ជាតិ
មេ​សហជីព ជំរុញ​ឲ្យ​ក្រសួង​សាធារណការ ចុះ​ពិនិត្យ​រថយន្ត​ដឹក​កម្មករ ដើម្បី​ធានា​សុវត្ថិភាព​
26, Jan 2021 , 9:29 pm        
រូបភាព
កម្មកររោចក្រធ្វើដំណើរទៅកន្លែងការងារ។ រូបដោយ៖ លោក សែម វណ្ណា
កម្មកររោចក្រធ្វើដំណើរទៅកន្លែងការងារ។ រូបដោយ៖ លោក សែម វណ្ណា
​ភ្នំពេញ​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គ្រោង​ចុះ​សិក្សា​លើ​រថយន្ត សម្រាប់​ដឹក​កម្មករ ដើម្បី​កំណត់​ឲ្យ​មាន​ស្ដង់ដារ និង​សុវត្ថិភាព នៅ​ខែកុម្ភៈ ។ មេ​សហជីព គាំទ្រ​គម្រោង​នេះ ព្រោះ​វា​អាចជួយ​បញ្ចៀស​គ្រោះថ្នាក់​ដល់ក​ម្មករ​។​


​លោកស្រី មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ បាន​សង្កេតឃើញថា ការធ្វើដំណើរ​របស់​ក​ម្មករ​នៅតែ​ប្រឈម​នឹង​គ្រោះថ្នាក់​ចរាចរណ៍ ដោយសារ​ការបើក​មិន​គោរព​ច្បាប់ ដឹក​លើស​ទម្ងន់ និង​យានយន្ត​មិន​ត្រឹមត្រូវ តាម​ស្តង់ដារ​បច្ចេកទេស​ជាដើម​។ ជាពិសេស​ក្រុមកម្មករ​រោងចក្រ ដែល​ងាយ​ប្រឈម​មុខជា​ក្រុម​។ 
 
​ដោយ​បញ្ហា​នេះហើយ ទើប​ក្រសួង​សាធារណការ គ្រោង​ចុះ​ពិនិត្យ​រថយន្ត​ដឹក​កម្មករ ដើម្បី​ធានា​សុវត្ថិភាព ។ បើតាម​លោកស្រី មឹន មាណវី ប្រភេទ​រថយន្ត​កូរ៉េ ដែល​ដឹក​កម្មករ​សព្វថ្ងៃ ប្រឈម​នឹង​គ្រោះថ្នាក់​ជាងគេ​។ 
 
​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​២៦​មករា​នេះ លោកស្រី មាណវី សង្កត់​ធ្ង​ន​ថា ៖ «​ការផ្លាស់ប្តូរ​រថយន្ត​ដឹកជញ្ជូន​កម្មករ​ដែលជា​ប្រភេទ​រថយន្ត​កូរ៉េ នឹង​កាត់បន្ថយ​បាន​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ជា​ក្រុម​ហើយក៏​ការបង្ការ​កូ​វីដ​-១៩​ដល់ក​ម្មករ​ផងដែរ​។ ក្រុមបច្ចេកទេស​នឹង​ចុះ​សិក្សា​ថា​យើង​នឹង​កំណត់​លក្ខខណ្ឌ​រថយន្ត​ប្រភេទ​ណាខ្លះ ឬ​កែតម្រូវ​ឲ្យ​មាន​កន្លែង​អង្គុយ​ត្រឹមត្រូវ​បែបណា និង​កំណត់​ចំនួន​កម្មករ​ជិះ​ជាដើម​»​។ 
 
​គម្រោង​ផ្លាស់ប្ដូរ​រថយន្ត​ដឹក​កម្មករ​នេះ គឺ​គាំទ្រ​ពី​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​កម្ពុជា ដែល​ត្រូវការ​ប្រើពេល​សិក្សា​ប្រមាណ​ពីរ​ខែ​។ យ៉ាងណាក៏ដោយ លោកស្រី មាណវី មិន​ច្បាស់​ថា ក្រសួង​អាចដាក់​ចេញ​គោលការណ៍​ឱ្យ​ម្ចាស់​យានយន្ត​អនុវត្ត​នៅ​ឆ្នាំ​២០២១ ឬ​យ៉ាងណាទេ​។ នោះ​ក៏​ព្រោះតែ​ម្ចាស់​រថយន្ត​ដឹក​កម្មករ ភាគច្រើន​មិនមាន​លទ្ធភាព​ផ្លាស់ប្ដូរ​គ្រប់គ្នា​ទេ​។​
 
​ជុំវិញ​គម្រោង​ផ្លាស់ប្ដូរ​មធ្យោបាយ​ដឹកជញ្ជូន​កម្មករ​នេះ លោក អាត ធន់ យល់ថា ជា​រឿង​ល្អ​សម្រាប់​កម្មករ​។ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​រូបនេះ ជំរុញ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ព​ន្លឿ​ន​គម្រោង​នេះ ដោយ​កុំ​បង្អង់​យូរ ព្រោះ​ធ្លាប់មាន​ការជជែក​គ្នាច្រើន​មកហើយ ប៉ុន្តែ​មិនទាន់​ឃើញ​មាន​លទ្ធផល​នៅឡើយ​។ 
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក អាត់ ធន់ បានបញ្ជាក់​ដូច្នេះ​ថា​៖ «​ខ្ញុំ​គិតថា​គម្រោង​នេះ​ល្អ ពេល​គេ​ចុះ​សិក្សា​។ ខ្ញុំ​ឃើញ​គម្រោង​នេះ​(​ការផ្លាស់ប្ដូរ​រថយន្ត​ដឹក​កម្មករ​ដើម្បី​ធានាបាន​សុវត្ថិភាព​)​ជជែក​គ្នា​៤​ទៅ​៥​ឆ្នាំ​ហើយ អត់​ឃើញ​ទៅមុខ​សោះ​។ កន្លងមក​ឃើញ​មាន​បញ្ហា​គ្រោះថ្នាក់​ច្រើនណាស់​, អ៊ីចឹង​ក្រសួង​ពាក់ព័ន្ធ​គួរ​ព​ន្លឿ​ន​គម្រោង​នេះ ដើម្បី​សុវត្ថិភាព​កម្មករ​»​។ 
​លោក បញ្ជាក់​បន្ថែមថា រថយន្ត​ដែល​សមស្រប​ក្នុង​ការដឹក​កម្មករ គួរតែ​ជា​ប្រភេទ​រថយន្តក្រុង និង​រថយន្ត​កែច្នៃ ដែលមាន​កៅអីអង្គុយ​ត្រឹមត្រូវ​។ 
 
​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​តេ​ឡេ​ក្រាម លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ អះអាងថា លោក​មិនទាន់​បានដឹង​អំពី​គម្រោង​ចុះ​សិក្សា​លើ​រថយន្ត​ដឹក​កម្មករ​នេះ នៅឡើយ​ទេ​។  
 
​កាលពី​ឆ្នាំ​២០២០​កន្លងមក រថយន្ត​កូរ៉េ​ដឹក​កម្មករ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ចំនួន​១៥​លើក បណ្ដាល​ឲ្យ​មាន​កម្មករ​ស្លាប់​៤​នាក់ និង​រងរបួស​ធ្ងន់​ស្រាល​ជាង​៣៥០​នាក់​។ នេះ​បើតាម​លោកស្រី មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​។​
 
​ប៉ុន្តែ​បើតាម​របាយការណ៍​គ្រោះថ្នាក់​ការងារ​របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម​នៅ​ឆ្នាំ​២០២០ មានកម្ម​ករ​ជាង​១៨០០​នាក់ ហើយ​ក្នុងនោះ​មាន​១៨៨​នាក់​បាន​ស្លាប់ ដែល​ភាគច្រើន​បង្កឡើង​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក អាត ធន់ មេ​សហជីព​នៅ​កម្ពុជា​៕
 

Tag:
 កម្មករ​
© រក្សាសិទ្ធិដោយ thmeythmey.com