សង្គមអន្តរជាតិ​
អន្តរជាតិ
តៃវ៉ាន់​បង្ហាញ​សមត្ថភាព​ទ័ពអាកាស ខណៈ​ចិន​ត្រៀម​ធ្វើ​សមយុទ្ធ​យោធា​នៅ​សមុទ្រ​ចិន​ខាងត្បូង​
26, Jan 2021 , 4:27 pm        
រូបភាព
នាវាចម្បាំងចិនអំឡុងពេលសមយុទ្ធកាលពីឆ្នាំ២០១៦។ រូបភាព៖ AFP
នាវាចម្បាំងចិនអំឡុងពេលសមយុទ្ធកាលពីឆ្នាំ២០១៦។ រូបភាព៖ AFP
ដោយ:
​កងទ័ពអាកាស​តៃវ៉ាន់ បានបង្ហាញ​សមត្ថភាព​កងទ័ពអាកាស​របស់ខ្លួន ដោយ​ធ្វើ​លំ​ហាត់​សម​ដេញ​ស្ទាក់​យន្តហោះ​ចម្បាំង​ក្នុង​ស្ថានការណ៍​សង្គ្រាម ក្រោយពេល​យន្តហោះ​ចិន​ហោះចូល​ក្នុង​ដែនអាកាស​ខ្លួន​ជា​ញឹកញាប់​។ ចំណែក​ចិន​វិញ ក៏​ប្រកាស​ផងដែរ​ពី​ការធ្វើ​សមយុទ្ធ​ក្នុង​ឈូង​សមុទ្រ​ក្បែរ​កោះ​ហៃ​ណាន​នៃ​សមុទ្រ​ចិន​ខាងត្បូង​ពីថ្ងៃ​ទី​២៧ ដល់​ថ្ងៃទី​៣០ ខែមករា​។​

 
​នៅ​មូលដ្ឋាន​ទ័ពអាកាស​ភាគ​ខាងត្បូង​ទីក្រុង​Tainan យន្តហោះ​ចម្បាំង​តៃវ៉ាន់ F-CK IDF ជាច្រើន​គ្រឿង​ប្រញាប់ប្រញាល់​ហោះ​ចេញ​ទៅលើ​អាកាស​ក្នុង​លំ​ហាត់​សម​ស្ទាក់​យន្តហោះ​ចម្បាំង​សត្រូវ​។ ក្នុង​លំ​ហាត់​នេះ អាកាសយានិក អ្នក​ជួសជុល​យន្តហោះ និង​អ្នក​នាំ​ផ្លូវ​មាន​ពេល​ត្រឹមតែ​៥​នាទី​ប៉ុណ្ណោះ​ក្នុង​ការរៀបចំ​យន្តហោះ​ឱ្យបាន​រួចរាល់ ក៏ដូចជា​បំពាក់អាវុធ​ដូចជា​មី​ស៊ី​ល​ប្រដេញ​បាញ់​ពី​អាកាស​ទៅ​ដី Wan Chien ដែល​ផលិត​ក្នុងស្រុក​តៃវ៉ាន់ និង​មី​ស៊ី​ល​ប្រដេញ Sidewinders ដែល​ផលិត​ដោយ​អាមេរិក​។ 
 
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters មន្ត្រី​កងទ័ព​តៃវ៉ាន់​និយាយថា យន្តហោះ​ចម្បាំង​តៃវ៉ាន់ តែងតែ​ត្រៀម​រួចជាស្រេច​នូវ​កាំភ្លើងយន្ត មី​ស៊ី​ល Sidewinders និង​មី​ស៊ី​ល Sky Sword ដែល​ផលិត​ក្នុងស្រុក​តៃវ៉ាន់​ក្នុងពេល​ហោះ​ស្ទាក់ និង​ប្រដេញ​យន្តហោះ​ចម្បាំង​ចិន​ដែល​ហោះចូល​ដែនអាកាស​ខ្លួន​។ មន្ត្រី​យោធា​រូបនេះ សង្កត់ធ្ងន់ថា យន្តហោះ​ចម្បាំង​តៃវ៉ាន់ មាន​សមត្ថភាព​ក្នុងការ​ឆ្លើយតប​ទៅនឹង​យន្តហោះ​ចម្បាំង​ចិន​គ្រប់ពេល​។​
 
«​យើង ត្រៀមខ្លួន​រួចជាស្រេច​។ យើង​មិន​បោះបង់​ចំណែក​ណាមួយ​នៃ​ទឹកដី​របស់​យើង​ឡើយ​»​។ នេះ​ជា​អះអាង​របស់លោក​វរសេនីយឯក Lee Ching​។ លោក Lee និយាយថា កងទ័ពអាកាស​តៃវ៉ាន់​ទទួលបាន​ការហ្វឹកហ្វឺន​ល្អ តែមាន​យន្តហោះ​ចម្បាំង​តិច​ជា​ចិន និង​ស្ថិតក្រោម​សម្ពាធ​ជាប់​ជានិច្ច​នា​រយៈពេល​ចុងក្រោយ​នេះ ព្រោះ​ត្រូវ​ហោះ​ស្ទាក់​យន្តហោះ​ចម្បាំង​ចិន ក៏ដូចជា​ឃ្លាំមើល​សកម្មភាព​ផ្សេងៗ​ទៀត​នៅ​ជុំវិញ​កោះ​។ 
 
​ខណៈ​តៃវ៉ាន់​ធ្វើ​លំ​ហាត់​សម​ស្កាត់​យន្តហោះ​ចម្បាំង ចិន​វិញ​បានប្រកាស​ពី​ការធ្វើ​សមយុទ្ធ​យោធា​នៅ​ឧបទ្វីប Leizhou ភាគខាងត្បូង​បំផុត​នៃ​ប្រទេស​។ សេចក្តីជូនដំណឹង​ដែល​ចេញ​រដ្ឋបាល​សុវត្ថិភាព​លំហរ​ចិន បញ្ជាក់ថា សមយុទ្ធ​នេះ​ធ្វើឡើង​ពីថ្ងៃ​ទី​២៧ ដល់​ថ្ងៃទី​៣០ ខែមករា​ក្នុង​ដែនទឹក​នៃ​ឈូង​សមុទ្រ​ប៉ី​ពូ​ដែល​ស្ថិតក្នុង​សមុទ្រ​ចិន​ខាងត្បូង ហើយ​ហាម​មិនឱ្យ​នាវា​ផ្សេង​បើក​កាត់​តំបន់​ឈូង​សមុទ្រ​នេះឡើយ​។​
 
​ចិន​ពុំបាន​បញ្ជាក់​ពី​លក្ខណៈ​នៃ​សមយុទ្ធ​ដែល​នឹង​ប្រព្រឹត្តទៅ ឬ​ទំហំ​នៃ​សមយុទ្ធ​នេះឡើយ​។ ប៉ុន្តែ​អ្វីដែល​គួរឱ្យកត់សម្គាល់​សមយុទ្ធ​នេះ ធ្វើឡើង​នៅ​ជិត​ដែនទឹក​វៀតណាម និង​ចំពេល​ដែល​បក្ស​កុម្មុយនីស្ត​វៀតណាម​កំពុង​រៀបចំ​សមាជ​លើក​ទី​១៣​។ បន្ថែម​ពីនេះ​ការប្រកាស​ពី​សមយុទ្ធ​នេះ ធ្វើឡើង​ក្រោយពេល​កង​នាវាចម្បាំង​អាមេរិក បាន​បើក​កាត់​កោះ​ដែល​ចិន​គ្រប់គ្រង​ក្នុង​តំបន់​ដែនទឹក​ជម្លោះ​នៅ​សមុទ្រ​ចិន​ភាគខាងត្បូង​កាលពី​ថ្ងៃទី​២៣ មករា​។ 
 
​អាមេរិក​អះអាងថា​វត្ត​មាននៃ​នាវា​របស់ខ្លួន ជាការ​អនុវត្ត​សេរីភាព​នាវាចរណ៍ ការលើកកម្ពស់​សេរីភាព​ដែនសមុទ្រ និង​ពង្រឹង​សន្តិភាព​លំហ​សមុទ្រ​។ ចិន​វិញ​អះអាងថា វត្តមាន​នៃ​យោធា​អាមេរិក​ក្នុង​សមុទ្រ​ចិន​ភាគខាងត្បូង​ពុំ​អំណោយផល​ដល់​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​ឡើយ​៕
 
 

Tag:
 ​តៃវ៉ាន់​
  ចិន​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com