COVID-19
ជាតិ
សេដ្ឋកិច្ច
កំណើនសេដ្ឋកិច្ច​កម្ពុជា នឹង​ងើប​ឡើងវិញ ក្នុង​រង្វង់​៣,៥​ភាគរយ នៅ​ឆ្នាំ​២០២១
23, Oct 2020 , 8:00 pm        
រូបភាព
​ភ្នំពេញ​៖ កំណើនសេដ្ឋកិច្ច​កម្ពុជា នឹង​ងើប​ឡើងវិញ នៅក្នុង​រង្វង់​៣,៥​ភាគរយ នា​ឆ្នាំ​២០២១ ក្រោយ​ធ្លាក់ចុះ​ដោយសារ​វិបត្តិ​កូ​វីដ​-១៩ ។ នេះ​បើតាម​ការ​ព្យាករ​របស់​រដ្ឋាភិបាល នៅក្នុង​«​សេចក្ដីព្រាងច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២១» ដែល​ចេញផ្សាយ​ដោយ​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល នៅលើ​ហ្វេ​ស​ប៊ុ​ក​។​


 
​ការ​ព្យាករ​របស់​រដ្ឋាភិបាល បាន​បង្ហាញថា កំណើន​ក្នុង​រង្វង់ ៣,៥​ភាគរយ​នេះ ធ្វើឱ្យ​ផលិតផល​ក្នុងស្រុក​សរុប (​ផ​.​ស​.​ស​.) ថ្លៃ​បច្ចុប្បន្ន​ស្ថិតក្នុង​រង្វង់ ១១៧, ៩៣៩ ប៊ី​លាន​រៀល សមមូល​នឹង​ប្រមាណ ២៩, ០១៣ លាន​ដុល្លារ​អាមេរិក ស្រប​ពេលដែល ផ​.​ស​.​ស​. សម្រាប់​មនុស្ស​ម្នាក់​ត្រូវបាន​រំពឹងថា នឹង​កើន​ឡើងដល់​១,៧៧១​ដុល្លារ​អាមេរិក បើ​ប្រៀបធៀប​នឹង​១,៦៨៣​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០២០​។​
 
​ការ​ព្យាករ​របស់​រដ្ឋាភិបាល​នេះ ដោយ​សម្អាង​លើ​ការ​ងើប​ឡើងវិញ នៃ​វិស័យ​មួយចំនួន រួមមាន​វិស័យ​ឧស្សាហកម្ម ដែល​អាច​ស្ទុះ​ឡើងវិញ ក្នុង​អត្រាកំណើន ៤,១​ភាគរយ ក្នុង​ឆ្នាំ​២០២១ ពី​កំណើន​អវិជ្ជមាន​ក្នុង​អត្រា -២,២​ភាគរយ​ក្នុង​ឆ្នាំ ២០២០ ។ រីឯ​វិស័យ​សេវាកម្ម​ត្រូវបាន​ព្យាករ​ថា នឹងមាន​កំណើន​ក្នុង​អត្រា​ទាប​៣,៦​ភាគរយ​ក្នុង​ឆ្នាំ​២០២១ បើ​ប្រៀបធៀប​នឹង​កំណើន​អវិជ្ជមាន​ក្នុង​អត្រា -៣​ភាគរយ​ក្នុង​ឆ្នាំ​២០២០​។​
 
​ដោយឡែក​វិស័យ​កសិកម្ម ត្រូវបាន​ប៉ាន់​ស្មានថា​កើនឡើង​ក្នុង​អត្រា​១,៦​ភាគរយ​ក្នុង​ឆ្នាំ​២០២១ ពី​កំណើន​០,៩​ភាគរយ​ក្នុង​ឆ្នាំ​២០២០ ដោយសារ​ការកើនឡើង​នៃ​អនុវិស័យ​ដំណាំ អនុវិស័យ​ចិញ្ចឹមសត្វ និង​អនុវិស័យ​នេសាទ​។ អនុវិស័យ​ដំណាំ​ត្រូវបាន​ព្យាករ​ថា នឹង​សម្រេចបាន​កំណើន​ខ្ពស់ជាង​ឆ្នាំ ២០២០ ដោយសារ​ការរំពឹងទុក​នូវ​កំណើន​ផលិតកម្ម​កសិកម្ម ស្រប​ពេលដែល​ថ្លៃ និង​តម្រូវការ​ខាងក្រៅ​មានការ​កើនឡើង​។​នេះ​បើតាម​ការ​ព្យាករ​នៅក្នុង​«​សេចក្ដីព្រាងច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២១» ។​
​បើតាម​ការ​ព្យាករ​ដដែល វិស័យ​ទេសចរណ៍ អនុវិស័យ​កាត់ដេរ អនុវិស័យ​សំណង់ និង​សកម្មភាព​សេដ្ឋកិច្ច​ផ្សេងទៀត នឹង​ងើប​ឡើងវិញ​ក្នុង​កម្រិត​ទាប ខណៈដែល​អនុវិស័យ​ក​ម្មន្ត​សាល​មិនមែន​កាត់ដេរ​ត្រូវបាន​រំពឹងថា នៅ​រក្សាបាន​កំណើន​ល្អប្រសើរ​។​
 
​ដើម្បី​សម្រេចបាន​កំណើនសេដ្ឋកិច្ច​ក្នុង​រង្វង់ ៣,៥​ភាគរយ នៅ​ឆ្នាំ​២០២១ ក្នុង​បរិបទ​នៃ​ការកើនឡើង​នូវ​ភាពមិនប្រាកដប្រជា ទាំង​ក្នុង​និង​ក្រៅប្រទេស​នេះ រដ្ឋាភិបាល​នឹង​បន្តសកម្មភាព​រក្សា​លំនឹង​សង្គម​-​សេដ្ឋកិច្ច តាមរយៈ​ការបន្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វី​៨-១៩ និង​ការបន្ត​រក្សា​លំនឹង​សកម្មភាព​អាជីវកម្ម ព្រមទាំង​ការបន្ត​រក្សា​លំនឹង​ជីវភាព​ប្រជាជន​។ ក្នុងនោះ​រួមមាន ការ​ផ្តល់នូវ​ការលើកទឹកចិត្ត​និង​ការអនុគ្រោះ​ផ្នែក​សារពើពន្ធ គួបផ្សំ​នឹង​ការជំរុញ​ផ្តល់​ឥណទាន ព្រមទាំង​ការបង្កើន​សន្ទនីយ​ភាព​ទៅក្នុង​ទីផ្សារ ដើម្បីឱ្យ​អាជីវកម្ម​អាច​បន្ត​ដំណើរការបាន​។ ជាពិសេស​ការអនុវត្ត​នូវ​កម្មវិធី​ផ្ទេរ​សាច់ប្រាក់​កម្មវិធី​សាច់ប្រាក់​ពលកម្ម  និង​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​រយៈពេល​ខ្លី ដើម្បី​បង្កើន​លទ្ធភាព​បង្កើត​អាជីវកម្ម​ផ្ទាល់ខ្លួន ហើយ​ចាប់យក​ការងារ​ក្នុង​វិស័យ​ថ្មី  ឬ​មាន​បច្ចេកទេស​ខ្ពស់ជាង​មុន រួមទាំង​បង្កើត​ការងារ​ថ្មី​ជំនួស​ការងារ ដែល បាត់បង់​ជំរុញ​សកម្មភាព អាជីវកម្ម​របស សហគ្រាស​ធុន​តូច និង​មធ្យម​ជាដើម​។ នេះ​បើតាម​ការកំណត់​ទិសដៅ​របស់​រដ្ឋាភិបាល​។​
 
​មិនតែប៉ុណ្ណោះ រដ្ឋាភិបាល ក៏បាន​ដាក់​គោលនយោបាយ​ជំរុញ​សេដ្ឋកិច្ច តាមរយៈ​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ក្នុងនោះ រួមមាន​ការជំរុញ​ការធ្វើ​ពិពិធ​កម្ម​ផលិតកម្ម និង​សេវាកម្ម ,​ការជំរុញ​ការធ្វើ​ពិពិធ​កម្ម​ទីផ្សារ ដោយ​ស្វែងរក​ទីផ្សារ​ក្រៅ​ស្រុក​បន្ថែម ទាំង​ពហុភាគី​និង​ទ្វេភាគី តាមរយៈ​ការពង្រីក​ទីផ្សារ​ក្រៅប្រទេស​ទៅក្នុង​ល្អាង​ពាណិជ្ជកម្ម​ថ្មីៗ​, ការបន្ត​កែទម្រង់​ជា​រចនាសម្ព័ន្ធ  ដោយ​ពង្រឹងសមត្ថភាព​ស្ថាប័ន​ក្នុងការ​ដឹកនាំ និង​អនុវត្ត​គោលនយោបាយ និង​វិធានការ​នានា ។ 
 
​ជាពិសេស​ការបន្ត​បង្កើន​ភាព​ប្រកួតប្រជែង តាមរយៈ​វិធានការ​សំខាន់ៗ​រួមមាន ការជួយ​សម្រួល​កាត់បន្ថយ​ថ្លៃដើម​ពេលវេលា និង​បង្កើន​ភាពងាយស្រួល​ដល់​កា​ធ្វើ​អាជីវកម្ម ,​កាត់បន្ថយ​ថ្លៃ និង​ធានា​ស្ថិរភាព​នៃ​ការផ្គត់ផ្គង់​អគ្គិសនី​, កាត់​បន្ថយថ្លៃ​ដឹកជញ្ជូន និង ឡូ​ជី​ស្ទីក ,​បង្កើន​ការតភ្ជាប់​ឌីជីថល និង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ,​បង្កើន​ការបណ្តុះបណ្តាល​ជំនាញ  ,​កាត់បន្ថយ​កម្រៃ​សេវា​មិន​ផ្លូវការ ,​លើកកម្ពស់​សេវា​បង់ពន្ធ ,​កាត់បន្ថយ​ការធ្វើ​សវនកម្ម និង​អធិការកិច្ច​ត្រួតគ្នា និង​ជំរុញ​ការប្រកួតប្រជែង​ដោយ​ស្មើភាព​។ 
​តាម​ការវាយតម្លៃ​ពី​សំណាក់​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​ធំៗ​កន្លងមក សេដ្ឋកិច្ចកម្ពុជា​នៅ​ឆ្នាំ​២០២០  ត្រូវបាន​ប៉ាន់​ស្មានថា នឹងមាន​កំណើន​អវិជ្ជមាន​ក្នុង​អត្រា​-១,៩ ភាគរយ ដោយសារ​វិបត្តិ​កូ​វីដ​-១៩៕
 

Tag:
 ​សេដ្ឋកិច្ច​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com