ជាតិ
សេដ្ឋកិច្ច
CDC អនុម័តឱ្យក្រុមហ៊ុនចិនមួយសង់សណ្ឋាគារផ្កាយ៥តម្លៃជាង១០០លានដុល្លារ នៅខេត្តព្រះសីហនុ លោក សុខ ចន្តាសោភា ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។
× ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឱ្យក្រុមហ៊ុនចិនមួយឈ្មោះ«YONG WANG (CAMBODIA) CO., LTD» សាងសង់និងបើកអាជីវកម្មសណ្ឋាគារលំដាប់ផ្កាយ៥ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ បើតាមការចុះផ្សាយរបស់CDC នៅថ្ងៃទី២២ឧសភា ឆ្នាំ២០២០ គម្រោងសាងសង់សណ្ឋាគារផ្កាយ៥នេះ មានទំហំវិនិយោគសរុប ១០៧,៩លានដុល្លារអាមេរិក។
CDC បានបញ្ជាក់ថា សណ្ឋាគារផ្កាយ៥នេះ មានចំនួន៧០០បន្ទប់ និងបង្កើតឱ្យការងារដល់ប្រជាពលរដ្ឋបានរហូតជាង៨០០នាក់។ ជាមួយគ្នានេះ CDC ក៏បានអនុម័តឱ្យក្រុមហ៊ុនពីរទៀត ដែលមានតម្លៃវិនិយោគ ជិត៥២លានដុល្លារ ដែលអាចបង្កើតឱ្យការងារដល់ពលរដ្ឋបានជាង៣០០កន្លែងផងដែរ។
ក្រុមហ៊ុនទាំងពីរនោះ មានក្រុមហ៊ុន RISEN ENERGY (CAMBODIA) BATTAMBANG CO., LTD មានទុនវិនិយោគ៥០,៩លានដុល្លារ ដែលគ្រោងបង្កើតស្ថានីយផលិតអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ នៅភូមិសូភី ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង។ រីឯក្រុមហ៊ុនមួយទៀត ឈ្មោះPROSPECT ENERGY (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា នៅភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុនមានទុនវិនិយោគជិត៨លានដុល្លារ។ នេះបើតាមCDC៕
Tag:
សណ្ឋាគារ
ព្រះសីហនុ
កំពង់ស្ពឺ
បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com