ជាតិ
សេដ្ឋកិច្ច
​រដ្ឋ​ត្រៀម​កញ្ចប់​ថវិកា​៥០០​លាន​ដុល្លារ​ទៀត​សម្រាប់​គាំទ្រ SME ក្នុង​វិបត្តិ COVID-19
31, Jul 2020 , 6:29 am        
រូបភាព
លោក រស់ ស៊ី​ល​វ៉ា រដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កំពុង​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី  «​ដំណើរការ និង​នីតិវិធី​នៃ​គម្រោង​ហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម​(SME)» នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​៣០​កក្កដា ឆ្នាំ​២០២០​។ រូបថត​៖ ប៉ាន់ បូ​នី​/ThmeyThmey
លោក រស់ ស៊ី​ល​វ៉ា រដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កំពុង​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី «​ដំណើរការ និង​នីតិវិធី​នៃ​គម្រោង​ហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម​(SME)» នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​៣០​កក្កដា ឆ្នាំ​២០២០​។ រូបថត​៖ ប៉ាន់ បូ​នី​/ThmeyThmey
​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​បាន​ត្រៀម​កញ្ចប់​ថវិកា​ចំនួន​៥០០​លាន​ដុល្លារ​បន្ថែមទៀត សម្រាប់​គាំទ្រ​ដល់​វិស័យ​សហគ្រាស​ធុន​តូច​-​មធ្យម​(SME)​នៅ​កម្ពុជា ដើម្បី​ឆ្លើយតប​នឹង​វិបត្តិ​កូ​វីដ​-១៩​។ នេះ​ការលើកឡើង​របស់លោក រស់ ស៊ី​ល​វ៉ា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី  «​ដំណើរការ និង​នីតិវិធី​នៃ​គម្រោង​ហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម​(SME)» នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​៣០​កក្កដា ឆ្នាំ​២០២០​។​



​លោក រស់ ស៊ី​ល​វ៉ា បាន​បញ្ជាក់ថា កញ្ចប់​ថវិកា​៥០០​លាន​ដុល្លារ​បន្ថែម​សម្រាប់​គាំទ្រ​ដល់​វិស័យ SME នោះ  រដ្ឋាភិបាល​បាន​បែក​ចែកដាច់​ដោយឡែក​២​ផ្សេងគ្នា​។ ក្នុងនោះ​មាន​២០០​លាន​ដុ​លា្ល​រ សម្រាប់​គម្រោង​ធានា​ឥណទាន និង​៣០០​លាន​ដុល្លារ​ទៀត សម្រាប់​គម្រោង​បំពេញបន្ថែម ឬ​ផ្តល់​កម្ចី​បន្ថែម ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​។ 
 
​បើតាម​លោក​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​រូបនេះ សម្រាប់​គម្រោង​ធានា​ឥណទាន​ចំនួន​២០០​លាន​ដុ​លា្ល​រ​នោះ សព្វថ្ងៃ​រដ្ឋាភិបាល​កំពុង​រៀបចំ​បង្កើត​ក្រុមហ៊ុន​អាជីវកម្ម​ធានា​ឥណទាន​មួយ​ដែលជា​ក្រុមហ៊ុន​របស់​រដ្ឋ នឹង​ដំណើរ​នៅក្នុង​អំឡុង​ខែតុលា ឬ ខែវិច្ឆិកា ឆ្នាំ​២០២០​។ 
 
​ដោយឡែក សម្រាប់​គម្រោង​ថវិកា​បំពេញបន្ថែម ឬ​ផ្តល់​កម្ចី​បន្ថែម ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ដែលមាន​សាច់ប្រាក់​៣០០​លាន​ដុល្លារ​នោះ រដ្ឋាភិបាល​នឹង​ប្រើប្រាស់​បន្ទាប់ពី​កញ្ចប់​ថវិកា​ជំ​ហ៊ាន​ទីមួយ ចំនួន​១៥០​លាន​ដុល្លារ បានផ្តល់​ជូន​ឱ្យ SME អស់ តាមរយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ (ARDB) ចំនួន​៥០​លាន​ដុ​លា្ល​រ និង​តាមរយៈ​ធនាគារ SME Bank ចំនួន​១០០​លាន​ដុល្លារ​។  
 
​លោក រស់ ស៊ី​ល​វ៉ា មានប្រសាសន៍​ដូច្នេះ​៖« ប្រសិនបើ​[​ធនាគារ​អភិវឌ្ឍន៍ជនបទ និង ធនាគារ SME Bank] អនុវត្ត​កញ្ចប់​ថវិកា​ជំហាន​ទីមួយ​របស់​រដ្ឋា​ភិ​បាល​សម្រាប់​ផ្តល់ឱ្យ SME អស់ យើង​នឹង​បន្ត​អនុវត្ត​ថវិកា​៣០០​លាន​ដុ​លា្ល​រ​នេះ​»​។  
 
​គិត​ត្រឹម​ថ្ងៃទី​២៨​កក្កដា ឆ្នាំ​២០២០ ថវិកា​ចំនួន​៥០​លាន​ដុល្លារ​ដែល​រដ្ឋាភិបាល​ទម្លាប់​ឱ្យ​ធនាគារ​អភិវឌ្ឍន៍ជនបទ សម្រាប់​ផ្តល់​កម្ចី​ឱ្យ​សហគ្រាស​ធុន​តូច​និង​មធ្យម​ក្នុង​វិស័យ​កសិកម្ម ដោយ​អត្រា​ការប្រាក់​ក្នុង​រង្វង់​៥​ភាគរយ​នោះ បានអនុម័ត​អស់​១១,៣៧៨,០០០​ដុល្លារ​។ រីឯ​ថវិកា​១០០​លាន​ដុល្លារ សម្រាប់​ផ្តល់ជូន​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម ផ្នែក​កម្មន្តសាល និង​សិប្បកម្ម តាមរយៈ​ធនាគារ​SME Bank ក្នុង​រង្វង់​ការប្រាក់​៧​ភាគរយ​នោះ បានអនុម័ត​អស់​២១,៤៤​លាន​ដុល្លារ​។ នេះ​បើតាម​លោក រស់ ស៊ី​ល​វ៉ា​៕
 
 

Tag:
 កសិកម្ម​
  SME
  សហគ្រាស​ធុន​តូច​-​មធ្យម​
  លោក រស់ ស៊ី​ល​វ៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com