សៀមរាប៖ ការងារអភិរក្សនិងជួសជុលប្រាសាទ មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចធ្វើបាននោះទេ គឺទាមទារឲ្យមានភាពអត់ធ្មត់ និងបច្ចេកទេសជួសជុលត្រឹមត្រូវ។ ក្រុមអ្នកជំនាញអភិរក្សនិងជួសជុលប្រាសាទរលួស បានប្រាប់សារព័ត៌មានThmeyThmey25 ថា ការងារជួសជុលប្រាសាទគ្មានទីបញ្ចប់នោះទេប្រៀបបាននឹងការមើលថែមនុស្សចាស់។
ក្នុងនាមជាអ្នកថែរក្សាប្រាសាទជាង២០ឆ្នាំ លោក គឹមហួល មានអារម្មណ៍រំភើបនិងពេញចិត្តខ្លាំងចំពោះការងារនេះ។ លោកថា៖«ការងារអភិរក្សអត់មានទីបញ្ចប់ទេប្រៀបដូចការមើលថែមនុស្សមនុស្សចាស់អ៊ីចឹង មនុស្សចាស់ជរាហើយយើងត្រូវព្យាបាលគាត់រហូតឲ្យគាត់មានព្រះជន្មរហូត»។
លោក សារ៉ាយ គឹមហួល ជាមន្ត្រីបច្ចេកទេសអភិរក្សប្រាសាទរលួស បានឲ្យដឹងថា ប្រាសាទលលៃ បានចាប់ផ្ដើមការងារអភិរក្សនិងជួសជុល នៅឆ្នាំ២០០០ ដោយមានការធ្វើកំណាយស្រាវជ្រាវមួយចំនួន ក្នុងបរិវេណតំបន់រមណីយដ្ឋានរលួសផងដែរ។ លោកបានបញ្ជាក់ថា ការធ្វើកំណាយស្រាវជ្រាវកន្លងមក បានប្រទះឃើញរចនាសម្ធ័ន្ធជាច្រើនដូចជាគ្រឹះកំពែង និងខ្លោងទ្វារប្រាសាទលលៃជាដើម។
ដោយឡែកលោក លី ពុទ្ធា ជាស្ថាបត្យករអភិរក្សក្រុមប្រាសាទរលួស ក៏មានការយល់ឃើញមិនខុសគ្នាប៉ុន្មានពីលោក សារ៉ាយ គឹមហួល ដែរ ជុំវិញការងារអភិរក្សនិងជួសជុលប្រាសាទ លោកប្រាប់ថា៖«ការអភិរក្សប្រាសាទដូចព្យាបាលមនុស្សចាស់នៅមន្ទីរពេទ្យ។ ដូច្នេះត្រូវមានក្បួនខ្នាតត្រឹមត្រូវ និងច្បាស់លាស់មុនសម្រេចជួសជុល»។
លោក លី ពុទ្ធា
បើតាមលោក លី ពុទ្ធា មុនជួសជុលប្រាសាទមួយ ត្រូវដឹងពីស្ថានភាពប្រាសាទជាមុនសិន ពិសេសប្រាសាទដែលមានវ័យចំណាស់។ លោក លី ពុទ្ធា ប្រាប់ទៀតថា «បើសិនស្ថានភាពប្រាសាទនោះកំពុងប្រឈមហានិភ័យខ្ពស់ ក្រុមអភិរក្សប្រាសាទនឹងប្រើវិធីអន្តរាគមន៍បន្ទាន់ដោយយកធ្វើជាចន្ទល់ មុនជួសជុលប្រាសាទនោះ។ ប៉ុន្តែមុននឹងជួសជុលផ្នែកណាមួយ ត្រូវថ្លឹងថ្លែង មានភស្ដុតាងត្រឹមត្រូវ និងរក្សាទម្រង់ដើម»។
ស្ថាបត្យករអភិរក្សប្រាសាទរូបនេះប្រាប់ថាការជួសជុលប្រាសាទ មានលក្ខណៈដូចគ្នាទៅនឹងការថែរក្សារាងកាយមនុស្សដែរ។ លោកពន្យល់យ៉ាងដូច្នេះ៖«ដូចខ្លួនយើងអ៊ីចឹង អភិរក្សស្បែក អភិរក្សសក់ ចាស់ទៅប្រឹងលាបសក់ជាដើមតែប្រាសាទ សម្ភារបុរាណ ហើយគោលការណ៍អភិរក្សចង់ថែរក្សាសម្ភារបុរាណបច្ចេកទេសបុរាណ និងទម្រង់ប្រាសាទដដែល»។
ក្រៅពីអ្នកជំនាញអភិរក្សប្រាសាទនៅបរិវេណតំបន់រមណីយដ្ឋានប្រាសាទរលួស ក៏មានក្រុមអ្នកជួសជុលប្រមាណ១៧នាក់ កំពុងមមាញឹកក្នុងការងារជួសជុល និងថែទាំប្រាសាទលលៃផងដែរ។ លោក ស៊ឹម អៃ អាយុ៧៦ឆ្នាំ ជាអ្នកខេត្តសៀមរាប បានចំណាយពេលជាង២០ឆ្នាំ ក្នុងការងារថែទាំប្រាសាទនេះ សម្រាប់កូនចៅនិងប្រជាជនខ្មែរទូទាំងប្រទេស។
លោកអ៊ំ ស៊ឹម អៃ បានរៀបរាប់ពីដំណើរការនៃការជួសជុលប្រាសាទបុរាណថា ការងារនេះ មិនមានភាពលំបាកនោះទេ ។ សម្រាប់ការងារលោកអ៊ំ អៃ គឺការពារកុំឲ្យឫសឈើចាក់ចូលប្រាសាទ ដែលនាំឲ្យប៉ះពាល់សំណង់ប្រាសាទ ។
លោក ស៊ឹម អៃ
លោកអ៊ំបានប្រាប់ថា៖«ខ្ញុំស្រលាញ់ណាស់ប្រាសាទ បើកុំស្រលាញ់អាយុប៉ុនណេះហើយមិនគួរណាមកធ្វើទេ តែដោយសារកិត្តិយស តម្លៃប្រាសាទខ្ពស់សម្រាប់កូនចៅទៅថ្ងៃអនាគត»។
ជាង២០ឆ្នាំនៃការមើលថែប្រាសាទនេះ លោកអ៊ំ ស៊ឹម អៃ កាន់តែឈានដល់វ័យចំណាស់ ដូច្នេះលោកអ៊ំមានគំនិតចង់បណ្ដុះបណ្ដាលឲ្យយុវជនជំនាន់ក្រោយចូលរួមថែរក្សាប្រាសាទ ដើម្បីឲ្យប្រាសាទបុរាណអាចគង់វង្សយូរអង្វែង។
សូមបញ្ជាក់ថា ប្រាសាទលលៃ កសាងដោយព្រះបាទយសោវរ្ម័នទី១ នាចុងសតវត្សរ៍ទី៩ នៃគ.ស.៨៩៣ ដើម្បីឧទ្ទិសដល់បុព្វការីជនរបស់ព្រះអង្គ។ ក្រុមអាជ្ញាធរជាតិអប្សរាបានធ្វើកំណាយស្រាវជ្រាវ និងជួសជុលប្រាសាទលលៃឡើងវិញ ដើម្បីអភិរក្សនិងលើកតម្លៃប្រាសាទឱ្យរួចផុតពីហានិភ័យ ដែលរងការខូចខាតដោយកត្តាអាកាសធាតុ ការបំផ្លាញដោយរុក្ខជាតិ និងអាយុកាលរបស់សំណង់ ៕