កីឡាជាតិ
ជាតិ
ជនជាតិដើម​ភាគតិច​ទំពួន វណ្ណា ង៉ា ហាត់គុន​ល្បុក្កតោ ព្រោះ​ចង់​ឲ្យ​គេ​ស្គាល់​ពី​ក្បាច់គុន​ដូនតា​ខ្មែរ​
26, Jan 2021 , 7:29 pm        
រូបភាព
កីឡាករ វណ្ណា ង៉ា ជនជាតិដើមភាគតិចទំពួន(ខៀវ)ពេលចូលរួមប្រកួតកីឡាគុនល្បុក្កតោ ជ្រើសរើសជើងឯកថ្នាក់ជាតិ
កីឡាករ វណ្ណា ង៉ា ជនជាតិដើមភាគតិចទំពួន(ខៀវ)ពេលចូលរួមប្រកួតកីឡាគុនល្បុក្កតោ ជ្រើសរើសជើងឯកថ្នាក់ជាតិ
ដោយ:
កីឡាករ វណ្ណា ង៉ា ជនជាតិភាគតិច​ទំពួន​ចូល​ហ្វឹក​ហាត់គុន​ល្បុក្កតោ ព្រោះតែ​ចង់​ចូលរួមចំណែក​អភិរក្ស និង​អភិវឌ្ឍន៍ ក៏ដូចជា​បង្ហាញ​ពិភពលោក​ឲ្យ​ស្គា​ល់ពី​ក្បាច់គុន ដែលជា​កេរតំណែល​របស់​បុព្វបុរស​ខ្មែរ ។ កាលពី​សប្តាហ៍​មុន កីឡាករ​មកពី​ខេត្តរតនគិរី​រូបនេះ បានបង្ហាញ​ខ្លួន​លើកដំបូង​ក្នុងការ​ប្រកួត​កីឡា​គុន​ល្បុក្កតោ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២០ ក្រោយ​ហ្វឹកហាត់​បាន​ប្រមាណ​កន្លះ​ឆ្នាំ​។

 
​កីឡាករ​ជនជាតិដើម​ភាគតិច​ទំពួន វណ្ណា ង៉ា បានដាក់​ពាក្យសុំច្បាប់​ក្រុមហ៊ុន​ឈប់សម្រាក​ចំនួន​៣​ថ្ងៃ ដើម្បី​ធ្វើដំណើរ​ពី​ខេត្តរតនគិរី មក​ចូលរួម​ប្រកួត​កីឡា​គុន​ល្បុក្កតោ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​នៅ​រាជធានី​ភ្នំពេញ​។ លទ្ធផល​ចាញ់ ឬ​ឈ្នះ​មិន​សំខាន់​នោះទេ​សម្រាប់​កីឡាករ​រូបនេះ ពោលគឺ​ធ្វើយ៉ាងណា​ឲ្យ​តែ​បានបង្ហាញ​សមត្ថភាព​នៅលើ​ទីលាន​ប្រកួត​។​
 

កីឡាករ វណ្ណា ង៉ា ជនជាតិដើមភាគតិចទំពួន ពេលផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានក្រោយចប់ការប្រកួត 

​សិស្ស​គុន​មក​សាលា​គុន​រតន​ឦសាន​រូបនេះ ដាក់​ក្តី​រំពឹង​តិចតួច​ប៉ុណ្ណោះ​ក្នុងការ​ប្រជែង​ដណ្តើម​មេដាយ​ពី​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២០ ដ្បិត​រូបគេ​គ្មាន​ពេល​ហ្វឹកហាត់​គ្រប់គ្រាន់ ដោយសារ​រវល់​ជាមួយ​ការងារ​។ វណ្ណា ង៉ា មិន​ត្រឹមតែ​ជា​កីឡាករ​គុន​ល្បុក្កតោ​នោះទេ រូបគេ​ជា​អនុប្រធាន​ផ្នែក​ខា​សាធ​នាគារ Phillip Bank ប្រចាំខេត្ត​រតនគិរី​។   
 
«​ល្បុក្កតោ​នេះ​ខ្ញុំ​ចូល​ហ្វឹកហាត់​បាន​ប្រមាណ​ជា​កន្លះ​ឆ្នាំ តែដោយសារ​យើង​រវល់​ធ្វើការ​ផង ដូច្នេះ​យើង​ហាត់​បាន​តិច​បំផុត ដោយសារ​យើង​ឆ្លៀត​តិចៗ​នៅពេល​ទំនេរ​។ ដោយសារ​រវល់​ជាមួយ​ការងារ​ខ្ញុំ​បាន​ឆ្លៀត​សុំច្បាប់​គេ​មក​ចូលរួម​ប្រកួត ព្រោះ​ការស្រឡាញ់ និង​ចង់​ឲ្យ​គេ​ស្គាល់​»​។ នេះ​ជាការ​លើកឡើង​របស់​កីឡាករ វណ្ណា ង៉ា​។ 
 
​កីឡាករ​ជនជាតិដើម​ភាគតិច​រូបនេះ បានបញ្ជាក់​ពី​គោលបំណង​នៃ​ការចូល​ហ្វឹក​ហាត់គុន​ល្បុក្កតោ​ថា ដោយសារ​រូបគេ​ស្រឡាញ់ និង​ចង់​ចូលរួម​អភិរក្ស និង​អភិវឌ្ឍន៍​វិស័យ​កីឡា​វប្បធម៌ ប្រពៃណី​មួយ​នេះ​។ ម្យ៉ាងទៀត រូបគេ ចង់​ក្លាយជា​ផ្នែក​មួយ​ក្នុង​ការជួយ​ផ្សព្វផ្សាយ​ពី​វិស័យ​កីឡា ដែលជា​កេរតំណែល​របស់​បុព្វបុរស​មួយ​នេះ ឲ្យ​កាន់​តែមាន​ភាពល្បីល្បាញ​នៅលើ​ឆាក​អន្តរជាតិ​។ 
 
​កូនសិស្ស​របស់លោក វី តា​រ៉ា រូបនេះ មិនបាន​ប្រាប់​ឪពុកម្តាយ ឬ​បងប្អូន​ពី​ការចូលរួម​ប្រកួត​របស់ខ្លួន​នោះទេ ដ្បិត​រូបគេ​មិន​ចង់​ឲ្យ​ឪពុកម្តាយ​ព្រួយបារម្ភ​។ ឪពុកម្តាយ និង​សាច់ញាតិ​បានដឹង​ពី​ដំណឹង​ចូលរួម​ប្រកួត​របស់ ង៉ា ពេល រូបគេ ខ​ល​ប្រាប់​ក្រោយ​ទទួលបាន​ជ័យជម្នះ​លើ​គូប្រកួត​ក្នុងជំនួប​បើកឆាក​របស់ខ្លួន​។ 
 
​បន្ទាប់ពី​បានដឹង​ដំណឹង​ពី​ការចូលរួម​ប្រកួត និង​ឃើញ​របួស​នៅលើ​ផ្ទៃមុខ​របស់​កូន ឪពុកម្តាយ​របស់គេ មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ហើយ​បាន​និយាយ​រារាំង​ដោយ​មិន​ចង់​ឲ្យ​រូបគេ​បន្ត​ការប្រកួត​នោះទេ​។ ប៉ុន្តែ​អ្នក​គុន​ល្បុក្កតោ​មកពី​ខេត្តរតនគិរី​រូបនេះ ឆ្លើយតប​វិញ​ថា រូបគេ​មិន​អី​នោះទេ គ្រាន់តែ​ត្រូវរបួស​តិចតួច​ប៉ុណ្ណោះ​។ 
 
​សម្រាប់​កីឡាករ វណ្ណា ង៉ា ការហាត់​ក្បាច់គុន​មិន​ត្រឹមតែ​ជួយ​ឲ្យ​មាន​កាយ​រឺ​ង​មាំ និង​ស្មារតី​រហ័សរហួន​នោះទេ តែ​វា​ជា​វិធីសាស្ត្រ​មួយ​ក្នុងការ​ការពារ និង​បង្ការ​ជំងឺ​ផ្សេងៗ​។ រូបគេ អះអាងថា​៖«​អ្វី​ក៏ដោយ លុយ ឡាន​ក៏ដោយ ប្រសិនបើ​យើង​មាន​ហើយ តែ​អត់​មាន​សុខ​ភាពល្អ ក៏​យើង​រស់នៅ​គ្មាន​សេចក្តីសុខ​ដែរ​។ ចុះបើ​យើង​ហាត់ប្រាណ ហាត់​ក្បាច់គុន ហើយ​មាន​សុខភាព​រឹងមាំ ទោះបី​អត់លុយ​ចាយ ឲ្យ​មាន​បាយ​ហូប គឺអាច​រស់នៅ​បាន​។ តែបើ​សុខភាព​មិនល្អ​រស់នៅ​មិនបាន​ស្រួល​នោះទេ​»​។ 
 


កីឡាករ វណ្ណា ង៉ា ពេលឡើងទទួលបំពាក់មេដាយប្រាក់ពីព្រឹទ្ធាចារ្យ សាន គីមស៊ាន អនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា

​សម្រាប់​ការប្រកួត​កីឡា​គុន​ល្បុក្កតោ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២០ កីឡាករ វណ្ណា ង៉ា ទទួលបាន​មេដាយប្រាក់​លើ​វិញ្ញាសា​ប្រយុទ្ធ​ទម្ងន់​៥៤-៥៦​គីឡូក្រាម ក្រោយ​ចាញ់​កីឡាករ សុខ ប៊ុន​យ៉ុង ដែលជា​កីឡាករ​ជម្រើសជាតិ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ទោះបី​វា​ជា​លទ្ធផល​លើស​ការរំពឹងទុក តែ​កីឡាករ​រូបនេះ សុំទោស​ប្រជាពលរដ្ឋ​ក្នុង​ខេត្តរតនគិរី ជាពិសេស​ជនជាតិដើម​ភាគតិច​ទំពួន ដែល​រូបគេ​មិនអាច​ដណ្តើម​មេដាយមាស​បាន​៕  
 
 
   
 
 
​ 

Tag:
 គុន​ល្បុក្កតោ​
  ជើងឯក​ថ្នាក់ជាតិ​
  វណ្ណា ង៉ា
© រក្សាសិទ្ធិដោយ thmeythmey.com