COVID-19
ជាតិ
សេដ្ឋកិច្ច
COVID-19៖ អាមេរិក នឹង​ផ្តល់​កម្ចីការ​ប្រាក់​ទាប​ដល់ ​SME​ នៅ​កម្ពុជា
25, Sep 2020 , 4:59 pm        
រូបភាព
លោក Parick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​(​ឆ្វេង​) កំពុង​ពិភាក្សា​ការងារ​ជាមួយ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ នៅ​ទីស្តីការក្រសួង កាលពី​ថ្ងៃទី​២៣​កញ្ញា ឆ្នាំ​២០២០​។ រូបថត​៖ MEF
លោក Parick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​(​ឆ្វេង​) កំពុង​ពិភាក្សា​ការងារ​ជាមួយ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ នៅ​ទីស្តីការក្រសួង កាលពី​ថ្ងៃទី​២៣​កញ្ញា ឆ្នាំ​២០២០​។ រូបថត​៖ MEF
​ភ្នំពេញ​៖ សាជីវកម្ម​ហិរញ្ញវត្ថុ​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ​សហរដ្ឋអាមេរិក​(DFC) នឹង​ផ្តល់​ហិរញ្ញប្បទាន​ដែលមាន​អត្រា​ការប្រាក់​ទាប​ដល់​វិស័យ​ឯកជន​នៅ​កម្ពុជា ពិសេស​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​(SME) ។ នេះ​ជា​លើកឡើង​របស់លោក Parick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិ​រញ្ញា​វត្ថុ​ស្តីពី​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃទី​២៣​កញ្ញា ឆ្នាំ​២០២០​។​

 
​សេចក្តីប្រកាស​ព័ត៌មាន​ខាងលើ​បាន​បញ្ជាក់ថា ការផ្តល់​កម្ចី​របស់​អា​មេ​រិ​ក​ដែលមាន​អត្រា​ការប្រាក់​ទាប​ដល់​SME​កម្ពុជា​នេះ គឺ ដើម្បី​ជួយ​សម្រាល​ការលំបាក​របស់​កម្ពុជា​ក្នុងពេល​កំឡុង​ប្រឈម​វិបត្តិ​កូ​វីដ​-១៩(COVID-19)​។ បើតាម​លោក Parick Murphy ក្រៅពី​ផ្តល់​កម្ចី​ការប្រាក់​ទាប​ដល់​SEM​នៅ​កម្ពុជា​នេះ  សហរដ្ឋអាមេរិក ក៏​ជំរុញ​និង​លើកទឹកចិត្ត​ដល់​ធុរជន​អាមេរិក ឱ្យ​បោះទុន​វិនិយោគ​នៅ​កម្ពុជា ផងដែរ​។ 
 
​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​មានប្រសាសន៍​ដូច្នេះ​៖«​ដោយ​មើលឃើញ​ពី​បរិស្ថាន​វិនិយោគ​នៅ​កម្ពុ​ជាមាន​ភាព​ទាក់ទាញ ហើយ​អ្នកវិនិយោគ​អាមេរិក​ជាច្រើន​កំពុងមាន​ចំណាប់អារម្មណ៍​ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា​។ ដូច្នេះ អាមេរិក​នឹង​លើកទឹកចិត្ត​ឱ្យ​អ្នកវិនិយោគ​អាមេរិក​ឱ្យមក​វិនិយោគ​នៅ​កម្ពុជា​ក្នុង​គោលបំណង ដើម្បី​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​២ រួមចំណែក​ជួយ​ដល់​ជីវភាព​របស់​ប្រជាជន​កម្ពុជា​»​។​
 
​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​នេះ លោក អូន ព័ន្ធមុនីរ័ត្ន បាន​លើកឡើងថា ការផ្តល់​ហិរញ្ញប្បទាន​របស់​អាមេរិក​បានរួម​ចំណែក​ដល់​ការអភិវឌ្ឍ​នៅ​កម្ពុជា​។ ពិសេស​ក្នុង​វិស័យ​សុខាភិបាល អប់រំ កសិកម្ម បរិស្ថាន និង​អភិបាលកិច្ច​។ លោក​បាន​បញ្ជាក់ថា​៖ «​សហរដ្ឋអាមេរិក ក៏​ដូច​ដៃគូ​អភិវឌ្ឍ​ដទៃទៀត​បានរួម​ចំណែក​យ៉ាងសកម្ម​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩»​។​
 
​ប​ច្ច​ប្បន្ន រដ្ឋាភិបាល​កម្ពុជា​កំពុង​អនុវត្ត​វិធានការ​អន្តរាគមន៍​សំដៅ​រក្សា​លំនឹង​សេដ្ឋកិច្ច សង្គម និង​ការជំរុញ​សេដ្ឋកិច្ច​ឡើងវិញ​។ ទន្ទឹមនឹងនេះ រដ្ឋាភិបាល​នឹង​ប្រែក្លាយ​បញ្ហា​ប្រឈម​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ទៅជា​កាលានុវត្តភាព​ក្នុងការ​ធ្វើកំណែទម្រង់ និង​ត្រៀមខ្លួន​សម្រាប់​ការបើក​សេដ្ឋកិច្ច​ឡើងវិញ​។ នេះ​ជាការ​លើកឡើង​របស់រ​ដ្ឋ​មន្ត្រី​សេដ្ឋកិច្ច​រូបនេះ ដោយ​អះអាងថា​៖«​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំង​២ បាន​ដំណើរការ​យ៉ាង​រលូន និង​ប្រកបដោយ​វឌ្ឍនភាព​គួរឱ្យកត់សម្គាល់​»​។​
 
​សូម​ជម្រាប កាលពី​ទី​២១​ឧសភា ឆ្នាំ​២០២០ អាមេរិក​បានផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង់​៧,៥​លាន​ដុល្លារ ដល់​កម្ពុជា សម្រាប់​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ និង​ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ បន្ទាប់ពី​រង​ប៉ះពាល់​ពី​ពី​ជំងឺ​រាតត្បាត​ជាស​កល​នេះ​៕ 
 
 

Tag:
 កម្ចី​
  SEM
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com