COVID-19
ជាតិ
កម្ពុជារកឃើញវិជ្ជមានកូវីដ-១៩ ២ករណីទៀត ខណៈ៣នាក់សះស្បើយ
× ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន២នាក់ទៀត ដែលម្នាក់ជាអ្នកដំណើរពីប្រទេសថៃ និងម្នាក់ទៀតជាអ្នកដំណើរពីប្រទេសឥណ្ឌូណេស៊ី។ ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាល ក៏បានឲ្យដឹងដែរថាមានអ្នកជំងឺ៣នាក់បានជាសះស្បើយ។ បច្ចុប្បន្ន កម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន៤៦០ករណី ក្នុងនោះ សះស្បើយ ៤១២នាក់ ហើយមានអ្នកជំងឺចំនួន ៤៨នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
មនុស្សចំនួន ២នាក់ ត្រូវបានក្រសួងសុខាភិបាលប្រកាសថា មានវិជ្ជមានជំងឺកូវីដ-១៩។ ក្នុងនោះម្នាក់ជាស្ត្រីខ្មែរវ័យ២៣ឆ្នាំ ដែលធ្វើដំណើរពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១២ មករា ហើយបច្ចុប្បន្នត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។ កំពុងសម្រាកព្យាបាលស្ត្រីរូបនេះ មានអាសយដ្ឋាននៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ មួយករណីទៀត លើបុរសឥណ្ឌូណេស៊ី វ័យ២៤ឆ្នាំ ដែលស្នាក់នៅខេត្តព្រះសីហនុ បានធ្វើដំណើរពីប្រទេសឥណ្ឌូណេស៊ី បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជា នៅថ្ងៃទី១២ មករា។ បុរសរូបនេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ មករានេះ។
ក្រសួងសុខាភិបាល ក៏បានប្រកាសដែរថាមានអ្នកជំងឺ៣នាក់បានសះស្បើយពីជំងឺកូវីដ-១៩ ក្នុងនោះមានស្ត្រីខ្មែរវ័យ២១ឆ្នាំ មានអាសយដ្ឋាននៅខេត្តព្រៃវែង ដែលធ្វើដំណើរពីប្រទេសថៃមកដល់កម្ពុជានៅថ្អៃទី ១០ មករា។ ស្ត្រីខ្មែរវ័យ១៧ឆ្នាំ មានអាសយដ្ឋាននៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបានធ្វើដំណើរពីអាមេរិក បន្តជើងហោះហើរនៅសិង្ហបុរី ហើយមកដល់កម្ពុជា នៅថ្ងៃទី ១២មករា។ ករណីសះស្បើយមួយទៀត ជាបុរសជនជាតិឥណ្ឌូណេស៊ីវ័យ៣៤ឆ្នាំ មានអាសយដ្ឋាននៅខេត្តសៀមរាប ដែលធ្វើដំណើរពីឥណ្ឌណេស៊ី បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី នៅថ្ងៃទី១២ មករា។
សូមជម្រាបថា គិតត្រឹមថ្ងៃទី ២៦ មករា កម្ពុជា រកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន៤៦០ករណី ក្នុងនោះ សះស្បើយ ៤១២នាក់ ហើយមានអ្នកជំងឺចំនួន ៤៨នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
© រក្សាសិទ្ធិដោយ thmeythmey.com