ជាតិ
សេដ្ឋកិច្ច
​ម៉ាស​សរសៃឈូក​នៅ​សៀមរាប ត្រូវបាន​នាំចេញ​ទៅ​ទីផ្សារ​អាមេរិក បារាំង និង​កាណាដា​
27, Jul 2020 , 9:19 pm        
រូបភាព
ដោយ:
​ម៉ាស មាន​តម្រូវការ​ខ្ពស់ នៅក្នុង​វិបត្តិ​កូ​វីដ​-១៩​នេះ​។ សហគ្រាស​សង្គម​ឈ្មោះ Samatoa Lotus Textiles ដែលមាន​ទីតាំងនៅ​ភូមិ​អារញ្ញ សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្ត​ខេត្តសៀមរាប ដែលមាន​ពិសោធន៍​យូរ​ឆ្នាំ ក្នុង​ការផលិត​កំណាត់ និង​សម្លៀកបំពាក់​ច្នៃ​ចេញពី​សរសៃឈូក ក៏បាន​ផ្តើម​ផលិត​ជា ម៉ាស​កំណាត់​សម្រាប់​ប្រើប្រាស់​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ផងដែរ​។

 
​លោក Awen Delaval ជា​ជនជាតិ​បារាំង និង​ជានា​យក​ប្រតិបត្តិ​របស់ Samatoa Lotus Textiles បាន​ប្រាប់ ThmeyThmey25 តាម​អ៊ី​ម៉ែ​ល​ថា ម៉ាស​សរសៃឈូក​នេះ អាច​ការពារ​ធូលី​ដី និង​សមាសធាតុ​ល្អិត បាន​យ៉ាង​ល្អ និង​អាច​ប្រើប្រាស់ បោក​ទឹកបាន ១០០​ដង​ឯណោះ​។ មិន​ត្រឹមតែ​សមស្រប​ក្នុង​បរិបទ​កូ​វីដ​-១៩​នោះទេ ម៉ាស​សរសៃឈូក​នេះ ក៏​មិន​បង្ក​ផលប៉ះពាល់​ដល់​បរិស្ថាន​ដែរ នៅពេលដែល​ឈប់​ប្រើប្រាស់​។​
 
​ក្នុង​មួយថ្ងៃ សហគមន៍​អាច​ផលិត​ម៉ាស​កំណាត់​ច្នៃ​ពិ​សរសៃឈូក បាន​១,០០០ ម៉ាស និង​កំពុង​ផ្គត់ផ្គង់​លើ​ទីផ្សារ​ក្នុងស្រុក​មួយ​ភាគ និង​បាន​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​ដូចជា​សហរដ្ឋអាមេរិក បារាំង និង​កាណាដា​។ នេះ​បើតាម​លោក Awen Delaval ។​


 ម៉ាសធ្វើពីសរសៃឈូក

​សូមជម្រាបថា Samatoa Lotus Textiles  បង្កើតឡើង​នៅ​ឆ្នាំ​២០០៣ នៅ​ផ្ដោត​សំខាន់​ក្នុង​ការផលិត សម្ភារ​ប្រើប្រាស់​នៅក្នុង​វិស័យ​ដើរ​ម៉ូត ដែល​ផលិត​ចេញពី​ធម្មជាតិ​។ បច្ចុប្បន្ន សហគ្រាស​នេះ កំពុងផ្តល់​ការងារ​ដល់​ប្រជា​សហគមន៍ ដែល​ភាគច្រើនបំផុត​ជា​ស្ត្រី សរុប ១៤០ នាក់ ហើយ​ពួកគាត់​អាច​ទទួលបាន​ប្រាក់ចំណូល​ពី ១៥ ដុល្លារ​ទៅ ៣០ ដុល្លារ​ក្នុង​មួយថ្ងៃ​។ សហគ្រាស​សង្គម​មួយ​នេះ ក៏​ធ្លាប់​ទទួលបាន​ពានរង្វាន់ UNESCO PRIZE ក្នុង​ឆ្នាំ​២០១២ ផងដែរ​។ លោក Awen Delaval​បញ្ជាក់ប្រាប់ thmeythmey25 ដូច្នេះ​៕
 


ម៉ាសសរសៃឈូក ផ្ដល់ដោយសិប្ប


​សកម្មភាពស្រ្តីខ្មែរកំពុងយកសរសៃឈូកពីដើមឈូក រូបភាពផ្ដល់ដោយសិប្ប

© រក្សាសិទ្ធិដោយ thmeythmey.com