ជាតិ
សង្គមជាតិ
ថ្នាក់លើ ចុះ​ស៊ើបអង្កេត​ស្នងការរង​ខេត្តតាកែវ និង​បក្សពួក ពាក់ព័ន្ធ​នឹង​ការ​បង្ខាំង​មនុស្ស​ជម្រិត​ទារប្រាក់​
26, Jan 2021 , 5:19 pm        
រូបភាព
ឧត្តមសេនីយ៍ទោ ហ៊ិន សុខខេង (រូបពីស្នងការដ្ឋាននគរបាលខេត្តតាកែវ)
ឧត្តមសេនីយ៍ទោ ហ៊ិន សុខខេង (រូបពីស្នងការដ្ឋាននគរបាលខេត្តតាកែវ)
​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ិ​ន សុខ​ខេង ស្នងការរង​ខេត្តតាកែវ ទទួល​ផែនការ​ព្រហ្មទណ្ឌ រួមទាំង​បក្ខពួក ត្រូវ​ជាប់​សង្ស័យ​ពី​ការចាប់​បង្ខាំង​មនុស្ស ជម្រិត​ទារប្រាក់​។ ពួកគេ ត្រូវបាន​មន្ត្រី​ពី​ក្រសួងមហាផ្ទៃ ចុះ​ស្រាវជ្រាវ​ហើយ​។



​លោក ឯម វិចិត្រ អគ្គាធិការរង​និង​ជា​អ្នកនាំពាក្យ​អគ្គាធិការដ្ឋាន​ក្រសួងមហាផ្ទៃ អះអាងថា មន្ត្រី​ជំនាញ​អគ្គាធិការដ្ឋាន​ក្រសួងមហាផ្ទៃ កំពុងតែ​ស្រាវជ្រាវ​និង​ស៊ើបអង្កេត​លើ​ករណី​របស់លោក ហ៊ិ​ន សុខ​ខេង និង​បក្ខពួក​។ លោក ប្រាប់ថា មកដល់​ពេល ការស៊ើបអង្កេត​នេះ មិនទាន់​ចេញ​ជា​លទ្ធផល​នៅឡើយ​ទេ​។ លោក បន្តថា នៅពេល​ការស៊ើបអង្កេត ត្រូវបាន​បញ្ចប់ ហើយ​ទទួលបាន​លទ្ធផល អគ្គាធិការដ្ឋាន​ក្រសួងមហាផ្ទៃ នឹង​ផ្សព្វផ្សាយ​ជា​សាធារណៈ​។ 
 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២១ លោក ឯម វិចិត្រ ថ្លៃ​ង​ថា​៖«​បើ [​ពួកគាត់​] មានទោស​កំហុស យើង នឹងដាក់​ពិន័យ​ខាង​រដ្ឋបាល និង ដាក់ពិន័យ​ខាងច្បាប់​»​។ 
 
​សារព័ត៌មាន​ថ្មីៗ ព្យាយាម​ហៅ​ទូរស័ព្ទ​ទៅ​លោក ហ៊ិ​ន សុខ​ខេង ពីរ​បី​ដង​ដែរ ដើម្បី​សុំ​ការឆ្លើយតប តែ​លោក មិន​ទទួល​ការ​ហៅចូល​នោះទេ​។ 
 
​លោក អ៊ីវ លាង អគ្គាធិការ​នៃ​អគ្គាធិការដ្ឋាន​ក្រសួងមហាផ្ទៃ បានដាក់​លិខិត​ទៅ​សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ តាំងពី​អំឡុង​ខែកញ្ញា ឆ្នាំ​២០២០​មកម្ល៉េះ ដើម្បី​សុំ​ការអនុញ្ញាត ក្នុង​ការចុះ​ស៊ើបអង្កេត​លើ​លោក ហ៊ិ​ន សុខ​ខេង និង​បក្ខពួក​។ លោក អ៊ីវ លាង ជម្រាប​សម្តេច ស ខេង ថា ក្រសួងមហាផ្ទៃ ទទួលបាន​ពាក្យបណ្តឹង​ពី​មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ និង​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន សុំ​ប្តឹង​លោក ហ៊ិ​ន សុខ​ខេង រួមទាំង​បក្ខពួក​។ លោក ឯម វិចិត្រ និយាយ​ជាមួយ​សារព័ត៌​មា​ថ្មីៗ​ថា ការចាប់ផ្តើម​ស៊ើបអង្កេត​លើ​លោក ហ៊ិ​ន សុខ​ខេង និង បក្ខពួក គឺ​បន្ទាប់ពី​អគ្គាធិការដ្ឋាន​ក្រសួងមហាផ្ទៃ ទទួលបាន​ការយល់ព្រម​ពីស​ម្តេច ស ខេង​។​
 
​ក្នុង​លិខិត​នោះ លោក អ៊ីវ លាង បរិយាយ​ពី​ខ្លឹមសារ​នៃ​ពាក្យបណ្តឹង ដែល​ប្តឹង​លោក ហ៊ិ​ន សុខ​ខេង និង​បក្ខ ថា ចាប់តាំងពី​ឡើងកាន់តំណែង​ជា​ស្នងការរង នៅ​ដើមឆ្នាំ​២០១៩​មក លោក ហ៊ិ​ន សុខ​ខេង ពុំ​ដែលមាន​ស្នាដៃ​ក្នុងការ​បង្ក្រាប​បទល្មើស​ទេ គឺ​បានតែ​អួតអាង បង្កើត​បក្ខពួក គំរាមកំហែង ហើយ​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​។ លិខិត​របស់លោក អ៊ីវ លាង បាន​ឲ្យ​ដឹងថា នៅ​ចុងឆ្នាំ​២០១៩ លោក ហ៊ិ​ន សុខ​ខេង និង​បក្ខពួក បាន​បង្ខាំង​ជនរងគ្រោះ ជម្រិត​ទារប្រាក់​២០​ម៉ឺន​ដុល្លារ និង​បន្ទាប់មក នៅ​ចុងឆ្នាំ​២០១៩​ដដែល ពួកគេ បន្តធ្វើ​សកម្មភាព​នេះ​ទៀត ដោយ​បង្ខាំង​ជនជាតិ​វៀតណាម​៣​នាក់ និង​ជនជាតិខ្មែរ​ម្នាក់ ជម្រិត​ទារប្រាក់​១០​ម៉ឺន​ដុល្លារ ហើយ​ថែមទាំង​ដកហូតយក​ខ្សែដៃ ខ្សែក ចិញ្ចៀនពេជ្រ​ពី​ជនរងគ្រោះ​ផងដែរ​។  
 
​ផ្អែកលើ​លិខិត​របស់លោក អ៊ីវ លាង សកម្មភាព​បង្ខាំង​មនុស្ស​លើក​ទី​២​នេះ មាន​បន្ថែម​មន្ត្រី​គន​របាល​ម្នាក់ទៀត ដែល​បាន​ចូល​ដៃ​ចូល​ជើង គឺ​លោក​វរសេនីយ៍ទោ សាក់ ទូច​។ ជាមួយគ្នា នេះ មាន​មន្ត្រីនគរបាល​ម្នាក់ គឺ​លោក​វរសេនីយ៍ទោ រស់ សេន មាន​ឋានៈ​ជា​នាយរង​ការិយាល័យ​បុគ្គលិក ជា​អ្នកបកប្រែ (​ទំនងជា​បកប្រែ​ភាសា​វៀ​ត​ណា​ម នៅពេល​និយាយ​ជាមួយ​ជនជាតិ​វៀតណាម​ទាំង​៣​នាក់ ដែល​ត្រូវ​បង្ខាំង​)​។ 
 
​លោក អ៊ីវ លាង រៀបរាប់​ជូន​សម្តេច ស ខេង ទៀតថា រហូតដល់​ដើមឆ្នាំ​២០២០ តំណាង​ជនរងគ្រោះ​២​នាក់ បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ដើម្បី​សុំ​ឲ្យ​អនុវត្ត​ច្បាប់​លើ​មន្ត្រីនគរបាល​ខាងលើ និង​ទាមទារ​យក​សម្ភារ ដែល​មន្ត្រីនគរបាល​ទាំងនោះ ដកហូត​ពី​ជនរងគ្រោះ​។ លោក អ៊ី លាង សរសេរ​ក្នុង​លិខិត​របស់លោក​ថា ជនរងគ្រោះ​ជនជាតិ​វៀតណាម​នោះ គឺជា​អ្នកវិនិយោគ​។ 
 
​លោក អ៊ីវ លាង បញ្ជាក់ជូន​សម្តេច​រដ្ឋ​មន្ត្រី​ថា​៖«​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តតាកែវ ធ្លាប់បាន​កោះហៅ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ិ​ន សុខ​ខេង ទៅ​សាកសួរ​ដំណើររឿង​បង្ខាំង​មនុស្ស​ខុសច្បាប់​ម្តង​រួចមកហើយ​។ ម្យ៉ាងទៀត លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ិ​ន សុខ​ខេង បានធ្វើ​ឲ្យ​ពលរដ្ឋ​ក្នុង​ខេត្តតាកែវ ភ័យខ្លាច និង​បាត់​ទំនុកចិត្ត​លើ​សមត្ថកិច្ច ដែលជា​អ្នករក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ពិសេស​ការកើត​មានប​ទ​ល្មើស​ជា​បន្តបន្ទាប់​ក្នុង​មូលដ្ឋាន​ខេត្តតាកែវ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ិ​ន សុខ​ខេង រង់ចាំតែ​ហៃអើ​ជាមួយ​បទល្មើស ដោយ​ពុំមាន​ចំណាត់ការ​ជាក់ស្តែង​ឡើយ​»៕ 

Tag:
 ហ៊ិ​ន សុខ​ខេង​
  បទល្មើស​ជម្រិត​ទារប្រាក់
© រក្សាសិទ្ធិដោយ thmeythmey.com