ជាតិ
សុខភាព
មន្ត្រី​សុខាភិបាល ជំ​រុញឱ្យ​ឱសថការី​បន្ត​គោរព​ច្បាប់ និង​អភិវឌ្ឍន៍​វិជ្ជាជីវៈ​ខ្លួន​
26, Jan 2021 , 1:46 pm        
រូបភាព
​សៀមរាប​៖ មន្ត្រីជាន់ខ្ពស់​គណៈ​ឱសថការី​ជាតិ នៃ​ក្រសួងសុខាភិបាល បាន​ជំរុញ​ឱ្យ​ឱសថការី​ទាំងអស់​ដែល​កំពុង​ប្រកប​របរ​វិជ្ជាជីវៈ ត្រូវ​បន្ត​គោរព​ច្បាប់ និង​អភិវឌ្ឍន៍​វិជ្ជាជីវៈ​របស់ខ្លួន​ឱ្យ​កាន់តែ​ល្អប្រសើរ ដើម្បី​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។ មន្ត្រី​នៃ​គណៈ​ឱសថការី​ជាតិ ក៏បាន​ណែនាំ​ដល់​ឱសថការី​ទាំងអស់ មិនត្រូវ​ល្មើសច្បាប់​វិជ្ជាជីវៈ​ឡើយ ។​មិន​ដូច្នោះ​ទេ ពួកគេ​នឹងត្រូវ​ប្រឈមមុខ​ច្បាប់​ជាក់​ជាមិនខាន​។​

 
​ប្រធាន​ក្រុមប្រឹក្សា​គណៈ​ឱសថការី​ជាតិ លោក បាន បុត្តា បាន​ណែនាំ​និង​ជំរុញ​ឱ្យ​ឱសថការី​ទាំងអស់ ត្រូវ​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល និង​ពង្រឹង​វិជ្ជាជីវៈ​របស់ខ្លួន ឱ្យ​ស្របតាម​បច្ចុប្បន្នភាព​នៃ​ការរីកចម្រើន​នា​សកលលោក​។ ទន្ទឹមនឹងនោះ លោក​អនុរដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ក៏​ស្នើឱ្យ​ឱសថការី​ដែល​កំពុង​ប្រកប​របរ​វិជ្ជាជីវៈ ត្រូវគោរព​ច្បាប់ និង​វិជ្ជាជីវៈ​របស់ខ្លួន ស្របតាម​បទដ្ឋាន​គតិ​យុ​ត្ដនៃ​ការអភិវឌ្ឍ​វិជ្ជាជីវៈ​បន្ត​នៃ​គណៈ​ឱសថការី​ជាតិ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​វិស័យ​សុខាភិបាល​កម្ពុជា ក៏ដូចជា​ធានា​ឱ្យបាន​នូវ​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល​។​


 
​លោក ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល បានបង្ហាញ​ពី​ភាពជោគជ័យ និង​សមិទ្ធផល​ការងារ​នា​រយៈពេល​៥​ឆ្នាំកន្លងមក របស់​គណៈ​ឱសថការី​ខេត្តសៀមរាប​។ លោក​ប្រធាន​មន្ទីរ​កត់សម្គាល់​ឃើញថា នា​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ ការប្រកប​របរ​វិជ្ជា​ជីវៈ​លើ​វិស័យនេះ មាន​ភាពល្អប្រសើរ និង​មិនមាន​កើត​បញ្ហា​ស្មុគស្មាញ​ផ្នែក​ផ្លូវច្បាប់​ណាមួយ​ឡើយ​។ គឺ​ឱសថការី​ទាំងអស់ បាន​គោរព​ច្បាប់ និង​វិជ្ជាជីវៈ​របស់ខ្លួន​បានល្អ​ប្រសើរ​។ 
 
​ថ្លែង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​គោលការណ៍​ណែនាំ​ស្ដីពី​ការអភិវឌ្ឍន៍​វិជ្ជាជីវៈ​បន្ត សម្រាប់​គណៈ​ឱសថការី​កម្ពុជា និង​ចែក​វិញ្ញាបនបត្រ​បញ្ជិកា ដល់​សមាជិក​គណៈ​ឱសថការី​ខេត្តសៀមរាប នា​ថ្ងៃទី​២៥ មករា លោក​បន្ថែមថា​៖« គ្មាន​ការលក់​ថ្នាំ​ខុសច្បាប់ ហួស​ឌី​ឡេ បង្កឱ្យមាន​គ្រោះថ្នាក់ បញ្ហា​-​ល​- ប្រសិន​មាន​បញ្ហា​គឺ​លាក់​អត់​ជិត​ទេ ឱសថការី​ទាំងអស់ គោរព​នូវ​វិជ្ជាជីវៈ​បាន​យ៉ាង​ត្រឹមត្រូវ សូមឱ្យ​បន្ត​ការចូលរួម​នេះ​ដោយ​ប្រុងប្រយ័ត្ន​បន្តទៀត​»​។​
 
​ប្រធាន​ក្រុមប្រឹក្សា​គណៈ​ឱសថការី​ខេត្តសៀមរាប លោកស្រី លី វណ្ណៈ រៀបរាប់ថា សិក្ខាសាលា​នេះ​ធ្វើឡើង​ក្នុង​បំណង​ដើម្បី​បង្កើន​សមត្ថភាព​ដល់​អ្ន​ក​ប្រកប​វិជ្ជាជីវៈ​ឱសថ​សាស្ដ្រ​អម​វេជ្ជសាស្ដ្រ ក្នុង​ការផ្តល់សេវា​សុខាភិបាល​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​គុណភាព សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់​។ ជាងនេះទៅទៀត សិក្ខាសាលា​នេះដែរ ដើម្បី​បំពេញ​ពិន្ទុ​ដោយ​ឱសថការី​ដែលជា​ប្រយោជន៍​ដល់​ការស្នើសុំ ឬ​សុំ​បន្ត​អាជ្ញា​បណ្ណ​ឱសថការី ឱ្យ​ស្របតាម​ការអភិវឌ្ឍ​វិជ្ជាជីវៈ​បន្ត​របស់​គណៈ​ឱសថការី​ជាតិ ដែលមាន​រយៈពេល​២​ឆ្នាំ​ម្ដង​។​


 
​គួរ​បញ្ជាក់ថា យោងតាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​គណៈ​ឱសថការី​ខេត្តសៀមរាប នៅ​ឆ្នាំ​២០២០ មាន​សមាជិក​ឱសថការី​ចំនួន ៣២៣​នាក់  ក្នុងនោះ​ស្ដ្រី ២៦៣​នាក់ ចំណែក​ឱសថស្ថាន និង​ឱសថស្ថាន​រង​នានា មាន​សរុប​ចំនួន ៣០១​កន្លែង​៕
 














 
 
 

Tag:
 ឱសថការី​
  សុខាភិបាល​
© រក្សាសិទ្ធិដោយ thmeythmey.com