អន្តរជាតិ
ប្រធានាធិបតី​ចិន​៖ ពិភពលោក ត្រូវ​ប្រកាន់ខ្ជាប់​ពហុភាគី​និយម ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​
26, Jan 2021 , 10:59 pm        
រូបភាព
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង។ រូបថត Xinhua
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង។ រូបថត Xinhua
​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ភីង នៅ​ថ្ងៃទី​២៥ ខែមករា បាន​ជំរុញ​ឱ្យ​ពិភពលោក ប្រកាន់ខ្ជាប់​ពហុភាគី​និយម និង​កសាង​សហគមន៍​ជាមួយ​អនាគត​រួម ដើម្បី​ដោះស្រាយ​បញ្ហា​ស្មុ​គ្រ​ស្មាញ​ជាច្រើន ដែល​ពិភពលោក កំពុង​ជួបប្រទះ​។ បើតាម​លោក​ស៊ី ការខ្វះ​សាមគ្គីភាព​របស់​ពិភពលោក មិនអាច​ដោះស្រាយ​បញ្ហា​ប្រឈម​រួម​បានទេ​។

 
​នៅក្នុង​សុន្ទរកថា​ទៅកាន់​វេទិកា​សេដ្ឋកិច្ចពិភពលោក​ដែល​ធ្វើ​នៅ​ទីក្រុង Davos ប្រទេស​ស្វ៊ី​ស លោក​ស៊ី  ជិ​ង​ភីង  ប្រធានាធិបតី​ចិន​បានលើកឡើង​ពី​បញ្ហា​ជាច្រើន ដែល​ពិភពលោក កំពុងតែជួបប្រទះ រាប់​ចាប់ពី​កូ​វីដ​-១៩ ដល់​បញ្ហា​សេដ្ឋកិច្ច​សកល បញ្ហា​ទំនាក់ទំនង​រវាង​រដ្ឋ​និង​រដ្ឋ​, ជម្លោះ និង​បញ្ហា​អាកាសធាតុ​។ 
 
«​វិធី​ដើរ​ចេញពី​បញ្ហា​ទាំងនេះ គឺ​ប្រកាន់ខ្ជាប់​ពហុភាគី​និយម និង​ការកសាង​សហគមន៍​ជាមួយ​អនាគត​រួមគ្នា​សម្រាប់​មនុស្សជាតិ​»​។ លោក​ស៊ី បានលើកឡើង​បែបនេះ នៅក្នុង​វីដេអូ​ថត​ទុក ដែលមាន​រយៈពេល​ជាង ២០​នាទី ដោយ​បន្ថែមថា ពិភពលោក​គួរ​បន្ត​អនុវត្ត​ភាព​បើកចំហ និង​ការរួម​ប​ញ្ជូ​ល​ជាជាង​ភាពផ្តាច់មុខ និង​ការបិទ​ឱកាស​រវាង​រដ្ឋ និង​រដ្ឋ​។ 
 
​បើតាម​លោក​ស៊ី ដែលជា​អគ្គលេខាធិការ​បក្ស​កុ​ម្មុនី​ស្ត​ចិន​ផងដែរ​នោះ ការដើរ​ជាន់​ប្រវត្តិសាស្ត្រ​ច្រំ​ដែល​, គំនិត​សង្គ្រាមត្រជាក់​ថ្មី ឬ​ការគំរាមកំហែង​ដាក់​ប្រទេស​ដទៃ មានតែ​ជំរុញ​ឱ្យ​ពិភពលោក​បែកបាក់​គ្នា និង​ការប្រឈមមុខគ្នា​ប៉ុណ្ណោះ​។ ប្រមុខរដ្ឋ​ចិន ចង់​បញ្ជាក់ថា ភាព​បាក់បែក​សាមគ្គីភាព​របស់​ពិភពលោក មិនអាច​ដោះស្រាយ​បញ្ហា​រួម​បានទេ ផ្ទុយទៅវិញ​វា​មានតែ​នាំទៅដល់​ផ្លូវ​ទាល់ច្រក​។ 
 
​ជាមួយគ្នា​ដែរ ប្រធានាធិបតី​ចិន បាន​អំពាវនាវ​ឱ្យ​ពិភពលោក អនុវត្ត​ការគោរព​ច្បាប់​អន្តរជាតិ កិច្ចសហប្រតិបត្តិការ និង​ការពិគ្រោះ​យោបល់ ដើម្បី​ដោះស្រាយ​ជម្លោះ និង​បង្កើន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​។ នៅក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក​ដដែល​នេះ លោក ស៊ី បាន​អះអាងថា ទំនាក់ទំនង​រវាងរ​ដ្ឋ និង​រដ្ឋ គួរតែ​ត្រូវបាន​ដោះស្រាយ​តាម​យន្តការ​ផ្សេង ហើយ​ប្រទេស​ដែល​ខ្លាំង មិនគួរ​ប្រើ​អំណាច ឬ​បង្ហាញ​សាច់ដុំ​របស់ខ្លួន ដាក់​ប្រទេស​ទន់ខ្សោយ​ឡើយ​។ 
 
​ប៉ុន្តែ​សម្រាប់​លោក ស៊ី ប្រទេស​ទាំងអស់ គួរ​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា ដ្បិត​ប្រទេស​នីមួយៗ មាន​វប្បធម៌​ខុសគ្នា​ក៏ដោយ​។ ម្យ៉ាងវិញទៀត ពិភពលោក​គួរ​បង្កើន​ការគោរព​គ្នា​ទៅវិញទៅមក និង​បង្កើន​ទំនុកចិត្ត​ផ្នែក​នយោបាយ​ទៅវិញទៅមក ជាជាង​ការប្រកាន់​យកគំនិត​សង្គ្រាមត្រជាក់ និង​គំនិត​ទទួលផល​ចំណេញ​តែ​ម្ខាង​។ 
 
​ក្រៅពី​ពហុភាគី​និយម ច្បាប់​អន្តរជាតិ និង​កិច្ចសហប្រតិបត្តិការ ប្រមុខរដ្ឋ​ចិន​រូបនេះ បាន​ជំរុញ​ឱ្យ​ពិភពលោក​ផ្តល់​តម្លៃ​ដល់​អង្គការ​សុខភាព​ពិភពលោក (WHO) ដើម្បី​កសាង​សហគមន៍​សុខាភិបាល​រួម និង​ដោះស្រាយ​បញ្ហា​សុខភាព​រួមគ្នា​។ លើសពីនេះ លោក​ស៊ី យល់ថា ការធ្វើកំណែទម្រង់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) និង​ប្រព័ន្ធ​រូបិយវត្ថុ និង​ហិរញ្ញវត្ថុ​អន្តរជាតិ ក៏​សំខាន់​ដែរ ដើម្បី​ព​ន្លឿ​ន​កំណើនសេដ្ឋកិច្ច​សកល និង​បង្កើន​ឱកាស​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ​៕  
 

Tag:
 ចិន​
  ស៊ី ជិន​ភីង
© រក្សាសិទ្ធិដោយ thmeythmey.com