កីឡាអន្តរជាតិ
អន្តរជាតិ
COVID-19 នឹងធ្វើ​ឲ្យ​ក្លិប​កំពូល​អឺរ៉ុប​ចំនួន​២០ បាត់​ចំណូល ២,៤៣ ពាន់​លាន​ដុល្លារ​
27, Jan 2021 , 8:29 am        
រូបភាព
​ក្លិប​កីឡាបាល់ទាត់​អាជីព​ធំៗ​ចំនួន​នៅ​តំបន់​អឺរ៉ុប​ត្រូវបាន​គេ​រំពឹងថា​នឹង​បាត់បង់​ប្រាក់ចំណូល ២,៤៣ ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ដំណាច់​រដូវ​កាល ២០២០-២១ នេះ ដែល​បណ្តាលមកពី​ផលប៉ះពាល់​នៃ​ជំងឺ COVID-19​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រុមហ៊ុន Deloitte ដែលមាន​មូលដ្ឋាន​ក្នុងប្រទេស​អង់គ្លេស​។​


​របាយការណ៍​របស់​ក្រុមហ៊ុន Deloitte ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​២៦ ខែមករា បាន​រកឃើញថា​ក្លិប​ចំនួន​២០​បាន​បាត់បង់​ប្រាក់ចំណូល​សរុប​ប្រហែល ៩៧៦ លាន​ផោន (១,៣​ពាន់​លាន​ដុល្លារ​) រួចមកហើយ​គិត​ត្រឹម​ចុងរដូវ​កាល ២០១៩-២០ ដែល​ធ្លាក់​១២​ភាគរយ​បើ​ធៀប​នឹង​រដូវ​កាល ២០១៨-១៩​។​
 
​ក្លិប​ទាំង​២០ ដែល​មកពី​លី​គ​កំពូល​អឺរ៉ុប​ចំនួន​៦ មាន​អង់គ្លេស អេ​ស្ប៉ា​ញ អ៊ីតាលី អាល្លឺម៉ង់ បារាំង និង​រុស្ស៊ី​។ អង់គ្លេស​មាន​៧​ក្លិប​ដែល​រង​ការខាតបង់ ខណៈ Barcelona ជា​ក្លិប​ដែល​ខាត​ប្រាក់ចំណូល​ច្រើនជាងគេ តាម​ពីក្រោយ​ដោយ Real Madrid, Bayern Munich និង Manchester United​។​
 
​ដោយសារតែ​ជំងឺ​រាតត្បាត​សកល ទើប​ធ្វើ​ឲ្យ​ក្លិប​ទាំងនោះ​រង​ការខាតបង់​យ៉ាងច្រើន តាមរយៈ​ការអាក់ខាន​រក​ចំណូល​ពី​ការចាក់ផ្សាយ ថ្លៃ​សំបុត្រ​ក្នុងការ​ប្រកួត និង​ការលក់​សម្ភារ​ផ្សេងៗ​របស់​ក្លិប​។​
 
​ដោយ​មើលឃើញ​ពី​កម្រិត​នៃ​វិបត្តិ​ជំងឺ COVID-19 របាយការណ៍​របស់​ក្រុមហ៊ុន Deloitte (​ក្រុមហ៊ុន​ប្រឹក្សា​ពន្ធ​និង​ហិរញ្ញវត្ថុ​) ថែមទាំង​ហ៊ាន​សន្និដ្ឋានថា ក្លិប​ទាំង​២០ នឹង​ខាត​ចំណូល​រហូតដល់ ២,៤៣ ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ នៅ​ដំណាច់​រដូវ​កាល ២០២០-២១​នេះ​។​
 
​បើទោះជា​ក្លិប​កីឡាបាល់ទាត់​ដែល​រកចំណូលបាន​ច្រើនជាងគេ​លើ​លោក​កាលពី​រដូវ​កាល ២០១៨-១៩​ក្តី ប៉ុន្តែ Barcelona បាន​ធ្លាក់​ប្រាក់ចំណូល​ទៅវិញ​ទេ​បើ​ធៀប​នឹង​រដូវ​កាល​មុនៗ​។ Deloitte បង្ហាញថា​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ ធ្លាក់​ចំណូល​ពី ១​ពាន់​លាន​ដុល្លារ ទៅ ៨៥៤​លាន​ដុល្លារ ខណៈ​គូប្រជែង Real Madrid ធ្លាក់ចុះ​ពី ៩០៩ លាន​ដុល្លារ ទៅ ៨៥៤ លាន​ដុល្លារ​។ Bayern Munich ដែល​ខាត​លំដាប់ថ្នាក់​ទី​៣ ធ្លាក់ចុះ​ពី ៧៩២​លាន​ដុល្លារ ទៅ ៧៥៧ លាន​ដុល្លារ​, Manchester United ធ្លាក់​ពី ៨៥៤​លាន​ដុល្លារ ទៅ ៦៩៣​លាន​ដុល្លារ​។​
 
Liverpool, Manchester City, Paris St-Germain, Chelsea, Tottenham Hotspur និង Juventus, Arsenal, Borussia Dortmund, Atletico Madrid, Inter Milan, Zenit St Petersburg, Schalke, Everton, Lyon, Napoli និង Eintracht Frankfurt ស្ថិតក្នុង​លំដាប់ថ្នាក់​បន្តបន្ទាប់​៕ 
 

Tag:
 COVID-19
  Deloitte
© រក្សាសិទ្ធិដោយ thmeythmey.com