COVID-19
សេដ្ឋកិច្ច
អន្តរជាតិ
ទោះមាន COVID-19 ការនាំចេញថៃខែមេសាកើនភាគរយព្រោះលក់កសិផលច្រើន រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ Jurin Laksanawsit (ប្រភព៖ ក្រសួងពាណិជ្ជកម្មថៃ)
× ក្រសួងពាណិជ្ជកម្មថៃ នៅថ្ងៃទី២២ ខែឧសភា បានបញ្ជាក់ថា ការនាំចេញក្នុងខែមេសាឆ្នាំ២០២០ បានកើនឡើង២,១២ភាគរយ បើធៀបនឹងឆ្នាំមុន។ កំណើននេះ គឺជំរុញដោយការនាំចេញច្រើនជាងមុននៃផលិតផលកសិកម្ម ចំណីអាហារ និងមាស។
ក្នុងរបាយការណ៍ដែលចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters ក្រសួងពាណិជ្ជកម្មថៃ អះអាងថា ការនាំចេញផលិតផលកសិកម្ម និងកសិឧស្សាហកម្ម បានកើនឡើង៤,០៣ភាគរយ ហើយនោះគឺព្រោះតែកំណើននៃតម្រូវការចំណីអាហារសកល អំឡុងពេលបញ្ជាបិទប្រទេសទប់ស្កាត់ COVID-19 ។
ក្រសួងពាណិជ្ជកម្មថៃ សង្កត់ធ្ងន់ថា ការនាំចេញទៅកាន់ទីផ្សារធំៗ ដូចជា សហរដ្ឋអាមេរិក និងជប៉ុន បន្តកើនឡើងគួរឲ្យកត់សម្គាល់ ខណៈការនាំចេញទៅកាន់កោះតៃវ៉ាន់ និងទីក្រុងហុងកុង រក្សាកំណើតវិជ្ជមាន។ សម្រាប់៤ខែដំបូងឆ្នាំ២០២០ ការនាំចេញរបស់ថៃកើន ១,១៩ភាគរយ។
យ៉ាងណាមិញ ការរាតត្បាត COVID-19 ធ្ងន់ធ្ងរក្នុងតំបន់អឺរ៉ុប ជាពិសេស ក្នុងប្រទេស អ៊ីតាលី បារាំង អាល្លឺម៉ង់ និងហូឡង់ បង្ខំឲ្យការនាំចេញថៃទៅកាន់ប្រទេសអឺរ៉ុបចំនួន១៥ត្រូវផ្អាកកាលពីខែមុន។ ក្រសួងពាណិជ្ជកម្មថៃ បញ្ជាក់បែបនេះ។
ការហក់ឡើងនៃការនាំចេញមាស ធ្វើឲ្យតម្លៃមាសកើនឡើង និងមានការនាំចេញច្រើនទៅកាន់ប្រទេសស្វីស សិង្ហបុរី និងហុងកុង។ បន្ថែមពីនេះ តម្លៃប្រេងសកលធ្លាក់ចុះគំហុក បានធ្វើឲ្យការនាំចេញផលិតផលដែលធ្វើចេញពីប្រេងផ្អាក ជាពិសេស ក្នុងតំបន់អាស៊ាន និងទីផ្សារប្រទេស ៤ ក្នុងតំបន់ដូចជា កម្ពុជា ឡាវ មីយ៉ាន់ និងវៀតណាម។
គិតត្រឹមថ្ងៃទី២២ ខែឧសភា ប្រទេសថៃ មានករណីឆ្លងCOVID-19សរុប ៣០៣៧ករណី ហើយអ្នកស្លាប់មាន៥៦នាក់។ បើតាមវេបសាយ worldometers អ្នកជំងឺជាសះស្បើយមាន២៩១០ ខណៈអ្នកជំងឺព្យាបាលនៅមន្ទីរពេទ្យនៅសល់៧១នាក់៕
Tag:
ថៃ
COVID-19
កសិកម្ម
សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com