ជាតិ
សេដ្ឋកិច្ច
ក្រសួងកសិកម្ម កំពុង​រក​យុទ្ធសាស្ត្រ​ឲ្យ​តម្លៃ​ជ្រូក​រស់ សល់​ត្រឹម​តម្លៃ​ថេរ ១២,០០០​រៀល​ក្នុង​មួយ​គីឡូក្រាម
18, Jun 2020 , 7:19 pm        
រូបភាព
លោក ផាន់ណារ៉ា (ខាងលើ), លោក ចាន់ថេត (ខាងក្រោមឆ្វេង), លោក ពៅ ពាក់ម៉ាស់ (ខាងក្រោមស្ដាំ)។
លោក ផាន់ណារ៉ា (ខាងលើ), លោក ចាន់ថេត (ខាងក្រោមឆ្វេង), លោក ពៅ ពាក់ម៉ាស់ (ខាងក្រោមស្ដាំ)។
​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ លោក តាន់ ផាន់​ណា​រ៉ា អះអាងថា ក្រសួងកសិកម្ម​កំពុង​ដំណោះស្រាយ​ឲ្យ​តម្លៃ​ជ្រូក​រស់នៅ​ថេរ​ត្រឹម​១២០០០​រៀល ដើម្បី​សម្រួល​ដល់​អ្នក​បរិភោគ​សាច់ជ្រូក​។


​លោក ផាន់​ណា​រ៉ា អះអាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​ថា  ក្រុមហ៊ុន​នាំចូល​ជ្រូក​បាន​ផ្អាក​ការនាំ​ចូល​មួយ​រយៈពេល​សិន ដោយសារ​មិន​ចំណេញ ព្រោះតែ​តម្លៃ​ជ្រូក​រស់នៅ​ត្រឹម​១២,០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​នេះ​។ «​អ្វីដែល​ខ្ញុំ​បាន​ជជែក​ជាមួយ​សមាគម​ចិញ្ចឹមសត្វ​ថ្ងៃនេះ គឺ​ជ្រូក​រស់នៅ​ត្រឹម​១២,០០០​រៀល​។ ក្រុមហ៊ុន​នាំចូល​ជ្រូក​បាន​ផ្អាក​ការនាំ​ចូល​ហើយ​។ បើ​ជ្រូក​ក្នុងស្រុក​តែ​១២,០០០​រៀល​គាត់​នាំចូល​មិនកើត​បើ​តម្លៃ​នាំចូល​ពី​ថៃ​ប្រហាក់ប្រហែល​១១,០០០​រៀល ហើយ​បើក​បង់ពន្ធ​ទៀត គាត់​យក​ចូលមក​អត់​កើត​ទេ​។ យើង​កំពុងធ្វើការ​ងារ​លើ​រឿង​ហ្នឹង​(​ឲ្យ​តម្លៃ​ជ្រូក​ថេរ​នៅត្រឹម​១២,០០០​រៀល​) ប៉ុន្តែ​វា​អាស្រ័យ​លើ​ប្រទេសជិតខាង​ដែរ​»​។​
 
​រដ្ឋ​ម​ន្រី្ត​ក្រសួងកសិកម្ម លោក វេ​ង សាខុន បានអនុញ្ញាត​ឲ្យ​ប្រធាន​សមាគម​ចិញ្ចឹមសត្វ​កម្ពុជា សម្របសម្រួល​ជាមួយ​ភាគី​ពាក់ព័ន្ធ​លើ​តម្លៃ​ជ្រូក​រស់​នេះ ។​នេះ​បើតាម​បញ្ជាក់​របស់ លោក ស្រ៊ុន ពៅ ដោយ​បញ្ជាក់ថា លោក​បាន​សម្របសម្រួល​ជាមួយ​កសិដ្ឋាន​ធំៗ​ក្នុងស្រុក​ឲ្យ​បញ្ចុះតម្លៃ​ជ្រូក​រស់​ហើយ​។ 
 
​លោក ស្រ៊ុន ពៅ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​ថា​៖ «​តម្លៃ​ជ្រូក​រស់​របស់​កសិដ្ឋាន​ធំៗ​ក្នុងស្រុក​ថ្ងៃនេះ គឺ​នៅត្រឹម​១២,៥០០​រៀល បន្ទាបពី​មានការ​សម្របសម្រួល​។ ចំណែក​តម្លៃ​ជ្រូក​រស់​របស់​ក្រុមហ៊ុន​នាំចូល​ជ្រូក​ខាង​ក្រសួងកសិកម្ម​ថា នឹង​ដោះស្រាយ​ដោយផ្ទាល់ ដោយសារ​សមាគម​ខ្ញុំ ជា​សមាគម​ចិញ្ចឹមសត្វ​អាច​សម្របសម្រួល​ដល់​អ្ន​ក​ចិញ្ចឹម​ក្នុងស្រុក​បាន ហើយ​ក្រុមហ៊ុន​នាំចូល​ជ្រូក​មិនមាន​អ្វី​ពាក់ព័ន្ធ​ជាមួយ​ខាង​ខ្ញុំ​ឡើយ​»​។ 
 
​បច្ចុប្បន្ននេះ​តម្លៃ​ជ្រូក​រស់​របស់​ម្ចាស់​កសិដ្ឋាន និង​ក្រុមហ៊ុន​នាំចូល​ជ្រូក មាន​ចំនួន​ពី​១៣៦០០ ទៅ​១៤០០០​រៀល ក្នុង​មួយ​គីឡូក្រាម​។ នៅ​កម្ពុ​ជាមាន​ក្រុមហ៊ុន​៧ ដែល​ក្រសួង​អនុញ្ញាត​ឲ្យ​នាំចូល​ជ្រូក​។ ប៉ុន្តែ​កាលពី​ថ្ងៃទី​២០ ខែឧសភា​នេះ ក្រសួង​បាន​បញ្ឈប់​ក្រុមហ៊ុន​មួយ ដោយសារ​នាំចូល​ជ្រូក​គ្មាន​លិខិត​ពិនិត្យ​សុខភាព​ច្បាស់លាស់​។ ក្រសួងកសិកម្ម អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​នីមួយៗ​នាំចូល​ជ្រូក​៣០០​ក្បាល​ប៉ុណ្ណោះ មកកាន់​រាជធានី​ភ្នំពេញ ហើយ​ជ្រូក​នៅសល់ គឺ​ដាក់​តាម​បណ្ដាល​ខេត្ត​។​
 
​សមាគម​អ្នក​ចិញ្ចឹម​ជ្រូក​កម្ពុជា ធ្លាប់បាន​បញ្ជាក់ថា កម្ពុជា ចំណាយ​ថវិកា​ជាង​៤០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​លើ​ការ​នាំចូល​ជ្រូក សម្រាប់​ផ្គត់​ផ្គង​តម្រូវការ​ក្នុងស្រុក​។​
 
​កម្ពុ​ជាមាន​ត្រូវការ​ជ្រូក​ប្រមាណ​៩​ពាន់​ក្បាល​ក្នុង​ក្បាល​ក្នុង​មួយថ្ងៃ​។ ប៉ុន្តែ​កម្ពុជា​មានលទ្ធភាព​ផ្គត់ផ្គង់​ជ្រូករ​ស់បាន​ប្រមាណ​៧០​ភាគរយៈ​ប៉ុណ្ណោះ ពោលគឺ​ប្រមាណ​៦​ពាន់​ក្បាល​ក្នុង​មួយថ្ងៃ​។​សត្វ​ជ្រូក ដែល​កំពុង​ចិញ្ចឹម​ទាំងអស់​នៅ​កម្ពុជា មាន​ចំនួន​២.៣​លាន​ក្បាល​។ នេះ​បើតាម​របាយការណ៍​ពី​ក្រសួងកសិកម្ម​៕ 
 

Tag:
 សេដ្ឋកិច្ច​
  កសិកម្ម​
  ជ្រូក
© រក្សាសិទ្ធិដោយ thmeythmey.com