COVID-19
ជាតិ
សេដ្ឋកិច្ច
COVID-19 ប្រហារ​ចំណូល​ពលរដ្ឋ​!
20, Mar 2020 , 6:29 pm        
រូបភាព
​ភ្នំពេញ​៖ ពលរដ្ឋ​មួយចំនួន កំពុង​រអ៊ូ​ពី​ការបាត់​ចំណូល​ដោយសារ​បញ្ហា​វីរុស​COVID-19​។ នោះ​ក៏​ព្រោះតែ​វីរុស​នេះ បង្ក​ការព្រួយបារម្ភ​យ៉ាងខ្លាំង ដែល​ធ្វើឱ្យ​រដ្ឋាភិបាល សម្រេចចិត្ត​បិទ​ទីតាំង​សាលារៀន គ្រឹះស្ថាន​អប់រំ និង​ទីកន្លែង​កម្សាន្ត​ផ្សេងទៀត​។ ពលរដ្ឋ​ដែល​អាស្រ័យ​ផល នៅតាម​ទីតាំង​ទាំងនោះ ប្រឈមមុខ​នឹង​ការខាតបង់​ចំណូល​យ៉ាងខ្លាំង​។​


 
​សារព័ត៌មាន​ថ្មីៗ បានធ្វើ​ដំណើរ​ទៅកាន់​ទីតាំង​ផ្លូវ​លេខ​៤០២ ស្ថិតនៅ​ខាងក្រោយ​វិទ្យាស្ថាន​វ៉ាន់ដា ដែលជា​ទីប្រជុំជន​មួយ សម្បូរ​ទៅដោយ​ការលក់​ចំណីអាហារ​សម្រាប់​មន្ត្រីរាជកា​រ សិស្សានុសិស្ស និង​បុគ្គលិក​ឯកជន​។ ប៉ុន្តែ​ខុសពី​រាល់ដង ទីតាំង​នោះ​មិនសូវមាន​មនុស្ស​អ៊ូអរ​ដូច​មុន​ឡើយ ចាប់តាំងពី​រដ្ឋាភិបាល តាមរយៈ​ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​បិទទ្វារ​សាលារៀន និង​គ្រឹះស្ថានសិក្សា​មួយរយៈ​ពេល​ខ្លី ដើម្បី​ទុកពេល​ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​វីរុស​COVID-19 កន្លងមក​។​
 
​ជាង​ពីរ​សប្ដាហ៍​មកនេះ ពលរដ្ឋ និង​អាជីវករ​នៅ​តំបន់​នោះ ហាក់​មិនសូវ​សប្បាយ​ឡើយ​។ នោះ​ក៏​ព្រោះតែ​ពួកគេ​បាត់បង់​ចំណូល​ជា​បន្តបន្ទាប់ ដោយសារ​បញ្ហា​វីរុស​COVID-19​នេះ​។ ជា​អ្នកលក់​អាហារ​ពេលព្រឹក​ម្នាក់ នៅ​ខាងក្រោយ​វិទ្យាស្ថាន​វ៉ាន់ដារ អ្នកស្រី ដាវី បាន​និយាយថា អ្នកស្រី អាច​រកចំណូលបាន​ជា​ង​១​លាន​រៀល​នៅ​ថ្ងៃ​ធម្មតា​។ ប៉ុន្តែ​ក្រោយពី​ផ្ទុះ​មាន​បញ្ហា​COVID-19 មក វា​ធ្វើឱ្យ​ចំណូល​អ្នកស្រី​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​។ 
 
​អ្នកស្រី ដាវី បាន​បញ្ជាក់ថា​៖«​ភ្ញៀវ​ធ្លាក់ចុះ​ច្រើន ប៉ុន្តែ​ដោយសារ​តែមាន​ម៉ូយ (​អតិថិជន​ប្រចាំ​) គាត់​ចេះ​តែម​កញាំ​ហ្នឹង​ណា​។ និយាយ​ទៅ គឺ​ភ្ញៀវ​ធ្លាក់ចុះ​អស់​ច្រើន ហើយ​(​តាមផ្លូវ​)​ស្ងាត់​ណាស់​»​។​
 
​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖

 
​អ្នកស្រី ដាវី ក៏​លក់ដូរ​ទាំង​ភ័យខ្លាច​ជំងឺ COVID-19 ដែរ ប៉ុន្តែ​ដោយសារ​កត្តា​ជីវភាព​នោះ ទើប​អ្នកស្រី ត្រូវ​ប្រឈមមុខ​លក់ដូរ​ទាំង​ប្រុងប្រយ័ត្ន និង​ការពារ​ដោយ​ខ្លួនឯង​។ «​ពេល​លក់ដូរ​ពាក់​ម៉ាស​ការពារ​ដែរ ពេល​អត់​ភ្ញៀវ​ទើប​ដោះចេញ​។ តែ​ពេល​លក់ ខ្ញុំ​តែងតែ​ពាក់​ម៉ាស បាញ់​ទឹក​អាលកុល ពាក់​ស្រោមដៃ​ត្រឹមត្រូវ ព្រោះ​ខ្លាច​ឆ្លង ហើយ​យើង​មិនដឹងថា​ភ្ញៀវ​ណាខ្លះ​កើត​អី​ទេ​ណា​។ យើង​ការពារ​សុវត្ថិភាព​ខ្លួនឯង​ប្រសើរ​ជាង​»​។ 
 
​ដោយឡែក​អ្នកលក់​ភេសជ្ជៈ​ម្នាក់ទៀត​នៅក្បែរនោះ ក៏​បាត់បង់​ចំណូល​ប្រចាំ​ថ្ងៃជា​បន្តបន្ទាប់​ដែរ​។ ពួកគេ​បារម្ភ​ថា ប្រឈម​នឹង​ការបាត់បង់​មុខរបរ បើសិនជា​វីរុស COVID-19​នេះ នៅតែ​បន្ត​អូសបន្លាយ​រយៈពេល​យូរ​នោះ​។ 
 
​ពិភពលោក​កំពុង​ជួប​វិបត្តិ និង​បញ្ហា​ប្រឈម​នឹង​វីរុស​COVID-19 នេះ​។ បណ្ដា​ប្រទេស​ទាំងនោះ កំពុង​ចាត់វិធានការ​រួមគ្នា ដើម្បី​ប្រយុទ្ធប្រឆាំង ការពារ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​នេះ​។ វីរុស​COVID-19​នេះ មិន​ត្រឹមតែ​ធ្វើឱ្យ​បាត់បង់​ជីវិត​មនុស្ស​ទេ វា​ថែមទាំង​ធ្វើឱ្យ​សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម និង​ជីវភាព​រស់នៅ រង​ផលប៉ះពាល់​ទៀតផង​។​
 
​បច្ចុប្បន្ននេះ វីរុស​COVID-19 បាន​រីក​រាល​ក្នុងប្រទេស​១៧៩​ហើយ ដោយមាន​អ្នក​ឆ្លង​ជាង​២៤​ម៉ឺ​នាក់ ហើយ​ព្យាបាល​សះស្បើយ​ជាង​៨​ម៉ឺន​នាក់ ខណៈ​អ្នកស្លាប់​ជាង​១​ម៉ឺន​នាក់​។ គិត​មកដល់ពេលនេះ កម្ពុជា មាន​អ្នក​ឆ្លង​វីរុស​COVID-19 ជាង​៤០​នាក់ ក្នុងនោះ​ជនជាតិ​ចិន​ម្នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ​៕

Tag:
 COVID-19
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com