COVID-19
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
COVID-19៖ អ្នករត់​ឡាន​ឈ្នួល កង់​បី ម៉ូតូឌុប នៅតែ​បន្ត​មុខរបរ​ទាំង​ភិតភ័យ​
23, Mar 2020 , 7:39 pm        
រូបភាព
​ភ្នំពេញ​៖ ដើម្បី​ជីវភាព​គ្រួសារ និង​សង​ប្រាក់​ធនាគារ អ្នករត់​ឡាន​ឈ្នួល ម៉ូតូ​កង់​បី ម៉ូតូឌុប និង​អ្នក​កាត់សក់​ជាដើម នៅតែ​បន្ត​មុខរបរ​របស់ខ្លួន ទាំង​ពិត​ភ័យ ដោយសារ​វីរុស COVID១៩ កាន់តែ​រីក​រាលដាល​ជា​រៀងរាល់ថ្ងៃ​ទាំង​នៅ​កម្ពុជា ក៏ដូចជា​ពិភពលោក​ទាំងមូល​។ ទោះជា​យ៉ាងណា ក្រុម​ទាំងនោះ បាន​អនុវត្ត​វិធានការ​ការពារ​ខ្លួន​យ៉ាង​ខ្ជាប់ខ្ជួន​ជានិច្ច តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។ ហើយ​ពួកគេ​ក៏បាន​តាមដាន​ពី​បច្ចុប្បន្នភាព នៃ​ស្ថានភាព​ជំ​ងឹ​នេះ ដោយ​យកចិត្តទុកដាក់​ជាប្រចាំ​ផងដែរ​។​


​ដើម្បី​ជ្រាប​ច្បាស់ សូម​ប្រិយមិត្ត​ស្ដាប់​បទ​យកការណ៍ ដែល​រៀបរៀង​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖
 
 
​ទោះ​មានការ​ភ័យខ្លាច​វីរុស COVID១៩​យ៉ាងណាក៏ដោយ តែ​ក្រុម​អ្នក​ប្រកប​របរ​ងាយ​ប្រឈម​មួយចំនួន នៅតែ​បន្ត​មុខរបរ​របស់ខ្លួន​តាម​ធម្មតា​។ ក្រុម​ទាំងនោះ មាន​អ្នករត់​ឡាន​ឈ្នួន អ្នករត់​ម៉ូតូ​កង់​បី រត់​ម៉ូតូឌុប និង​អ្នក​កាត់សក់​ជាដើម​។ មាន​តួនាទី​ជា​មេ​គ្រួសារ ពួកគេ​បានលើកឡើង​ដូចៗ​គ្នា​ថា ព្រោះតែ​ជីវភាព ទើបត្រូវ​បង្ខំចិត្ត​បន្ត​មុខរបរ​ទាំង​ភិតភ័យ​។​
​មាន​ឡាន​ផ្ទាល់ខ្លួន សម្រាប់​ដឹក​អ្នកដំណើរ​ពី​រាជធានី​ភ្នំពេញ ទៅ​ខេត្ត​ប៉ៃលិន លោក ឈុន ប៊ុន​រ័ត្ន អាច​រកប្រាក់​ចំណូល​បាន​ប្រមាណ​៤០​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ ដែល​ឡាន​របស់លោក​អាច​ផ្ទុក​ភ្ញៀវ បាន​ប្រមាណ​៨ ទៅ​៩​នាក់ ក្នុង​មួយ​ជើង​។​
 
​ឆ្លើយ​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ លោក ប៊ុន​រ័ត្ន មានការ​ព្រួយបារម្ភ​ខ្លាច​ឆ្លង​វីរុស COVID១៩ ប៉ុន្តែ​លោក​នៅតែ​បន្ត​ដឹក​ភ្ញៀវ​រាល់ថ្ងៃ ព្រោះ​ត្រូវ​រកប្រាក់​សង​ធនាគារ​៖«​ចង់​ឈប់​ដែរ​។ បើ​ធនាគារ​គេ​មិន​យកលុយ​ខែ នោះ​ខ្ញុំ​អាច​ឈប់​បាន តែបើ​គេ​នៅតែ​យក​ខ្ញុំ​មាន​លុយ​ឯណា​បង់​ឱ្យគេ​។ ខ្ញុំ​ចេះតែ​ការពារ​ខ្លះទៅ​។ ទោះបី COVID១៩​កាន់តែ​រាលដាល​ក្ដី បើ​ធនាគារ​មិន​ពន្យា​ពេល​បង់​ការប្រាក់​ទេ ខ្ញុំ​នៅតែ​រត់​ឡាន​អ៊ីចឹង​។ បើ​គេ​ផ្អាក​សិន ដល់ពេល​ស្ងប់ស្ងាត់​ខ្ញុំ​នឹង​បង់​ឱ្យ​ធម្មតា​វិញ​»​។


 
​បញ្ហា​ប្រឈម​មួយទៀត សម្រាប់​អ្នករត់​ឡាន​ឈ្នួល ប៊ុន​រ័ត្ន គឺ​បញ្ហា​ទឹក​អាល់កុល ហើយ​លោក​បញ្ជាក់​ដូច្នេះ​៖«​សំខាន់​អាល់កុល​ដែល​ទិញ​មក​ហ្នឹង​វា​មិន​សុទ្ធ បាញ់​ទៅ​វា​មិនមាន​ក្លិន​។ បើ​ឡើងថ្លៃ​ហើយ របស់​សុទ្ធ​វា​មាន​ទៅ​អី តែបើ​វា​មិនមាន​ក្លិន​អ៊ីចឹង ហើយ​យើង​ប្រជាពលរដ្ឋ​ធម្មតា មិនមាន​ប្រដាប់​ត្រួតពិនិត្យ​មកពីណា​។ ខ្ញុំ​ទិញ​អាល់កុល​ពី​ពេទ្យ​។ ខ្ញុំ​បាញ់​អាល់កុល គេ​វា​មាន​ក្លិន​យូរ ហើយ​របស់ខ្ញុំ​មិនមាន​ក្លិន​ផង​។ អាល់កុល​ចាក់​ថ្នាំ​របស់​ពេទ្យ ក្លិន​វា​ឆួល​ខ្លាំង តែ​នេះ​ឆួល​ម៉ា​ភ្លែត លើកដៃ​ឡើងមក​អត់​ក្លិន​ផង​»​។​
 
​ជា​អ្នករត់​កង់​បី​ផង ជាជាង​កាត់សក់​ផង និង​ជា​តន្ត្រីករ​ភ្លេងបុរាណ​ផង លោក ម៉ៃ សា​មឿត បច្ចុប្បន្ន​បាន​ផ្អាក​មុខរបរ​មួយចំនួន ដើម្បី​បញ្ចៀស​ខ្លួន​ពី​ជំងឺ COVID១៩ ។ តែ​ទោះជា​យ៉ាងណា កត្តា​ជីវភាព​គ្រួសារ មិនអាច​អនុញ្ញាតឱ្យ​លោក នៅតែ​ផ្ទះ​ដោយ​មិន​ចេញ​រកប្រាក់​សោះ​នោះឡើយ​៖«​កង់​បី​នេះ​ខ្ញុំ​ផ្អាក​យូរហើយ​ដែរ តាំងពី​អត់​ភ្ញៀវ​ដែល​ល្បី​កូ​រូ​ណា ប៉ុន្តែ​ខ្ញុំ​នៅតែ​បន្ត​កាត់សក់​។ ខ្ញុំ​បារម្ភ​ដែរ តែ​បាន​ការពារ មាន​សាប៊ូ និង​ទឹក​អាល់កុល​ជាប់​នឹង​តូប​ដែរ​ហ្នឹង​។ អ្នក​កាត់សក់​មិន​ខ្លាច​ប៉ះពាល់​យើង​ទេ គឺ​យើង​ឯណេះ​វិញ​ទេ ដែល​ទៅ​ប៉ះពាល់​គេ​នោះ​។ បារម្ភ​ចេះតែ​បារម្ភ​ហើយ តែ​មិនដឹង​ធ្វើ​យ៉ាងម៉េច ហើយ​ភ្លេង​ឥឡូវ​គេ​ផ្អាក​អស់ហើយ​។ វា​មិនដឹង​ទៅរក​អ្វី​ទៀត គឺមាន​តែ​របរ​នេះហើយ​»​។


លោក ម៉ៃ សាមឿត (រូប​ផ្ដល់​ឱ្យ​)
 
​បុគ្គលិក​ក្រុមហ៊ុន​រថយន្តក្រុង​ដឹក​អ្នកដំណើរ​មួយ នៅ​រាជធានី​ភ្នំពេញ ក៏បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ដែរ​ថា ចាប់តាំងពី​ផ្ទុះ​វីរុស​កូ​រូ​ណា​មក ភ្ញៀវ​ធ្វើដំណើរ​បាន​ធ្លាក់ចុះ​។ កញ្ញា​បញ្ជាក់​ដូច្នេះ​៖«​ជាធម្មតា​វា​តែងតែ​ថយ​ហើយ​។ ឥឡូវ​គេ​ឱ្យ​ប្រុងប្រយ័ត្ន មិនសូវមាន​អ្នក​ហ៊ាន​ដើរចេញ​ទៅណា​ទេ​។ ក្រុមហ៊ុន​នានា ហើយនឹង​តាក់ស៊ី​ក៏​ដូចគ្នា​ដែរ​។ ខ្ញុំ​មានទឹក​អាល់កុល​ឱ្យ​ភ្ញៀវ​លាងដៃ ពេល​មក​យក​អីវ៉ាន់ និង​ពេល​ឡើង​ឡាន ក៏ដូចជា​សាប៊ូ សម្រាប់​ការចេញចូល​ពី​បន្ទប់ទឹក​ដែរ​»​។​
 
​រីឯ​លោក សុខ សំណាង ដែលជា​អ្នករត់ម៉ូតូឌុប​នៅ​រាជធានី​ភ្នំពេញ បាន​ព្យាយាម​បញ្ជៀ​ស​ខ្លួន ឱ្យនៅ​ឆ្ងាយ​ពី​មនុស្ស​ភាគច្រើន​។ កាត់បន្ថយ​ដឹក​ភ្ញៀវ​ទូទៅ មក​នៅត្រឹម​ដឹក​ភ្ញៀវ​សំខាន់ៗ ដែល​មិនអាច​ជៀសបាន បច្ចុប្បន្ន​លោក សំណាង ងាក​ទៅ​ដឹក​អីវ៉ាន់​ជំនួស​វិញ​៖«​ភាគច្រើន​ខ្ញុំ​យកលុយ​ដែល​គេ​វេរ​តាម​វី​ង និង​គេ​ប្រើ​ទិញ​របស់របរ​បន្តិចបន្តួច​។ ប្រាក់​កាន់​ច្រើន​គ្នា តើ​លោកពូ​មិន​ខ្លាច​ឆ្លងតាម​នេះ​ទេ​? ខ្ញុំ​ចេះតែ​ការពារ​ដោយ​ការ​លាងដៃ​នឹង​សាប៊ូ ឬ​អាល់កុល​ទៅ​។ ខ្ញុំ​ក៏​កាត់បន្ថយ​ការហូប​អាហារ​ក្រៅ​ច្រើន​ដែរ​»​។​
 
​ចំណែក​លោក ណា រុង វ័យ​២៦​ឆ្នាំ មានមុខរ​បរជា​អ្នករត់​ម៉ូតូ​កង់​បី នៅ​ក្រុង​សៀមរាប ត្អូញត្អែរថា កូ​រូ​ណា បានធ្វើឱ្យ​សេដ្ឋកិច្ច​របស់លោក​កាន់តែ​ធ្លាក់ចុះ​ជា​លំដាប់​។ ទោះបី​មិនសូវមាន​ភ្ញៀវ ហើយ​ត្រូវ​ប្រឈម​នឹង​ការឆ្លង​យ៉ាងណាក៏ដោយ ក៏​លោក ណា រ៉ុង នៅតែ​តស៊ូ ព្រោះ​ចំណូល​ដែល​បាន​បន្តិចបន្តួច​នេះ អាច​យកទៅ​ផ្គួប​ជាមួយ​ចំណូល​របស់​ម្ដាយ ដែល​លក់​អី​រ៉ា​ន់​មិនសូវ​ដាច់​នៅផ្ទះ​នោះ​៖«​ភ្ញៀវ​កាត់បន្ថយ​សឹងតែ​ទាំងអស់​តែម្ដង​។ រក​ចំណូល​មិនបាន​ហ្នឹង វា​ច្រើនជាង​បាន​។ ខ្ញុំ​ដាំបាយ និង​ច្រក​ទឹក​ពី​ផ្ទះ​មក​ខ្លួនឯង​។ ដូច្នេះ​មិនសូវ​ចំណាយ​ទេ អាច​សល់​មួយថ្ងៃ​ប្រហែល​២ ទៅ​៣​ដុល្លារ​។ មុន​មាន COVID១៩ ក៏​បាត់​ភ្ញៀវ​ប្រហែល​១៥​ភាគរយ​ដែរ​។ ជាទូទៅ​បើសិនជា​ដឹក​ភ្ញៀវ​ទៅ​ប្រាសាទ ខ្ញុំ​អាច​សល់​មួយថ្ងៃ​ចូល​១០​ដុល្លារ​ដែរ​។ តែបើ​មិន​ទៅ​ទេ​ខ្ញុំ​អាច​រកបាន​ប្រហែល​៧ ទៅ​៨​ដុល្លារ​។ ខ្ញុំ​ដឹក​ភ្ញៀវ​នៅ​សណ្ឋាគារ គេ​ចង់​ទៅណា ខ្ញុំ​ដឹក​ទៅ​ហ្នឹង​។ បើ​នៅតែ​ខ្សត់​ភ្ញៀវ ខ្ញុំ​អាច​ទៅធ្វើ​ការ​អ្វី​ផ្សេងៗ ឱ្យតែបាន​លុយ​»​។
​ដូចគ្នា​ដែរ​លោក សា​មឿត វ័យ​២៩​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តសៀមរាប ដែលមាន​កូន​២​នាក់ ក៏​ត្អូញត្អែរ​ពី​បញ្ហា​ប្រាក់ចំណូល​ដែរ​៖«​ថយ​ច្រើន​មែនទែន​។ កាល​មិនទាន់មាន​ជំងឺ​នេះ​ចូលមក មួយថ្ងៃ​ខ្ញុំ​អាច​រកបាន​ចាប់ពី​២​ម៉ឺន​ឡើងទៅ ដល់ពេល​ជំងឺ​នេះ​មកដល់ មួយថ្ងៃ​២​ម៉ឺន​រក​មិន​ចង់បាន​។ គ្រួសារ​គាត់​ហាមឃាត់​ដែរ តែបើ​យើង​សម្រុក​នៅផ្ទះ​ទាំងអស់គ្នា អត់​មាន​ចំណូល​ចូល មានតែ​ពិបាក​ហើយ​។ មិនទាន់​ប៉ះពាល់​សេដ្ឋកិច្ច​គ្រួសារ​ខ្លាំង​ទេ ព្រោះ​ជំងឺ​នេះ​រាតត្បាត​មិន​ចំ​តំបន់​ខ្ញុំ​»​។​
 
​បើតាម​បុគ្គលិក​ក្រុមហ៊ុន​ឡានក្រុង វីរៈ​ប៊ុន​ថាំ ក្រុមហ៊ុន​មាន​វិធាន​ការពារ​ជំងឺ COVID ១៩ គ្រប់​ភ្ញៀវ​ទាំងអស់​៖«​សាខា​ធំៗ​មួយចំនួន​ដែល​សម្បូរ​អតិថិជន​ជាប្រចាំ យើង​មាន​ឧបករណ៍​សម្រាប់​វាស់​កម្ដៅ​។ អតិថិជន​គាត់​ប្រុងប្រយ័ត្ន និង​យកចិត្តទុកដាក់​ខ្លាំង ចំពោះ​សុវត្ថិភាព​ផ្ទាល់ខ្លួន ទាំង​ការ​មក​យក​អីវ៉ាន់ ការរង់ចាំ និង​ការ​ជិះ​រថយន្ត​»​។​
 
​មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម អ្នករត់​ឡាន​ឈ្នួល​មួយរូប​ទៀត ដែលមាន​គោលដៅ​ពី​កំពង់ចាម ទៅ​រាជធានី​ភ្នំពេញ គឺ​លោក ជឹម សុ​ផា វ័យ​៥៥​ឆ្នាំ ប្រកប​របរ​នេះ​ជិត​៣០​ឆ្នាំ​មកហើយ​។ ត្រូវ​ដឹក​ភ្ញៀវ​ពី​ម៉ោង​៥​ព្រឹក ទៅ​រាជធានី​ភ្នំពេញ និង​ត្រឡប់មកវិញ​នៅ​ម៉ោង​១១​ថ្ងៃ លោក សុ​ផា ក៏បាន​ទិញ​អាល់កុល សម្រាប់​អតិថិជន​របស់ខ្លួន​ដែរ​៖«​ខ្ញុំ​មានទឹក​អាល់កុល គឺមាន​២ ទៅ​៣​មុខ​ឯណោះ ហើយនឹង​ម៉ាស ខ្ញុំ​ឱ្យ​គ្រប់​អតិថិជន​ទាំងអស់​។ ភាគច្រើន​អតិថិជន គាត់​មានទឹក​អាល់កុល និង​ម៉ាស​ខ្លួន​គាត់​»​។


 លោក ជឹម សុផា (រូប​ផ្ដល់​ឱ្យ​)
 
​ត្រឡប់​ទៅ​លោក ឈុន ប៊ុន​រ័ត្ន វិញ អ្នករត់​ឡាន​រូបនេះ មិនសូវ​ជាមាន​បញ្ហា​ប៉ុន្មាន​ទេ ចំពោះ​ការដំឡើងថ្លៃ​អាល់កុល ប៉ុន្តែ​លោក​សុំ​កុំ​ឱ្យមាន​ករណី​អាល់កុល​ក្លែងក្លាយ​៖«​រឿង​ឡើង​ថ្ងៃ​តិចតួច​ក៏​មិន​អី​ដែរ ព្រោះ​គេ​ថា​ទិញ​ពី​នោះមក​ថ្លៃ​ដែរ​។ តែ​កុំ​ឡើងថ្លៃ​ហើយ យក​របស់​ក្លែងក្លាយ​មក​លក់ អាហ្នឹង​បាញ់​ទៅ​ប៉ះពាល់​ដល់​សុខភាព​យើង​ទៀត​ណា​។ ហើយ​សំណួ​ម​ពរ​ម៉ាស កុំឱ្យ​ឡើង​ថ្ងៃ​៕
 

Tag:
 COVID១៩
  ជំងឺ​
  ឡាន​
  ម៉ូ​តុ​
  កង់​បី​
  រថយន្ត​
 ​មុខរបរ​
 ​ជីវភាព​
© រក្សាសិទ្ធិដោយ thmeythmey.com