អន្តរជាតិ
បន្ទាប់ពី​លោក Museveni ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អ៊ូ​ហ្គា​ន់​ដា ក្រុម​យោធា​បាន​ឡោមព័ទ្ធ​គេហដ្ឋាន​បេក្ខជន​បក្សប្រឆាំង​
26, Jan 2021 , 7:59 pm        
រូបភាព
​រូប​ឯកសារ​៖ មេដឹកនាំ​បក្សប្រឆាំង​លោក Robert Kyagulanyi ដែល​ត្រូវបាន​គេ​ស្គាល់​ថា Bobi Wine ដើរទៅ​គេហដ្ឋាន​របស់លោក​វិញ បន្ទាប់ពី​បានធ្វើ​សន្និសីទកាសែត​នៅ​ខាងក្រៅ​ទីក្រុង​កំ​ប៉ា​ឡា ប្រទេស​អ៊ូ​ហ្គា​ន់​ដា នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១ មួយថ្ងៃ​បន្ទាប់ពី​ពលរដ្ឋ​អ៊ូ​ហ្គា​ន់​ដា បាន​ទៅ​បោះឆ្នោត​។​
​រូប​ឯកសារ​៖ មេដឹកនាំ​បក្សប្រឆាំង​លោក Robert Kyagulanyi ដែល​ត្រូវបាន​គេ​ស្គាល់​ថា Bobi Wine ដើរទៅ​គេហដ្ឋាន​របស់លោក​វិញ បន្ទាប់ពី​បានធ្វើ​សន្និសីទកាសែត​នៅ​ខាងក្រៅ​ទីក្រុង​កំ​ប៉ា​ឡា ប្រទេស​អ៊ូ​ហ្គា​ន់​ដា នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១ មួយថ្ងៃ​បន្ទាប់ពី​ពលរដ្ឋ​អ៊ូ​ហ្គា​ន់​ដា បាន​ទៅ​បោះឆ្នោត​។​
ដោយ: VOA
 ​មន្ត្រីប៉ូលិស​និង​យោធា​ច្រើនជាង​១០​រថយន្ត បាន​បើក​កាត់​អ្នកសារព័ត៌មាន​ដែល​បាន​បោះជំរំ​ប៉ុន្មាន​ម៉ែត្រ​ពី Kyagulanyi Sentamu គេហដ្ឋាន​របស់លោក Bobi Wine​។ មន្ត្រី​យោធា​ផ្សេងទៀត​យាមល្បាត​ដោយ​ថ្មើរជើង​នៅក្បែរនោះ​។​

 
​គេហដ្ឋាន​របស់​បេក្ខភាព​ប្រធានាធិបតី​ប្រឆាំង​កំពូល គឺ​លោក Robert Kyagulanyi ដែល​ត្រូវបាន​គេ​ស្គាល់​ថា Bobi Wine ត្រូវបាន​បិទ​ឡោមព័ទ្ធ​ដោយ​អាជ្ញាធរ​និង​បិទ​ការចេញចូល​ពី​សាធារណៈ​ជន​រួមទាំង​អ្នកសារព័ត៌មាន​ផងដែរ​។​
 
​សមាជិកសភា​លោក Francis Zaake និង​ជា​អ្នកគាំទ្រ​លោក Wine ដែល​ធ្លាប់​ត្រូវបាន​ចាប់ខ្លួន​និង​ធ្វើ​ទារុណកម្ម​ដោយ​កងកម្លាំង​សន្តិសុខ ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ចូល​តាំងពី​កន្លែង​បិទផ្លូវ​។ លោក​ត្រូវបាន​គេ​ទាញ​ចេញពី​រថយន្ត ហើយ​ត្រូវបាន​គេ​វាយដំ​មុននឹង​រុញច្រាន​ចូល​រថយន្ត​ប៉ូលិស​មួយ​។ អ្នកសារព័ត៌មាន​ត្រូវបាន​គេ​ឲ្យ​នៅ​ទីតាំង​ឆ្ងាយ ហើយ​នៅពេលដែល​រថយន្ត​ប៉ូលិស​បើក​កាត់ សំឡេង​ស្រែក​របស់លោក Zaake អាច​ឮ​ចេញពី​ក្នុង​រថយន្ត​។​
 
​សមាជិកសភា​នៃ​គណៈបក្ស National Unity Platform អ្នកស្រី Joyce Bagala ដែល​ទើបនឹង​ជាប់ឆ្នោត បាន​ប្រាប់​អ្នកសារព័ត៌មាន​ពី​អ្វីដែល​អ្នកស្រី​បានឃើញ​។​
 
«​នៅពេលដែល​ពួកគេ​បាន​ចេញមក ខ្ញុំ​បាន​តាម​ពួកគេ​ដើម្បី​ដឹងថា​តើ​ពួកគេ​នាំ​លោក Zaake ទៅ​ទីណា​។ ដោយសារតែ​នៅពេលដែល​គាត់​បាន​ចេញមក គាត់​កំពុង​ស្រែក ហើយ​អ្នក​អាច​ឮ​សំឡេង​ស្រែក​នោះបាន​។ ដូច្នេះ​ខ្ញុំ​បាន​តាមដាន​ពួកគេ​ទៅកាន់​ស្ថានីយ៍​ប៉ូលិស Kasangati​។ ពួកគេ​បាន​ទម្លាក់​គាត់​នៅ​ទីនោះ​។ ពួកគេ​បាន​ទាញ​គាត់​ចេញពី​ឡាន ប៉ុន្តែ​ខ្ញុំ​គិតថា​គាត់​ត្រូវបាន​គេ​វាយដំ​យ៉ាងខ្លាំង​»​។​
 
​នាយក​គណៈកម្មការ​បោះ​ឆ្នោត លោក​Simon Byabakam បានប្រកាស​បន្ទាប់ពី​ម៉ោង​៤​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១៦ ខែមករា​ថា លោក​Yoweri Museveni បានឈ្នះ​ឆ្នោត ហើយ​ទទួលបាន​តំណែង​ប្រធានាធិបតី​លើក​ទី​៦ ក្នុង​អាណត្តិ​ដែលមាន​រយៈពេល​៥​ឆ្នាំ​។​
 
«​បេក្ខជន​លោក Yoweri Museveni Tibuhaburwa Kaguta ដោយ​ទទួលបាន​សំឡេងឆ្នោត​ខ្ពស់បំផុត​ក្នុងការ​បោះឆ្នោត គឺ​ច្រើនជាង​៥០​ភាគរយ​នៃ​សំឡេងឆ្នោត​មាន​ដែលមាន​សុពលភាព​នៅពេល​បោះឆ្នោត គណៈកម្មការ​បោះឆ្នោត ប្រកាសថា​លោក Yoweri Museveni Tibuhaburwa Kaguta ជា​ប្រធានាធិបតី​ជាប់ឆ្នោត​នៃ​សាធារណៈរដ្ឋ​អ៊ូ​ហ្គា​ន់​ដា​»​។​
 
​មន្ត្រី​នានា​និយាយថា លោក​ប្រធានាធិបតី Museveni ទទួលបាន​សំឡេងឆ្នោត​៥៨.៦៤​ភាគរយ​ហើយ​លោក Wine ទទួលបាន​៣៤.៨៣​ភាគរយ នៃ​សំឡេងឆ្នោត​សរុប​កាលពី​ការបោះឆ្នោត​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែមករា​។​
 
​លោក Byabakama អំពាវនាវ​ប្រជាជន​អ៊ូ​ហ្គា​ន់​ដា​ជាពិសេស​អ្នកគាំទ្រ​បេក្ខជន​ដែល​ចាញ់ឆ្នោត​ឲ្យ​រក្សា​ភាព​ស្ងៀមស្ងាត់​។​
 
​បន្ទាប់ពី​ការប្រកាស​ភាពស្ងប់ស្ងាត់​ដ៏​គួរ​ឲ្យ​ខ្លាច ផ្លូវ​ដែល​គ្មាន​មនុស្ស​ធ្វើដំណើរ និង​វត្តមាន​របស់​កងកម្លាំង​សន្តិសុខ​យ៉ាងច្រើន​បានកើត​ឡើង​។ ពលរដ្ឋ​អ្នកបោះឆ្នោត​ម្នាក់​គឺ​លោក Dennis Kimbugwe និយាយថា​លោក​មិន​ជឿ​លើ​លទ្ធផល​ដែល​ចេញផ្សាយ​ដោយ​គណៈកម្មការ​បោះឆ្នោត​ឡើយ​។​
 
​លោក​និយាយថា លោក​ជ្រើសរើស​ការតាមដាន​ការបោះឆ្នោត​ពី​ទីតាំង​របស់លោក​ដើម្បី​បញ្ជាក់បាន​ថា​បេក្ខជន​ដែល​លោក​បាន​បោះឆ្នោត​ឲ្យ​ឈ្នះ​ឬ​ចាញ់​។ ប៉ុន្តែ​លោក​មិន​ចង់​ឲ្យ​គេ​ប្រាប់ថា​លោក​គួរតែ​ទៅ​ស្តាប់​វិទ្យុ ដោយបាន​បន្ថែមថា​អាជ្ញាធរ​បាន​ពង្រាយ​យោធា​។​
 
​មិនមែន​មានតែ​លោក Kimbugwe នោះទេ​។ លោក Kalibala John Bosco និយាយថា​វា​ដល់ពេល​ហើយ​ដែល​រដ្ឋាភិបាល​គួរតែ​លុបចោល​ការបោះឆ្នោត​។​
 
​លោក Bosco និយាយថា សំណើ​របស់លោក​គឺថា​លោក Museveni គួរតែ​លុបចោល​ការបោះឆ្នោត​បើសិនជា​លោក​នៅតែ​ចង់​ធ្វើ​ប្រធានាធិបតី ដោយសារតែ​វា​គឺ​គួរ​ឲ្យ​តានតឹង​ណាស់​សម្រាប់​ប្រជាជន​អ៊ូ​ហ្គា​ន់​ដា​។ លោក​បាន​និយាយថា​រដ្ឋាភិបាល​មិនបាន​រាប់​សំឡេងឆ្នោត​របស់​ប្រជាជន​ទេ ហើយ​ពួកគេ​ធ្វើ​អ្វីដែល​ពួកគេ​ចង់​ធ្វើ​។​
 
​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ទទួលបាន​អត្ថាធិប្បាយ​មួយ​ពី​គណៈបក្សកាន់អំណាច​ត្រូវ​បរាជ័យ ហើយ​ពួកគេ​មិន​ទទួល​ទូរស័ព្ទ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឡើយ​។​
 
​មេដឹកនាំ​គណៈ​ប្រឆាំង​នានា​បាន​ច្រានចោល​លទ្ធផល​ឆ្នោត​ដោយ​និយាយថា ពួកគេ​នឹងមិន​រស់នៅ​ដូច​ជន​វណ្ណៈ​ទាប​ឡើយ ហើយ​លទ្ធផល​ឆ្នោត​គឺ​ត្រូវបាន​ប្រឌិត​ឡើង​ទាំងស្រុង​។ នៅ​ថ្ងៃ​បោះឆ្នោត អ្នក​អង្កេត​ការ​ច្រើនជាង​៣០​នាក់​ត្រូវបាន​ចាប់ខ្លួន​។​
 
​ស្ថានទូត​សហរដ្ឋអាមេរិក​ក្នុងប្រទេស​អ៊ូ​ហ្គា​ន់​ដា បដិសេធ​ចូលរួម​អង្កេត​ការបោះឆ្នោត​បន្ទាប់ពី​អាជ្ញាធរ​បាន​បដិសេធ​ច្រើនជាង​៧៥​ភាគរយ​នៃ​សំណើសុំ​ទទួលស្គាល់​ជា​ផ្លូវការ​របស់​ពួកគេ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com