ជាតិ
ក្រុម​អ្នកស្រាវជ្រាវ ប្រទះឃើញ​ត្រី​បា​ឃឿ ដ៏​កម្រ​នៅ​ទន្លេសាប​
26, Jan 2021 , 11:29 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកលោក ថាច់ ផាណារ៉ា ប្រធានមន្ទីរពិសោធន៍ និងស្រាវជ្រាវវិទ្យាសាស្ត្រជលផល
រូបភាពពីហ្វេសប៊ុកលោក ថាច់ ផាណារ៉ា ប្រធានមន្ទីរពិសោធន៍ និងស្រាវជ្រាវវិទ្យាសាស្ត្រជលផល
ដោយ:
​ក្រុម​អ្នកស្រាវជ្រាវ​វិទ្យាសាស្ត្រ នៃ​រដ្ឋបាល​ជលផល បាន​ប្រទះឃើញ​វត្តមាន​ត្រី​បា​ឃឿ ជា​លើកដំបូង នៅ​ដង​ទន្លេសាប ចំណុច​គន្លង​ដាយ​លេខ​៣ កាលពី​ថ្ងៃទី​២៥ ខែមករា​។ លោក ថាច់ ផា​ណា​រ៉ា ប្រធាន​មន្ទីរពិសោធន៍ និង​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ជលផល នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជលផល​ទឹកសាប បាន​ប្រាប់​សារព័ត៌មាន​តាម​ទូរ​សព្ទ​ថា ThmeyThmey25 ថា មិនមាន​ឯកសារ​ណា​បញ្ជាក់ថា ត្រី​បា​ឃឿ ធ្លាប់មាន នៅ​កម្ពុជា​នោះទេ ដូច្នេះ​វត្តមាន​របស់​វា អាច​ចាត់ទុកជា​ប្រភេទ​ត្រី​កម្រ​។​

 
​លោក ថាច់ ផា​ណា​រ៉ា ពន្យល់ ប្រាប់​សារព័ត៌មាន​ThmeyThmey25 បន្ថែម​ដូច្នេះ​៖ «​ចាប់​តាំង​ការសិក្សា​ស្រាវជ្រាវ​របស់ខ្ញុំ​នៅ​ឆ្នាំ ២០០៦ រហូតមកដល់​សព្វថ្ងៃ​នេះ គឺ​មិនដែល​ជួបប្រទះ​វា​ទេ ហើយ​ឯកសារ ក៏​មិនបាន​បញ្ជាក់ថា មាននៅ​ប្រទេស​កម្ពុជា​យើង​ដែរ នេះ​អាច​បញ្ជាក់ថា វា​ទើប​មាន​វត្ត​មាននៅ​ប្រទេស​យើង​»​។​
 
​តាម​ក្រុម​អ្នកជំនាញ ត្រី​បា​ឃឿ ចូលចិត្ត​រស់នៅក្នុង​ស្ថានភាព​ទឹក​ភ្លាវ និង​ទឹកសាប ហើយ​វា​មាន​វត្តមាន នៅ​ដីសណ្ត​ទន្លេមេគង្គ​ក្រោម នៃ​ប្រទេស​វៀតណាម​។ ដូច្នេះ​ត្រី​នេះ បានធ្វើ​ផ្លាស់​ទី​មកពី​តាម​ដង​ទន្លេមេគង្គ​ក្រោម នៃ​ប្រទេស​ស​វៀតណាម មក​ដង​ទន្លេសាប​នៃ​ប្រទេស​កម្ពុជា​។ 
 
​តាម​ការស្រាវជ្រាវ​រប​ស់​ក្រុម​អ្នកស្រាវជ្រាវ​នៃ​រដ្ឋបាល​ជលផល ចាប់ពី​ឆ្នាំ​២០០៦ ដល់​ឆ្នាំ​២០១៣ នៅតាម​ដង​ទន្លេសាប និង​ទន្លេសាប មាន​ត្រី ២២៨​ប្រភេទ​៕ 

Tag:
 ជលផល​
 ​ទន្លេសាប​
 ​ត្រី​បា​ឃឿ​
© រក្សាសិទ្ធិដោយ thmeythmey.com