អន្តរជាតិ
លោកស្រី Janet Yellen ក្លាយជាស្រ្តីទីមួយកាន់តំណែងរដ្ឋមន្រ្តីរតនាគារអាមេរិក
26, Jan 2021 , 2:40 pm        
រូបភាព
រដ្ឋមន្ត្រីរតនាគារអាមេរិកថ្មី Janet Yellen ។ រូបថត Xinhua
រដ្ឋមន្ត្រីរតនាគារអាមេរិកថ្មី Janet Yellen ។ រូបថត Xinhua
ដោយ៖ ឈួន ឈីវអ៊ីង
 
ព្រឹទ្ធសភាអាមេរិក នៅថ្ងៃទី២៥ ខែមករា បានបោះឆ្នោតគាំទ្របេក្ខភាពលោកស្រី Janet Yellen ជារដ្ឋមន្ត្រីរតនាគារជាមួយសំឡេងឆ្នោតលើសលុប។  លោកស្រី Yellen ក៏នឹងក្លាយជាមនុស្សស្រីដំបូងកាន់តំណែងដ៏សំខាន់មួយនេះ។

 
លោកស្រី Janet Yellen ដែលជាអតីតប្រធានធនាគារកណ្តាលរបស់អាមេរិក បានទទួលការយល់ព្រមពីព្រឹទ្ធសភាក្នុងលទ្ធផលគាំទ្រ៨៤សំឡេងទល់នឹងសំឡេងប្រឆាំង១៥ ។ លោកស្រីក្លាយជាបេក្ខភាពទីបីរបស់ប្រធានាធិបតី ចូ បៃឌិន ដែលទទួលបានគាំទ្រពីព្រឹទ្ធសភា។ 
 
មុនការបោះឆ្នោតនៅព្រឹទ្ធសភា ប្រធានសំឡេងភាគច្រើននៅក្នុងព្រឹទ្ធសភា លោក Chuck Schumer បានកត់សម្គាល់ថា អតីតប្រធានធនាគារកណ្តាលរូបនេះ ទទួលបានការគាំទ្រពីបក្សទាំងពីររបស់ព្រឹទ្ធសភា។ លោកបញ្ជាក់ថា លោកស្រី Yellen មានបទពិសោធអស្ចារ្យណាស់ ហើយការគាំទ្រសម្រាប់ការតែងតាំងរបស់លោកស្រី បានឆ្លុះបញ្ចាំងពីភាពសក្តិសមរបស់លោកស្រីលើការគ្រប់គ្រងបញ្ហាសេដ្ឋកិច្ចអំឡុងពេលវិបត្តិសេដ្ឋកិច្ចដូចបច្ចុប្បន្ន។
 
ជារដ្ឋមន្រ្តីរតនាគារ លោកស្រី Yellen នឹងដើរតួនាទីសំខាន់ក្នុងការអនុវត្តគម្រោងផ្ដល់ជំនួយរបស់ប្រធានាធិបតី បៃឌិន ដែលមានកញ្ចប់ទឹកប្រាក់១,៩ទ្រីលានដុល្លារ។ ខណៈបក្សប្រជាធិបតេយ្យគាំទ្រទំហំទឹកប្រាក់ធំបែបនេះ បក្សសាធារណរដ្ឋ នៅរារែកចំពោះកញ្ចប់ជំនួយច្រើនបែបនេះ។ អំឡុងពេលកិច្ចប្រជុំគណៈកម្មាធិការហិរញ្ញវត្ថុព្រឹទ្ធសភា សមាជិកមកពីបក្សសាធារណរដ្ឋ អះអាងថា ពួកគេជំទាស់គោលយោបាយមួយចំនួនក្នុងគម្រោងនេះដូចជាការបង្កើនពន្ធលើក្រុមហ៊ុន និងអ្នកមាន។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP ។
 
អំឡុងពេលកិច្ចប្រជុំដើម្បីត្រួតពិនិត្យបេក្ខភាពរបស់លោកស្រីនៅព្រឹទ្ធសភានោះដែរ លោកស្រី Yellen 
បានជំរុញឱ្យមានសកម្មភាពភ្លាមៗទៅលើកញ្ចប់ជំនួយសង្គ្រោះកូវីដ-១៩ ដែលនឹងផ្តល់ប្រាក់បន្ថែម ១៤០០ដុល្លារដល់ពលរដ្ឋអាមេរិកដែលមានប្រាក់បៀវត្សប្រចាំឆ្នាំក្រោម ៧៥០០ដុល្លារ។ គម្រោងថវិកានេះ នឹងផ្តល់ជំនួយដល់អ្នកដែលគ្មានការងារ និងក្រុមហ៊ុនជំនួញតូចៗ ហើយក៏គាំទ្រដល់ទីក្រុងនិងរដ្ឋនានាឱ្យចៀសពីការបញ្ឈប់ការងារប្រជាជនដែរ។ 
 
ក្នុងនាមជាមន្ត្រីកំពូលផ្នែកហិរញ្ញវត្ថុ លោកស្រី Yellen វ័យ៧៤ឆ្នាំ នឹងកាន់កាប់តួនាទីយ៉ាងសំខាន់ដើម្បីសម្រួច និងតម្រង់ទិសគោលការណ៍សេដ្ឋកិច្ចរបស់លោកបៃឌិន។ លោកស្រី Yellen នឹងតំណាងឱ្យរដ្ឋបាលលោក បៃឌិន លើកិច្ចការហិរញ្ញវត្ថុពិភពលោក និងដឹកនាំការទទួលខុសត្រូវលើការប្រមូលពន្ធសេវាកម្មផ្ទៃក្នុងផងដែរ៕
  
 

Tag:
 អាមេរិក
  Janet Yellen
© រក្សាសិទ្ធិដោយ thmeythmey.com