អត្ថបទពាណិជ្ជកម្ម
សាវតារ ជំងឺ​ទឹកនោមផ្អែម និង​កាលប្រវត្តិ​សំខាន់ៗ​
26, Jan 2021 , 5:09 pm        
រូបភាព
​តាំងពី​១៥០០​ឆ្នាំមុន​គ្រិស្តសករាជ នៅក្នុង​គម្ពី​បុរាណ​អេ​ហ្សី​ប មានការ​សរសេរ​ពី​ជំងឺ​ម្យ៉ាង ដែល​អ្នកជំងឺ​នោម​ច្រើន និង​ស្រេកទឹក​។ កាលនោះ​មិនទាន់មាន​ពាក្យ​ទឹកនោមផ្អែម​នៅ​ទ្បើ​យ​។ 
 
៤០០​ឆ្នាំមុន​គ្រិស្តសករាជ Charaka និង Shushrata (​ពេទ្យ​ល្បី​នៅ​ឥណ្ឌា​) បាន​បរិយាយ អំពី​ភាព​ផ្អែម​របស់​ទឹកនោម ដែលមាន​ស្រមោច​រោម​។ Charaka និង​Shushrata ក៏បាន​បរិយាយ​ផងដែរ អំពី​អ្នកជំងឺ​ដែល​ស្រមោច​រោម​ទឹកនោម មាន​ពីរ​ក្រុម គឺ​ក្រុម​មួយ​ធាត់ និង​ចូលចិត្ត​ហូប​ផ្អែម ឯ​ក្រុម​មួយទៀត​ស្គម​។​
 
​នៅ​សតវត្ស​ទី​២ Aretaeus ដែលជា​គ្រូពេទ្យ​រ៉ូ​មាំ​ង​-​ក្រិច ដែលមាន​ភាព​ល្បី​ខ្លាំង​សឹងតែ​ប្រហែល​Hippocrates ដែរនោះ បាន​បរិយាយ​ច្បាស់​ជាង​អ្នក​មុនៗ អំពី​អាការ​អ្នកជំងឺ ដូចជា​ស្រេកទឹក នោម​ច្រើន ខ្វះ​ជាតិ​ទឹក​ក្នុង​ខ្លួន ហើយ​អាច​ស្លាប់​។ Aretaeus​បាន​បង្កើត​ពាក្យ​ទឹកនោមផ្អែម Diabetes (​ពាក្យ​នេះ​មកពី​ពាក្យ​ក្រឹ​ច διαβαινω, diabaino) ។ 
 
​នៅ​សតវត្ស​ទី​១៧ Thomas Willis ដែលជា​កាយ​វិភាគ​វិទូ និង​ជា​វេជ្ជបណ្ឌិត​ដ៏​ល្បី​នៅ​កាលនោះ មាន​ស្នាដៃ​ជាច្រើន​របស់គាត់ ដូចជា​ការបរិយាយ​អំពី Circle of Willis និង កាយ​វិទ្យា​ផ្សេងៗ​ទៀត​។ Thomas Willis បាន​ថែម​ពាក្យ Mellitus ទៅលើ Diabetes (Diabetes Mellitus) ដើម្បី​សង្កត់​ន័យ អំពី​ភាព​ផ្អែម​នៃ​ទឹកនោម​។ តែ​គាត់ ក៏​នៅតែ​មិនទាន់​អាច​ពន្យល់បាន ហេតុអ្វី​បានជា​ទឹកនោម​មាន​រសជាតិ​ផ្អែម​។ ជារួម វា​ហាក់ដូចជា Thomas Willis បាន​រកឃើញ​ជាថ្មី នូវ​អ្វីដែល Charaka និង Shushrata បាន​រៀបរាប់ ពី​៤០០​ឆ្នាំមុន​គ្រិស្តសករាជ​។ 
 
Claude Bernard ជា​សរីរ​វិទូ និង​អ្នកស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ ដ៏​សែន​ល្បី​ជាតិ​បារាំង បាន​រកឃើញថា ថ្លើម​អាច​ស្តុក​ជាតិ​ស្ករ (Glycogens)​។ ហើយ​ថ្លើម​អាច​បញ្ចេញ​ជាតិ​ស្ករ​មកវិញ ពេល​អត់​ហូប​អាហារ​។ 
 
​នៅ​ឆ្នាំ​១៨៦៩ Paul Langerhans ជា​សរីរ​វិទូ​ជាតិ​អាល្លឺម៉ង់ បាន​រៀបរាប់​ពី​រចនាសម្ព័ន្ធ របស់ Islets ក្នុង​លំពែង​។ ក្រោយមក​គេ​នាំគ្នា សន្ម​ត់​ហៅ langerhans islets​។ 
 
​ឆ្នាំ​១៨៨៩ Oskar Minkowski (​បារាំង​) Joseph von Merin (​អាល្លឺម៉ង់​) នា​ក្រុង​ស្ត្រា​ស​ប៊ួ​រ ប្រទេស​បារាំង បាន​បរិយាយ​អំពី​ទំនាក់ទំនង​រវាង​លំពែង និង​ជំងឺ​ទឹកនោមផ្អែម​។ ពួកគាត់​បាន​ពិសោធន៍ ដោយ​កាត់​លំពែង​លើ​សត្វ​សុនខ ក្រោយមក​សុនខ​ទាំងនោះ មាន​ទឹកនោមផ្អែម​។​
 
​នា​ពាក់កណ្ដាល​ឆ្នាំ ១៩២១ Frederick Grant Banting ដែលជា​វេជ្ជបណ្ឌិត​វះកាត់​វ័យក្មេង ជាតិ​កាណាដា​និង​និស្សិត Charles Herbert Best ជា​ជនជាតិ​កាណាដា​ដែរ បាន​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​របស់​សាស្ត្រាចារ្យ  ល្បីឈ្មោះ John Macleod (​ជាតិ​ស្កុ​តលែ​ន​) នា​សាកលវិទ្យាល័យ​តូ​រ៉ុ​ន​តូ ប្រទេស​កាណាដា​។ Frederick Grant Banting និង Charles Herbert Best បាន​ចម្រាញ់​ចេញពី​លំពែង​សុនខ នូវ​វត្ថុ​រាវ​ម្យ៉ាង ដែល​អាច​ព្យាបាល​សុនខ ដែលមាន​ទឹកនោមផ្អែម​។ ដល់​ចុងឆ្នាំ​១៩២១ អ្នកជំនាញ​គីមី​សាស្ត្រ James Collip (​កាណាដា​) បាន​ចូលរួម​ក្នុង​ក្រុម​តាម​ការហៅ​របស់ John Macleod ហើយ​ធ្វើ​បន្សុទ្ធកម្ម វត្ថុ​រាវ​នោះ ដែល​ក្រោយមក​សាស្ត្រាចារ្យ John Macleod ដាក់ឈ្មោះ Insulin (​អាំង​ស៊ុយ​លីន​)​។​
 
​ឆ្នាំ​១៩២៣ គណៈកម្មការ​ណូបែល បានផ្ដល់​ជ័យលាភី​ដល់ Frederick Grant Banting និង John Macleod សម្រាប់​របកគំហើញ​។ Frederick Grant Banting ខឹង​ជាខ្លាំង ដោយ​គឹ​ត​ថា​គាត់​គួរ​បាន​រង្វាន់​ជាមួយ Charles Best​។ Frederick Grant Banting បាន​ចែក​ប្រាក់រង្វាន់​ជាមួយ Charles Best​។ ឯ John Macleod ក៏បាន​ចែកជា​មួយ James Collip​។ ខែមករា ឆ្នាំ​១៩២១ Leonard Thompson (​ពេលនោះ​គាត់​អាយុ​១៤​ឆ្នាំ​) ជា​អ្នកជំងឺ​ទីមួយ ក្នុង​ប្រវត្តិសាស្ត្រ​ដែល​បានទទួល​ការព្យាបាល ដោយ​អាំង​ស៊ុយ​លីន​។ គាត់​រស់នៅ​រហូតដល់​អាយុ​២៧​ឆ្នាំ មុនពេល​គាត់​មរណភាព​ដោយសារ​រលាក​សួត​។ 
 
​ទិវា​ជំងឺ​ទឹកនោមផ្អែម​ពិភពលោក ប្រារព្ធ​នា​ថ្ងៃ​១៤ វិច្ឆិកា រៀងរាល់ឆ្នាំ​។ ទិវា​នេះ​បង្កើត​ដោយ International Diabetes Federation នៅ​ឆ្នាំ​១៩៩១​។ សហព័ន្ធ​ជំងឺ​ទឹកនោមផ្អែម​អន្តរជាតិ បង្កើត​តាំងពី​ឆ្នាំ​១៩៥០ មាន​សមាគម​ចំនួន​២៣០ មកពី​១៦០​ប្រទេស​ចូលរួម​៕
 
​បកស្រាយ​ដោយ​៖ វេជ្ជ​. ស៊ុំ ស​ត្ថា​
​ឯកទេស​ជំងឺ​ទឹកនោមផ្អែម ក្រពេញ និង អ័រម៉ូន នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​
​ភាត​រះ​សមាជិក American College of Endocrinology
 
 

© រក្សាសិទ្ធិដោយ thmeythmey.com