ភ្នំពេញ៖ ពេញមួយឆ្នាំ២០១៩ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានផ្ដល់ទឹកប្រាក់២៧៥,៨លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍន៍នៅកម្ពុជា។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ២០១៩របស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដែលទើបចេញផ្សាយ។
របាយការណ៍ADB បានបញ្ជាក់ថា ថវិកាក្នុងរូបភាពជាកម្ចី និងជំនួយនេះ គឺផ្ដោតលើគម្រោងឧទ្យានជាតិថាមពលព្រះអាទិត្យតម្លៃ ៧,៦ លានដុល្លារ ដើម្បីកាត់បន្ថយថ្លៃអគ្គិសនី តាមរយៈការវិនិយោគជាមួយវិស័យឯកជនលើថាមពលកកើតឡើងវិញ ដែលគេរំពឹងថា រោងចក្រថាមពលទាំងនោះ នឹងបញ្ចៀសការបញ្ចេញផ្សែងពុលកាបូនឌីអុកស៊ីតយ៉ាងហោចណាស់ ១៤៨. ៦៥០ តោនក្នុងមួយឆ្នាំ។
ក្រៅពីនេះ ក៏មានកម្មវិធីអភិវឌ្ឍន៍ផ្នែកហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន (កម្មវិធីរង ទី២) ដែលមានទឹកប្រាក់៤០លានដុល្លារ ដើម្បីបង្កើនការទទួលបានហិរញ្ញវត្ថុ ព្រមទាំងផ្តល់នូវសេវាហិរញ្ញវត្ថុថ្មីដល់សហគមន៍ក្រីក្រ ដែលរួមមានទីជនបទ ផ្នែកកសិកម្ម និងធុរកិច្ចខ្នាតតូច និង មធ្យម។ កម្មវិធីនេះគាំទ្រការអនុម័តយុទ្ធសាស្ត្របរិយាប័ន្នហិរញ្ញវត្ថុជាតិ ច្បាប់សំខាន់ៗ ដូចជាច្បាប់កសាងទំនុកចិត្ត ច្បាប់ការពារអតិថិជន ព្រមទាំងការបញ្ចូលចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងកម្មវិធីសិក្សា។ ទន្ទឹមនឹងនេះ គម្រោងជំនាញសម្រាប់ពង្រឹងសមត្ថភាពប្រកួតប្រជែង ដែលមានតម្លៃ ៦០ លានដុល្លារ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស ទៅជាកម្លាំងពលកម្មដែលមានជំនាញ ក្នុងវិស័យអាទិភាពចំនួនបួន រួមមាន៖ ផ្នែកផលិតកម្ម សំណង់ អគ្គិសនី និងអេឡិចត្រូនិក។ នេះបើតាមADB។
ADB ក៏បានផ្ដល់ទឹកប្រាក់៤៩លានដុល្លារ (ដែល៤,៤លានដុល្លារជាប្រាក់ជំនួយ) សម្រាប់កម្មវិធីទីបី នៃការអភិវឌ្ឍន៍ផ្នែកសេវាអនាម័យនិងផ្គត់ផ្គង់ទឹកស្អាតតាមទីជនបទ ដើម្បីលើកកម្ពស់អនាម័យ និងការផ្គត់ផ្គង់ទឹកស្អាតថែមទៀតនៅតាមទីជនបទ។ កម្មវិធីនេះ អនុវត្តនៅខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ឆ្នាំង កំពង់ធំ កំពង់ស្ពឺ កំពត ពោធិ៍សាត់ និងខេត្ដសៀមរាប និងអនុវត្តន៍ក្នុងភូមិចំនួន ៦០០។ ADB ក៏ផ្ដល់ថវិកាអនុវត្តគម្រោងកែលម្អកសិកម្មស្រោចស្រព តម្លៃ១១៩,២ លានដុល្លារ (ដែល ២,២ លានដុល្លារជាប្រាក់ជំនួយ) ដើម្បីពង្រឹងភាពធន់នឹងអាកាសធាតុនៃហេដ្ឋារចនាសម្ព័ន្ធ កសិកម្មសំខាន់ៗ ធ្វើជំនួញផលិតកម្មស្រូវ ពោត ដំឡូងមី និងស្វាយ ព្រមទាំងលើកកម្ពស់ ផលិតភាព និងពិពិធកម្មកសិកម្ម។
គម្រោង និងកម្មវិធីធំៗ ដែល ADB បានផ្ដល់កម្ចី និងជំនួយដល់កម្ពុជានេះ គឺបានចាប់ផ្តើមអនុវត្តក្នុងឆ្នាំ២០១៩ ហើយកំពុងបន្តរហូតដល់បច្ចុប្បន្ននេះ។
ADB បានផ្ដល់ប្រាក់កម្ចី និងជំនួយឥតសំណងដល់កម្ពុជា ចាប់តាំងពីឆ្នាំ១៩៦៦ មកម្ល៉េះ ។ ប៉ុន្តែADB បានផ្អាកផ្ដល់ជំនួយវិញ នៅគ្រាដែលកម្ពុជា ជួបបញ្ហាសង្គ្រាមជាងពីរទសវត្សរ៍កន្លងមក មុននឹងចាប់ផ្ដើមផ្ដល់ជំនួយដល់កម្ពុជាវិញ នៅឆ្នាំ ១៩៩២ ។ គិតមកដល់បច្ចុប្បន្ននេះ ADB បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍នានា មានទឹកប្រាក់សរុបជាង ៣,២ ពាន់លានដុល្លារហើយ ។ ក្នុងចំណោមទឹកប្រាក់ទាំងនោះ គឺមានឥណទានសម្បទានជាង ២,៧ ពាន់លានដុល្លារ និងហិរញ្ញប្បទានឥតសំណងជាង ៥០០លានដុល្លារ ៕