រី​និង​ប្រមុខ​រដ្ឋាភិបាល​នោះទេ សមាគម​រោងចក្រ លើក​មូល​ហេតុថា គឺ​ដោយសារតែ​រោងចក្រ​ទាំងនោះ អស់​វត្ថុធាតុដើម ដែល​នាំចូល​ពី​ចិន​។


 
​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២០ សមាគម​រោងចក្រ បាន​បញ្ជាក់ថា​៖«​ប្រឈម​នឹង​បញ្ហា​នេះ រោងចក្រ គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការផ្អាក​ប្រតិបត្តិ​ការផលិត​កម្មជាប​ណ្តោះ​អាសន្ន ដែល​អាចមាន​រយៈពេល​១​ខែ​ពេញ ឬ​ដល់​២​ខែ​»​។​
 
​សមាគម​រោងចក្រ អះអាងថា វត្ថុធាតុដើម​ប្រហែល​ជាង​៦០​ភាគរយ សម្រាប់​បម្រើ​ឲ្យ​ផលិតកម្ម​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង ត្រូវបាន​នាំចូល​ពី​ប្រទេស​ចិន​។ សមាគម​រោងចក្រ បន្តថា ដោយសារ​ការ​រាលដាល​នៃ​កូ​រ៉ូ​ណាវី​រុស នៅ​ប្រទេស​ចិន រោងចក្រ​ផលិត​វត្ថុធាតុដើម និង​ក្រុមហ៊ុន ផ្តល់​សេវា​ជាច្រើន បាន​បិទ​ដំណើរការ​បណ្តោះអាសន្ន ដែល​បញ្ហា​នេះ នឹង​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​ចង្វាក​ផ្គត់ផ្គង់​រោងចក្រ​នៅ​កម្ពុជា​។ 
 
​សមាគម​រោងចក្រ បកស្រាយ​ថា ការដែល​រោងចក្រ​មួយចំនួន ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​នេះ មិន​ពាក់ព័ន្ធ​នឹង​ដំណើរការ​នៃ​ការដក​ប្រព័ន្ធ​អនុគ្រោះ EBA របស់​សហភាព​អឺរ៉ុប​ឡើយ​។ សមគម​នេះ សរសេរ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា​៖«​ការសម្រេច​ណាមួយ​របស់​សហភាព​អឺរ៉ុប នឹងត្រូវ​ចូល​ជា​ធរមាន​នៅក្នុង​រយៈពេល​មិនតិចជាង​៦​ខែ​ខាងមុខ​នោះទេ ដូច្នេះ ការភ្ជាប់​បញ្ហា​ការផ្អាក​ដំណើរការ​បណ្តោះអាសន្នរ​បស់​រោងចក្រ​មួយចំនួន​នៅ​កម្ពុជា​ក្នុង​ខែមីនា​ដ៏​ខ្លី​ខាង​មុ​នេះ ទៅនឹង​បញ្ហា EBA មិនមែនជា​ការត្រឹមត្រូវ​ទេ​»៕  

Tag:
 បិទ​រោងចក្រ​
  EBA
  កូ​រ៉ូ​ណាវី​រុស
© រក្សាសិទ្ធិដោយ thmeythmey.com