ជាតិ
សេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្ម៖ អ្នកនាំចេញផលិតផលអាចមានលទ្ធភាពបង់ពន្ធ លើទំនិញ៤០មុខ ដែលអឺរ៉ុបដាក់ពន្ធ
13, Feb 2020 , 10:01 pm        
រូបភាព
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ (រូបពីហ្វេសប៊ុកក្រសួង)
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ (រូបពីហ្វេសប៊ុកក្រសួង)
ភ្នំពេញ៖ ទំនិញដែលកម្ពុជាត្រូវបង់ពន្ធចូលសហភាពអឺរ៉ុបនោះ មានចំនួន៤០មុខ ខណៈជាង៩០០០មុខទៀត ទទួលបានការអនុគ្រោះពន្ធធម្មតា។ នេះជាការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៣ កុម្ភៈនេះ។



ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ការសម្រេចដកផ្នែកខ្លះនៃEBAនេះ បានធ្វើឱ្យប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជាប្រមាណជា២០ភាគរយ ស្មើនឹងទំនិញចំនួន៤០មុខនៃបន្ទាត់ពន្ធ៦ខ្ទង់ ហើយផលិតផលទាំងនេះ អាចមានសមត្ថភាពប្រកួតប្រជែងបាន។ បើតាមក្រសួងពាណិជ្ជកម្ម អ្នកនាំចេញកម្ពុជាលើផលិតផល៤០មុខនេះ មានលទ្ធភាពបង់ពន្ធនាំចូលទៅកាន់ទីផ្សារអឺរ៉ុប។

ក្រសួងពាណិជកម្ម បានអះអាងដូច្នេះថា៖«តាមការពិគ្រោះយោបល់ជាមួយតំណាងរោងចក្រដែលកំពុងផលិតនិងនាំចេញផលិតផលទាំង៤០មុខទៅកាន់ទីផ្សារអឺរ៉ុប ឃើញថា បើមានការសម្រេចឱ្យព្យួរសម្បទានជាបណ្ដោះអាសន្ននៅចុងឆ្នាំ២០២០មែននោះ បណ្ដារោងចក្រទាំងនោះ នៅតែមានលទ្ធភាពបន្តផលិតកម្មនៅកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារអឺរ៉ុបដដែល ដោយសាររាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តកំណែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការវាងរដ្ឋាភិបាលនិងវិស័យឯកជន កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩»។

បើតាមនីតិវិធីនៃបទប្បញ្ញត្តិស្តីពីក្របខណ្ឌអនុគ្រោះពន្ធទូទៅរបស់សហភាពអឺរ៉ុប មុខទំនិញដែលបានស្នើសុំព្យួរសម្បទានពន្ធជាបណ្ដោះអាសន្នចំនួន៤០មុខខាងលើ នឹងត្រូវដាក់ជូនក្រុមប្រឹក្សាអឺរ៉ុប និងសហភាពអឺរ៉ុបពិនិត្យលើទម្រង់ និងគតិច្បាប់ ដែលត្រូវប្រើពេលវេលាប្រមាណ២ខែបន្តទៀត ចាប់ពីថ្ងៃទី១២ កុម្ភ ឆ្នាំ២០២០ទៅ។ នេះបើតាមក្រសួងពាណិជ្ជកម្ម។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ដូច្នេះថា៖«ក្នុងន័យនេះ សភាអឺរ៉ុបមានសិទ្ធិជំទាស់ទៅនឹងសេចក្តីស្នើច្បាប់សុំព្យួរជាបណ្ដោះអាសន្នរបស់គណៈកម្មការអឺរ៉ុប។ ក្នុងករណីចាំបាច់សភាអឺរ៉ុបអាចប្រើពេលប្រមាណ២ខែបន្ថែមទៀត ដើម្បីពិចារណា»។

ដោយឡែកមុខទំនិញជាង៩០០០មុខទៀត ដែលនាំចូលទៅទីផ្សារអឺរ៉ុប នៅតែទទួលបានភាពអនុគ្រោះពន្ធដដែល ហើយវាអាចជួយដល់កម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច រក្សាការងារ និងប្រភពចំណូលជូនកម្មករកម្មការិនីដូចមុន។ នេះបើតាមក្រសួងពាណិជ្ជកម្ម។

គណៈកម្មការ​អឺរ៉ុប បាស​ម្រេច​ដក​ផ្នែក​ខ្លះ​នៃ EBA ពី​កម្ពុជា ក្រោម​ហេតុផល​ថា កម្ពុជា មានការ​រំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ និង​ជា​លក្ខណ​ប្រព័ន្ធ ទៅលើ​សិទ្ធិមនុស្ស​ដែលមាន​ចែង​នៅក្នុង​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ​។​

តាមរយៈ​ការសម្រេច​នេះ កម្ពុជា រង​ផលប៉ះពាល់​លើ​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង រួមទាំង​ប៉ះពាល់​ដល់​ការនាំចេញ​ផលិតផល​ធ្វើដំណើរ (​ដូចជា​វ៉ា​លី និង កាបូប ជាដើម​) ព្រមទាំង​ស្ករស​ផងដែរ​។​ទំនិញ​ដែល​ត្រូវ​គណៈកម្មការ​អឺរ៉ុប​ដាក់​ពន្ធ​លើ​នោះ​មាន​ទំហំ​ប្រមាណ ១​ពាន់​លាន​អឺរ៉ូ ឬ​ប្រហាក់ប្រហែល​នឹង ១,១ ពាន់​លាន​ដុល្លារ​អាមេរិក​។ យ៉ាងណា​វា​មិនមាន​ការវាយតម្លៃ​ជាក់លាក់​ណាមួយ​ពី​ការខាតបង់​ដែល​កម្ពុជា​នឹង​ជួបប្រទះ ក្រោយ​ការអនុវត្ត​ពន្ធ​លើ​ទំនិញ​នាំចេញ​នេះឡើយ ប៉ុន្តែ​កន្លងមក​ការវាយតម្លៃ​ជាបឋម​ថា កម្រិត​ពន្ធ ១២ ភាគរយ​អាច​នឹងធ្វើ​ឲ្យ​កម្ពុជា​ខាតបង់​រហូតដល់​ជាង ១២០ លាន​ដុល្លារ​ក្នុង​ឆ្នាំ​។​ការសម្រេច​យកពន្ធ​នេះ នឹង​ចូល​ជាធរ​មាននៅ​រយៈពេល​៦​ខែក្រោយ ដែល​មានន័យថា ទាល់តែ​ដល់​ខែសីហា ឆ្នាំ​២០២០ ទើប​កម្ពុជា ចាប់ផ្តើម​បង់ពន្ធ ពេល​នាំ​ទំនិញ​ចូលទៅ​ទីផ្សារ​អឺរ៉ុប​។​

អត្ថបទទាក់ទង

រដ្ឋាភិបាល​កម្ពុជា ចាត់ទុក​ការសម្រេច​ដក​ផ្នែក​ខ្លះ​នៃ​EBA​ពី​កម្ពុជា​នេះ កើតចេញពី​ការយល់ច្រឡំ និង​ទំនើងចិត្ត​របស់​អឺរ៉ុប​។ សម្រាប់​រដ្ឋាភិបាល អឺរ៉ុប​កំពុង​អនុវត្ត​ស្តង់ដារ​ពីរ និង​សម្រេចចិត្ត​ទាំង​អយុត្តិធម៌​ដល់​កម្ពុជា​៕

Tag:
 ពាណិជ្ជកម្ម
  EBA
  EU
© រក្សាសិទ្ធិដោយ thmeythmey.com