ភ្នំពេញ៖ បច្ចុប្បន្នមិនថាអាជីវកម្មរបស់អ្នកមានការទទួលស្គាល់ពីអតិថិជនគ្រប់លំដាប់ក៏ដោយ ប្រសិនបើម្ចាស់អាជីវកម្មមិនចេះប្រើប្រាស់បច្ចេកវិទ្យា ដើម្បីរុញផលិតផលខ្លួនឱ្យកាន់តែជិតអតិថិជនទេ អាជីវកម្មនោះ នឹងអាចដើរថយក្រោយ ឬនៅទ្រឹង ឬឈានដល់ការបិទទ្វារ។ នេះជាការលើកឡើងរបស់លោក ស៊ាន ធនិន អគ្គនាយក CEO Master Club Investment ដោយអះអាងថា ទោះមិនស្ថិតនៅក្នុងស្ថានភាពនៃជំងឺកូវីដ-១៩(COVID-19) ក៏ដោយ បច្ចេកវិទ្យាគឺនិន្នាការថ្មីនៃការបញ្ជូនផលិតផលទៅដល់ដៃអតិថិជនក្នុងការបញ្ជីទិញ។
បើតាមលោក ធនិន ការចេះប្រើប្រាស់បច្ចេកវិទ្យា នៅក្នុងអាជីវកម្មប្រភេទStartup និងអាជីវកម្មលក្ខណៈគ្រួសារ គឺមិនទាមទារអ្វីច្រើននោះទេសម្រាប់អាជីវករ ដោយគ្រាន់តែចេះផ្សព្វផ្សាយឬក៏ចេះលក់ផលិតផលរបស់ខ្លួននៅតាមបណ្តាញសង្គមហ្វេសប៊ុក(Facebook), អ៊ីនស្តារក្រាម(Instagram)និងយូធូប(YouTube)...ជាដើម។
សូមអញ្ជើញអានបទសម្ភាសរវាងកញ្ញា អ៊ូ សុខមាន នៃសារព័ត៌មានថ្មីៗ ជាមួយលោក ស៊ាន ធនិន អគ្គនាយក CEO Master Club Investment ដូចតទៅ៖
កញ្ញា អ៊ូ សុខមាន៖ ក្រោយប្រទេសជាតិមានភាពស្ងប់ស្ងាត់នៃជំងឺឆ្លងកូវីដ-១៩ មានអាជីវកម្ម (ប្រភេទអាជីវកម្មStartup និងលក្ខណៈគ្រួសារ)មួយចំនួន បានបិទទ្វារ មានចំនួនកំពុងពិបាកស្តារអាជីវកម្មរបស់ខ្លួនឡើងវិញ និងមួយចំនួនទៀតកំពុងតែជោគជ័យលើអាជីវកម្មទៅវិញ។ តើហេតុអ្វីបានជាក្រុមប្រភេទអាជីវកម្មទាំងនោះជួបស្ថានភាពនៃអាជីវកម្មខុសគ្នាបែបនេះ?
លោក ស៊ាន ធនិន៖ ជាប្រភេទអាជីវកម្មStartup និងលក្ខណៈគ្រួសារតែមួយ ប៉ុន្តែ មានក្រុមមនុស្សដួលអាជីវកម្ម និងមានក្រុមអ្នកពិបាកស្តារអាជីវកម្ម ខណៈមនុស្សមួយក្រុមទៀតកំពុងតែលូតលាស់ និងរីកចម្រើននូវអាជីវកម្មទៅវិញ។ ចំពោះអាជីវកម្មដែលកំពុងធ្លាក់ចុះ ហើយពិបាកស្តារភាពរីកចម្រើនឡើងនៃអាជីវកម្ម ក្រោយស្ថានភាពកូវីដ-១៩នៅក្នុងប្រទេសជាតិបានស្ងប់ស្ងាត់នោះ គឺដោយសារម្ចាស់អាជីវកម្មទាំងនោះរងវិបត្តិផ្លូវចិត្ត និងមិនចេះច្នៃអាជីវកម្មឱ្យដើរទាន់សម័យកាល ដោយនៅបន្តអនុវត្តអាជីវកម្មតាមបែបប្រពៃណី បែបទម្លាប់ដដែល ដែលធ្វើឱ្យអាជីវកម្មមានលក្ខណៈដើរថយក្រោយ ឬនៅទ្រឹង ឬឈានដល់ការបិទទ្វារតែម្តង។
ការអនុវត្តអាជីវកម្មតាមបែបប្រពៃណី បែបទម្លាប់ដដែលនោះ មានន័យថា៖«គាត់(អាជីវករ)បើកហាងទំនិញ គាត់នៅតែចាំបើកទ្វារហាង ហើយចាំឱ្យអតិថិជនចូលមកទិញគាត់ធម្មតា។ របៀបធ្វើអាជីវកម្មបែបហ្នឹង វាមិនមែនជាសកម្មភាពធ្វើអាជីកម្មបែបសកម្ម ឬបុរេសកម្មនោះទេ ប៉ុន្តែវាការធ្វើអាជីវកម្មបែបដើរថយក្រោយទៅវិញ ដោយរងចាំឱ្យអតិថិជនមកដល់ទីតាំង ទើបអាចលក់បាន ឬធ្វើបាន»។
ត្រង់ចំណុចទាំងនេះ លោក ធនិន លើកទឹកចិត្តឱ្យម្ចាស់អាជីវកម្មទាំងអស់ ត្រូវផ្លាស់ប្តូររបៀបការគិត និងការអនុវត្តអាជីវកម្មបែបប្រពៃណី ពីព្រោះក្នុងស្ថានភាពនេះមនុស្សនៅក្នុងសង្គមជាទូទៅ គឺបានចាប់ផ្តើមផ្លាស់ប្តូររបៀបទិញរបស់ខ្លួន ផ្លាស់ប្តូររបៀបគិតរបស់ខ្លួន និងផ្លាស់ប្តូររបៀបក្នុងការស្វែងរកផលិតផលរបស់ខ្លួន ដូច្នេះអាជីវករនីមួយៗត្រូវបំលែងការអនុវត្តអាជីវកម្មបែបប្រពៃណី ទៅបែបឌីជីថលឬតាមបច្ចេកវិទ្យាទំនើបវិញ។
កញ្ញា អ៊ូ សុខមាន៖ តើអាជីវករត្រូវបំលែងងខ្លួនពីសកម្មភាពអាជីវកម្មបែបប្រពៃណីឬបែបទម្លាប់ពីគ្រួសារទៅសកម្មភាពអាជីវកម្មបែបឌីជីថលក្នុងរបៀបទំនើប បានយ៉ាងដូចម្ត៉េច?
លោក ស៊ាន ធនិន៖ អាជីវកម្មបែបឌីជីថលទំនើបនេះ ខ្ញុំមិនសំដៅទៅលើយើងទាល់តែចាំបាច់ប្រើប្រព័ន្ធE- Commerce និងប្រព័ន្ធគ្រប់គ្រងអាជីវកម្មធំៗនោះទេ។ សម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម(SME) គឺអាចប្រើប្រាស់បណ្តាញសង្គមដែលគាត់មានស្រាប់ ហើយគាត់អាចចេះច្នៃផ្សព្វផ្សាយអាជីវកម្មរបស់ខ្លួនតាមរយៈFacebook តាម Instagram និងតាមYouTube ជាដើម។ ដូច្នេះ បណ្តាញសង្គមទាំងអស់ហ្នឹង ខ្ញុំគិតថាម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម អាចនឹងបំលែងខ្លួនឯងមករករបត់ថ្មីមួយហ្នឹង ក្នុងសម័យទំនើបបែបឌីជីថលនេះ។
កញ្ញា អ៊ូ សុខមាន៖ មានម្ចាស់អាជីវកម្មមួយចំនួនលើកឡើងថា អាជីវកម្មរបស់គាត់អនុវត្តបែបប្រពៃណីអស់១០ទៅ២០ឆ្នាំមកហើយ, ហើយឱ្យមកផ្លាស់ប្តូររបៀបរកស៊ីថ្មី ឬច្នៃរបៀបរកស៊ីតាមរយៈការLive តាមហ្វេសប៊ុក ឬថតជាវីដេអូផ្សេងៗនោះ គឺជាការលំបាកខ្លាំងពួកគាត់ដែលគ្មានជំនាញប្រើប្រាស់បណ្តាញសង្គមទាំងអស់ហ្នឹង។ តើក្រុមប្រភេទម្ចាស់អាជីវកម្មទាំងនោះត្រូវធ្វើបែបណាដើម្បីកែច្នៃអាជីវកម្មរបស់ខ្លួនឱ្យល្អប្រសើរ ខណៈខ្លួនគ្មានចំណេះជំនាញលើការប្រើប្រាស់បណ្តាលទំនាក់ទំនងសង្គមទាំងអស់ហ្នឹង?
លោក ស៊ាន ធនិន៖ ខ្ញុំគិតថាអ្វីដែលពួកគាត់លើកឡើង វាគ្រាន់តែជាផ្នត់គំនិតប៉ុណ្ណោះ។ មិនមែនអ្វីលំបាកដែលពួកគាត់ធ្វើមិនបាននោះទេ។ ភាពរីកចម្រើននៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន រួមផ្សំនឹងស្ថានភាពនៃជំងឺឆ្លងរាលដាលកូវីដ-១៩ បានជំរុញឱ្យមនុស្សកាន់តែប្រើប្រាស់នូវបច្ចេកវិទ្យាសម្បូរបែបផងនោះ ទោះម្ចាស់អាជីវកម្មចង់ឬមិនចង់ប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ក៏ត្រូវរៀនប្រើប្រាស់ឬ ជួលគេឱ្យជួយផ្សព្វផ្សាយអាជីវកម្មរបស់ខ្លួនលើបណ្តាលសង្គមទាំងផងដែរ។ បើពុំនោះទេអាជីវកម្មទាំងនោះ គឺពិបាកស្តារទៅរកភាពល្អប្រសើរឡើងវិញដូចមុនជួបនូវវិបត្តិកូវីដ-១៩ណាស់ ហើយឈានអាចទៅការដល់បិទទ្វារ។
បច្ចុប្បន្ននេះ បើម្ចាស់អាជីវកម្មមិនចេះប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមសោះ គឺត្រូវរកអ្នកជំនាញប្រឹក្សាយោបល់របៀបធ្វើកិច្ចការងារក្នុងប្រព័ន្ធបច្ចេកវិទ្យាទាំងអស់ហ្នឹង រកអ្នកជំនាញឬក្រុមហ៊ុនអាជីវកម្មឱ្យជួយធ្វើកិច្ចការងារហ្នឹងលើការបង្កើតប្រព័ន្ធផ្សព្វផ្សាយផលិតផលលើបណ្តាញទំនាក់ទំនងសង្គមនានា។ នេះជាជាងយើងអត់ចេះប្រើប្រាស់បណ្តាញសង្គមអ្វីសោះ ហើយយើងអត់ទៅរកជំនួយទេ នោះអាជីវកម្មរបស់យើងគឺជាការពិបាកប្រកួតប្រជែង និងពិបាកឈរជើងណាស់។
ឥឡូវនេះ មានអាជីវកម្មច្រើនណាស់ដែលជួយធ្វើBranding ជួយបង្កើតផេក(Page) ជួយធ្វើវេបសាយ(Website)... ឱ្យម្ចាស់អាជីវកម្មនីមួយៗ។« អ្វីទាំងអស់ហ្នឹងខ្ញុំចង់និយាយថា គឺមិនមែនជាពិភពងងឹត ហើយគ្មានច្រកចេញសម្រាប់ម្ចាស់អាជីវកម្មដែលមិនចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនោះទេ គឺមានអ្នកជំនាញច្រើនណាស់ចាំជួយអាជីវកម្មរបស់យើង ក្នុងសម័យកាលទំនើបនេះ។ គ្រាន់តែយើងអត់ទៅបានប្រសព្វនឹងអ្នកជំនាញទាំងអស់ហ្នឹង ដែលយើងគិតថាការប្រើប្រាស់បណ្តាញសង្គមលក់ផលិតផលរបស់យើង វាគិតថាលំបាក»៕