កីឡាអន្តរជាតិ
អន្តរជាតិ
Paredes ថា PSG ព្យាយាមណាស់ក្នុងការបញ្ចុះបញ្ចូល Messi ឱ្យទៅប៉ារីស
26, Jan 2021 , 2:29 pm        
រូបភាព
ដោយ: ថ្មីៗ
Leandro Paredes ខ្សែបម្រើ Paris Saint-Germain បង្ហើបប្រាប់ថា ម្ចាស់ជើងឯក Ligue 1 កំពុងធ្វើការយ៉ាងខ្លាំងលើការនាំយក Lionel Messi ពី Barcelona នៅខែមករានេះ។--

Messi នឹងផុតកិច្ចសន្យារបស់ខ្លួនជាមួយក្រុមរហ្សនាមអ្នកមានបុណ្យនៅចុងបញ្ចប់រដូវកាលនេះ។ ស្របពេលនេះ ម្ចាស់ពាន Ballon d’Or ៦ សម័យកាល ត្រូវបានគេរាយការថាមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយក្លិបអ្នកមាន PSG និងក្លិបយក្សនៅ Premier League។

ចំណែគលោក Leonardo នាយកកីឡារបស់ក្លិប PSG ក៏បាននិយាយដែរថា ក្លិបយក្សបារាំងដែលមានអ្នកចាត់ការថ្មីលោក Mauricio Pochettino កំពុងតាមប្រមាញ់ Messi ទៅរួមក្រុម។ នេះក៏ស្របតាមបំណងប្រាថ្នារបស់ Neymar ដែលជាអតីតមិត្តរួមក្រុមរបស់គេនៅ Barca ផងដែរ។

ទាក់ទងនឹងលទ្ធភាពក្នុងការមកដល់របស់ប្រធានក្រុងជម្រើសជាតិអាហ្សង់ទីននោះ នៅក្រោយពេល PSG ឈ្នះ Montpellier ៤-០ ក្នុងជំនួបលីគកាលពីថ្ងៃទី២៣ ខែមករា Paredes ដែលជាសមាជិកក្រុមជម្រើសជាតិអាហ្សង់ទីនដែរនោះ បានប្រាប់កាសែត Corriere dello Sport ថា អ្វីគ្រប់យ៉ាងអាស្រ័យលើ Messi ខណៈ PSG កំពុងព្យាយាមបញ្ចុះបញ្ចូលរូបគេទៅប៉ារីស។

«ដើម្បីអាចទទួលបានកីឡាករ និងគ្រូពីប្រទេសតែមួយ លទ្ធភាពនៃការលេងនឹងកាន់តែអស្ចារ្យ ... ខ្ញុំសង្ឃឹមថា Messi ចូលរួមជាមួយយើង នឹងកើតឡើង»។ Paredes លើកឡើងដូច្នេះ។

Messi ដែលឈានដល់វ័យ៣៣ឆ្នាំ ធ្លាប់បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តជាមួយ Barcelona និងថែមទាំងចង់ចាកចេញផងកាលពីដើមរដូវកាល។ ប៉ុន្តែ ដោយកិច្ចសន្យារបស់ខ្លួនមិនទាន់បញ្ចប់ រូបគេត្រូវរង់ចាំដល់បញ្ចប់រដូវកាលនេះ ឬនៅខែមករានេះអាស្រ័យលើការចរចា៕



Tag:
 PSG
  Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com