អន្តរជាតិ
បក្ស​កាន់អំណាច​៖ លោកស្រី ស៊ូ​ជី នឹង​បន្ត​កាន់តំណែង​ជាទី​ប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា​
26, Jan 2021 , 9:59 pm        
រូបភាព
លោកស្រី អ៊ុងសាន ស៊ូជី ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា។ រូបភាព៖ AFP
លោកស្រី អ៊ុងសាន ស៊ូជី ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា។ រូបភាព៖ AFP
​លោកស្រី អ៊ុង​សាន ស៊ូ​ជី នឹង​បន្ត​កាន់តំណែង​ជាទី​ប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា នៅក្នុង​អាណត្តិ​រដ្ឋាភិបាល​ខាងមុខ​។ លោក U Zaw Myint Maung អនុប្រធាន​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) បានលើកឡើង​បែបនេះ នៅ​ថ្ងៃទី​២៤ ខែមករា​។ បក្ស NLD ឈ្នះ​ការបោះឆ្នោត​សម្រាប់​អាណត្តិ​ទី​ពីរ​កាលពី​ការបោះឆ្នោត​ខែវិច្ឆិកា ឆ្នាំ​២០២០​។​


 
​បក្សសម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​ទទួលបាន​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​នៅក្នុង​ការបោះឆ្នោត​ទូទៅ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២០ កន្លងមក​។ ជ័យជម្នះ​នេះ នាំឱ្យមាន​ពាក្យ​លេចឡើង​ថា លោកស្រី​អ៊ុង​សាន ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា នឹង​បន្ត​កាន់តំណែង​នេះ​បន្តទៀត នៅក្នុង​អាណត្តិ​រដ្ឋាភិបាល​ខាងមុខ​។ 
 
​ទាក់ទិន​នឹង​បញ្ហា​នេះ អនុប្រធាន​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ លោក U Zaw Myint Maung បាន​បញ្ជាក់ថា លោកស្រី​ស៊ូ​ជី នឹង​បន្ត​កាន់តំណែង​ទីប្រឹក្សា​រដ្ឋ​។ «​ដោយ​វា​ជា​រឿង​ចាំបាច់ យើង​នឹង​បន្ត​តំណែង​របស់​លោកស្រី អ៊ុង​សាន ស៊ូ​ជី ជាទី​ប្រឹក្សា​រដ្ឋ​មួយ​អាណត្តិ​ទៀត​»​។ អនុប្រធាន​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ បានបញ្ជាក់​បែបនេះ​នៅ​ថ្ងៃទី​២៤ ខែមករា​កន្លងទៅ​។​
 
​នៅក្នុង​រដ្ឋធម្មនុញ្ញ​មី​យ៉ាន់​ម៉ា លោកស្រី ស៊ូ​ជី មិនអាច​កាន់តំណែង​ជា​ប្រធានាធិបតី​បានឡើយ ព្រោះ​លោកស្រី​ស៊ូ​ជី មានកូន​កាន់​សញ្ជាតិ​អង់គ្លេស ដែល​រដ្ឋធម្មនុញ្ញ​មី​យ៉ាន់​ម៉ា ហាមឃាត់​លើ​ចំណុច​នេះ​។ យ៉ាងណាមិញ បន្ទាប់ពី​ឈ្នះ​ការបោះឆ្នោត​នៅក្នុង​ឆ្នាំ​២០១៥ តំណែង​ទីប្រឹក្សា​រដ្ឋ​នេះ ត្រូវបាន​បង្កើតឡើង ដើម្បី​អនុញ្ញាតឱ្យ​លោកស្រី ស៊ូ​ជី ដឹកនាំ​ប្រទេស​បាន​។ 
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន The Irrawaddy អាណត្តិ​ទីប្រឹក្សា​រដ្ឋ​នេះ មាន​រយៈពេល​ស្មើនឹង​អាណត្តិ​ប្រធានាធិបតី​។ តំណែង​ទីប្រឹក្សា​រដ្ឋ និង​ប្រធានាធិបតី នឹង​អស់​អាណត្តិ​នៅក្នុង​ខែមីនា ខាងមុខ​។ ដើម្បី​កាន់តំណែង​ជាទី​ប្រឹក្សា​រដ្ឋ​បាន លោកស្រី​ស៊ូ​ជី ត្រូវ​លាលែង​ពី​សមាជិកសភា​ជាន់​ទាប​ជាមុនសិន​។ នៅក្នុង​ការបោះឆ្នោត​ខែវិច្ឆិកា លោកស្រី បាន​ជាប់ឆ្នោត​ជា​សមាជិកសភា​ជាន់​ទាប​របស់​មី​យ៉ាន់​ម៉ា​។ 
 
​ក្នុង​អាណត្តិ​មុន​ដែល​នឹង​បញ្ចប់ លោកស្រី ស៊ូ​ជី ក៏បាន​កាន់តំណែង​ពីរ​ទៀត​មាន​រដ្ឋមន្ត្រី​ការិយាល័យ​ប្រធានាធិបតី និង​រដ្ឋមន្ត្រី​បរទេស​។ ប៉ុន្តែ​នៅក្នុង​អាណត្តិ​ថ្មី​ខាងមុខ គេ​មិនទាន់​ច្បាស់​នៅឡើយ​ទេ ថា​តើ​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា​រូបនេះ នឹង​បន្ត​កាន់តំណែង​ទាំងពីរ​នោះ ឬ​យ៉ាងណា​។ 
 
​បើសិន​គ្មាន​ការប្រើ​ប្រួល​ទេ សភា​ថ្នាក់ជាតិ​មី​យ៉ាន់​ម៉ា នឹង​បើក​កិច្ចប្រជុំ​លើកដំបូង នៅ​ថ្ងៃទី​១ ខែកុម្ភៈ និង​សភា​តំបន់ និង​រដ្ឋ ត្រូវ​បើក​កិច្ចប្រជុំ​របស់ខ្លួន នៅ​ថ្ងៃទី​៩ ខែកុម្ភៈ​។ នៅក្នុង​រដ្ឋធម្មនុញ្ញ​មី​យ៉ាន់​ម៉ា សភា ត្រូវ​បើក​កិច្ចប្រជុំ​ជា​លើកដំបូង ក្នុង​រយៈពេល ៩០​ថ្ងៃ ក្រោយ​ថ្ងៃ​បោះឆ្នោត​។ 
 
​បើទោះបីជា លទ្ធផល​ចុងក្រោយ បាន​បង្ហាញថា បក្ស NLD បាន​កាន់កាប់​កៅអី​សភា ៣៩៦​អាសនៈ​ក៏ពិតមែន ប៉ុន្តែ​បក្ស​សាមគ្គី និង​អភិវឌ្ឍ​សហភាព (USDP) និង​យោធា​មី​យ៉ាន់​ម៉ា នៅតែ​បន្ត​អះអាងថា ការបោះឆ្នោត​មាន​ការលួចបន្លំ​សន្លឹកឆ្នោត និង​ទាមទារ​ឱ្យមាន​ការស៊ើបអង្កេត​នៅក្នុង​លទ្ធផល​បោះឆ្នោត​លើក​នេះ​៕ 

Tag:
 មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com