COVID-19៖ Bill Gates រិះគន់​លោក​ត្រាំ​រឿង​ចង់​បើក​ប្រទេស​ឡើងវិញ
COVID-19
សេដ្ឋកិច្ច
អន្តរជាតិ
COVID-19៖ Bill Gates រិះគន់​លោក​ត្រាំ​រឿង​ចង់​បើក​ប្រទេស​ឡើងវិញ
26, Mar 2020 , 9:39 pm        
រូបភាព
សហស្ថាបនិក Microsoft លោក Bill Gates និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ
សហស្ថាបនិក Microsoft លោក Bill Gates និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ
​សហ​ស្ថាបនិក​ក្រុមហ៊ុន​អាមេរិក Microsoft លោក Bill Gates បាន​រិះគន់​ចំពោះ​គម្រោង​បើក​ប្រទេស​ឡើងវិញ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដើម្បី​ជួយ​បន្ធូរបន្ថយ​ផលប៉ះពាល់​សេដ្ឋកិច្ច ទោះបី​ជាការ​ជំងឺ COVID-19 បន្ត​រាតត្បាត​កាន់តែខ្លាំង​ក្នុង​សហរដ្ឋអាមេរិក​។ ត្រង់ចំណុច​នេះ មហាសេដ្ឋី​រូបនេះ ចាត់ទុក គំនិត​ធ្វើបែបនេះ «​ជា​ទង្វើ​គ្មាន​ទំ​នួ​ស​ខុសត្រូវ​»​។

 
​លោក Bill Gates ពុំបាន​និយាយ​ឈ្មោះ​លោក ត្រាំ ចំៗ​នោះឡើយ ក៏ប៉ុន្តែ​ប្រធានាធិបតី​អាមេរិក​រូបនេះ កាលពី​ថ្មីៗ​នេះ បាន​លើកឡើងថា លោក​មានបំណង​ឲ្យ​បណ្ដា​អាជីវកម្ម​ក្នុង​សហរដ្ឋអាមេរិក​បើក​ដំណើរការ​ឡើងវិញ ត្រឹម​ថ្ងៃទី​១២ ខែមេសា​ខាងមុខ​។ 
 
​ក្នុង​បទសម្ភាសន៍​មួយ កាលពី​ថ្ងៃ​អង្គារ ទី​២៤ ខែមីនា លោក Gates លើកឡើងថា​៖«​វា​ពិតជា​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ហើយ​វា​ពិតជា​ពិបាក​ក្នុងការ​និយាយ​ទៅកាន់​ប្រជាជន​ថា អ្នក​អាច​បន្តទៅ​ភោជនីយដ្ឋាន​, ទៅ​ទិញ​ផ្ទះ​ថ្មី ដោយ​មិន​ខ្វល់ខ្វាយ​ពី​គំនរ​សាកសព​នៅ​ពាសពេញ​ហ្នឹង​»​។ 
 
​លោក​បន្តថា​៖«​យើង​ចង់​ឲ្យ​អ្នក​បន្ត​ចាយវាយ ព្រោះថា​វា​ប្រហែល​មាន អ្នកនយោបាយ​ម្នាក់​ដែល​យល់ឃើញថា កំណើនសេដ្ឋកិច្ច គឺ​សំខាន់​ផុត​លេខ​»​។  ត្រង់ចំណុច​នេះ មហាសេដ្ឋី​អាមេរិក​វ័យ​៦៤​ឆ្នាំ​រូបនេះ សង្កត់ធ្ងន់ថា វា​ពិតជា​ទង្វើ​គ្មាន​ទំ​នួ​ស​ខុសត្រូវ​សោះ សម្រាប់​នរណាម្នាក់​លើក​ឡើង​បែបនេះ​។​
 
​សាក​សួរថា លោក​នឹងធ្វើ​បែបណា ប្រសិនបើ​លោក​ក្លាយជា​ប្រធានាធិបតី​នោះ លោក Bill Gates បាន​ត្រលប់​ទៅ​បកស្រាយ​បន្ថែម​ជុំវិញ​កង្វល់​របស់លោក​អំពី​ការបើក​សេដ្ឋកិច្ច​ឡើងវិញ​។ លោក​និយាយ​ដូច្នេះ​ថា​៖«​ផលប៉ះពាល់​លើ​សេដ្ឋកិច្ច ពិតជា​រឿង​គួរ​ឲ្យ​កត់សម្គាល់​»​។ ក៏ប៉ុន្តែ លោក សង្កត់ធ្ងន់ថា ការបើក​សេដ្ឋកិច្ច​ឡើងវិញ វា​នឹង​ប៉ះពាល់​ដល់​អាយុជីវិត​ប្រជាជន​អាមេរិក​។ 
 
«​ម្ល៉េះ​ហើយ យើង​នឹង​ព្រម​ទទួលយក​ការឈឺចាប់​ក្នុង​ក្របខណ្ឌ​សេដ្ឋកិច្ច ក្នុង​គោលដៅ​បន្ធូរបន្ថយ​ការឈឺចាប់​ក្នុង​ក្របខណ្ឌ​សុខភាព​និង​ការស្លាប់​»​។ លោក​មហាសេដ្ឋី Bill Gates អះអាង​បែបនេះ ដោយ​បន្ថែមថា គោលដៅ​ចម្បង​របស់លោក​គឺ​រក្សា​ពលរដ្ឋ​នៅ​ជុំវិញ​សហរដ្ឋអាមេរិក​ក្នុង​ភាព​ដាច់ដោយឡែក​ដើម្បី​បន្ថយ​ការ​រាលដាល COVID-19 ។​
 
​សហ​ស្ថាបនិក Microsoft រូបនេះ ពន្យល់ថា​៖«​ប្រសិនបើ​អ្នកធ្វើ​រឿង​ដាក់​នៅ​ដាច់ដោយឡែក​នេះ ត្រឹមត្រូវ នៅ​ទូទាំងប្រទេស​នោះ ក្នុងអំឡុងពេល​២០​ថ្ងៃ អ្នកនឹង​មើលឃើញ​តួលេខ​ករណី​ឆ្លង ពិតជា​ផ្លាស់ប្តូរ​។ វា​នឹង​ធ្លា​លើ​ចុះ ហើយ​នេះ​គឺជា​សញ្ញា​មួយ​ដែល​អ្នក​ឈានទៅរក​ភាពជោគជ័យ​ប្រឆាំង COVID-19 »​។​
 
​សូមបញ្ជាក់ថា បច្ចុប្បន្ន មនុស្ស​យ៉ាងហោចណាស់ ១៧៩​លាន​នាក់​ក្នុង​រដ្ឋ​១៨, តំបន់ ៣១ និង​ក្រុង ១២ របស់​សហរដ្ឋអាមេរិក កំពុង​ត្រូវបាន​ទទូច​ឲ្យ​ស្នាក់​នៅផ្ទះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​អាមេរិក New York Times ។ គិត​មក​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍ ២៦ ខែមីនា ករណី​ស្លាប់​ដោយសារ COVID-19 ក្នុង​សហរដ្ឋអាមេរិក មាន​លើស​មួយ​ពាន់​នាក់ ខណៈ​ករណី​ឆ្លង​សរុប​មាន​ជាង ៦៥០០០​នាក់​។ អ្នកជា​សះស្បើយ​មាន​ជិត​៤​រយ​នាក់​៕
 
​សូម​ទស្សនា​បទសម្ភាសន៍​រប​ស់លោក Bill Gates ជាមួយ TED ៖
 

Tag:
 សហរដ្ឋអាមេរិក​
  COVID-19
  Bill Gates
  ដូ​ណា​ល់ ត្រាំ​
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com