ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេធាវី ស្នើតុលាការជាថ្មី ប្រញាប់ជម្រះរឿងក្តីលោក កឹម សុខា ឲ្យឆាប់បំផុត
26, Jan 2021 , 6:31 pm        
រូបភាព
លោក កឹម សុខា ពេលដើរចូលតុលាការរាជធានីភ្នំពេញ ដើម្បីចូលរួមសវនាការ កាលពីខែមករា ឆ្នាំ២០២០ (រូបពិ AFP)
លោក កឹម សុខា ពេលដើរចូលតុលាការរាជធានីភ្នំពេញ ដើម្បីចូលរួមសវនាការ កាលពីខែមករា ឆ្នាំ២០២០ (រូបពិ AFP)
ដោយ: ថ្មីៗ
មេធាវីការពារក្តីទាំង៤រូប រួមមាន អ្នកស្រី ម៉េង សុភារី លោក ផែង ហេង លោក ចាត់ ចេន និង លោក អាង ឧត្តម បានដាក់សំណើម្តងទៀត ទៅកាន់តុលាការរាជធានីភ្នំពេញ ដោយស្នើឲ្យបន្តបើកសវនាការជំនុំជម្រះក្តីលើសំណុំរឿងលោក កឹម សុខា ឲ្យបានឆាប់បំផុត។



ក្រុមមេធាវី មើលឃើញថា ស្ថានភាពជំងឺកូវីដ-១៩ ត្រូវរដ្ឋាភិបាលកម្ពុជា គ្រប់គ្រងបានទាំងស្រុងហើយ ដូច្នេះ ទើបស្នើឲ្យតុលាការរាជធានីភ្នំពេញ បើកសវនាការលើសំណុំរឿងរបស់លោក កឹម សុខា ឡើងវិញ ដូចការបើកសវនាការលើសំណុំរឿងដទៃដែរ។

ក្រុមមេធាវី លើកឡើងថា ការស្នើឲ្យតុលាការ បន្តបើកសវនាការឡើងវិញ គឺដើម្បីជៀសវាងរំលោភសិទ្ធិរបស់លោក កឹម សុខា ក្នុងការទទួលបានការជំនុំជម្រះក្តីឆាប់រហ័សនិងយុត្តិធម៌។ បន្ថែមពីនេះ ក្រុមមេធាវី កត់សម្គាល់ថា សំណុំរឿងរបស់លោក កឹម សុខា ត្រូវបានបើកសវនាការកន្លងមកនិងបានដេញដោលសួរលោក កឹម សុខា យ៉ាងច្រើនរួចមកហើយ។

លោក អ៊ី រិន ប្រធានលេខាធិការដ្ឋានរដ្ឋបាលតុលាការរាជធានីភ្នំពេញ ផ្តល់ព័ត៌មានថា មន្រ្តីតុលាការ បានទទួលសំណើរបស់ក្រុមមេធាវីការពារក្តីឲ្យលោ កឹម សុខា ហើយ និងបានបញ្ជូនទៅប្រធានក្រុមប្រឹក្សាជំនុំជម្រះរួហើយដែរ ដើម្បីពិនិត្យនិងធ្វើសេចក្តីសម្រេច។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ មន្រ្តីតុលាការរូបនេះ បញ្ជាក់ថា៖«យើង បញ្ជូនទៅប្រធានក្រុមប្រឹក្សាជំនុំជម្រះហើយ ការសម្រេចយ៉ាងណា គឺអាស្រ័យលើប្រធានក្រុមប្រឹក្សាជំនុំជម្រះ»។

ដ្បិតមិនអាចឆ្លើយជំនួសប្រធានក្រុមប្រឹក្សាជំនុំជម្រះ តែ លោក អ៊ីន រិន បកស្រាយថា តុលាការ កំពុងមមាញឹកនឹងការជម្រះក្តីលើសំណុំរឿងរបស់ជនជាប់ចោទ ដែលកំពុងជាប់ឃុំ តែលោក កឹម សុខា មិនមែនកំពុងជាប់ឃុំឡើយ។ លោក ហាក់ចង់មានន័យថា សំណុំរឿងរបស់អ្នកជាប់ឃុំ ត្រូវតុលាការ ផ្តល់អាទិភាពយកទៅជំនុំជម្រះ មុនសំណុំរឿងរបស់អ្នកនៅក្រៅឃុំ។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ យល់ឃើញថា ការដែលតុលាការ មិនទាន់បន្តលើកសំណុំរឿងរបស់លោក កឹម សុខា ទៅជំនុំជម្រះ គឺដោយសារតែ លោក កឹម សុខា ជាជនជាប់ចោទនៅក្រៅឃុំ ហើយការដែលតុលាការ លើកសំណុំរឿងផ្សេងៗ ទៅជំនុំជម្រះ គឺដោយសារតែម្ចាស់សំណុំរឿងទាំងនោះ ជាជនជាប់ចោទ កំពុងជាប់ឃុំ។ លោក បន្ថែមថា ការដែលតុលាការ កាត់ក្តីលើសំណុំរឿងរបស់អ្នកជាប់ឃុំ មុនសំណុំរឿងរបស់អ្នកមិនជាប់ឃុំ គឺដើម្បីដោះស្រាយការកកស្ទះសំណុំរឿងនិងឈានទៅដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ចោទសួរថា រវាងសំណុំរឿងរបស់លោក កឹម សុខា ដែលនៅក្រៅឃុំ និង សំណុំរឿងរបស់អ្នកជាប់ឃុំ តើមួយណា មានអាទិភាពជាង ដែលត្រូវលើកទៅជំនុំជម្រះ? បន្ទាប់មក លោក ថ្លែងថា៖«សំណុំរឿង មានច្រើន តុលាការ មិនអាចបើកសវនាការទាំងអស់ ក្នុងពេលតែមួយបានទេ»។

តាមរយៈសំណើរបស់ខ្លួន ក្រុមមេធាវី សរសេរទៅកាន់តុលាការថា មិនគួរអូសបន្លាយក្នុងការផ្អាកសនាការលើសំណុំរឿងរបស់លោក កឹម សុខា ដែលជាសំណុំរឿងចាស់នោះទេ។ ក្នុងសំណើ ដែលចុះហត្ថលេខារួមគ្នា ក្រុមមេធាវីទាំង៤រូប អះអាងថា៖«ការទុកសំណុំរឿងចាស់ចោលយូរហួសហេតុពេក ដែលអង្គសវនាការ បានដេញដោលយ៉ាងច្រើនរួចហើយនោះ មិនមែនជាជម្រើសល្អទេ និងគ្មានទម្លាប់រឿងក្តី [ដែល] យកមកដេញដោល រួចទុកចោលយ៉ាងយូរនោះដែរ»។

កាលពីដើមខែមករា ឆ្នាំ២០២០ តុលាការរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះលើសំណុំរឿងរបស់លោក កឹម សុខា បានប៉ុន្មានលើកដែរ។ តែដោយសារជំងឺកូវីដ-១៩ រាលដាលចូលកម្ពុជា តុលាការ ក៏ប្រកាសផ្អាកសវនាការលើសំណុំរឿងរបស់លោក កឹម សុខា។

ក្រោយពីមើលឃើញថា រដ្ឋាភិបាល អាចគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ ហើយតុលាការ បើកសវនាការជាប្រក្រតីឡើងវិញ ចំពោះសំណុំរឿងទូទៅ ក្រុមមេធាវីរបស់លោក កឹម សុខា ក៏បានស្នើឲ្យតុលាការ បន្តបើកសវនាការលើសំណុំរឿងរបស់លោក កឹម សុខា ដែរ។ គិតទាំងលើកនេះ គឺចំនួន៣លើកហើយ ដែលក្រុមមេធាវី ស្នើឲ្យតុលាការ បន្តបើកសវនាការលើសំណុំរឿងរបស់លោក កឹម សុខា។

លោក ចាន់ ចេន មេធាវី១រូបរបស់លោក កឹម សុខា ប្រាប់សារព័ត៌មានថ្មីៗថា សំណើលើកទី១ តុលាការ បដិសេធមិនព្រមបន្តបើកសវនាការលើសំណុំរឿងរបស់លោក កឹម សុខា ដោយលើ ហេតុផលថា បារម្ភនឹងជំងឺកូវីដ-១៩។ ចំណែក សំណើលើកទី លោក អះអាងថា ក្រុមមេធាវី ពុំទទួលបានការឆ្លើយតបពីតុលាការនោះទេ។

លោក ចាន់ ចេន និយាយទៀតថា ក្រោយដាក់សំណើ២លើកទៅតុលាការរួច ក្រុមមេធាវី ក៏បន្តដាក់សំណើទៅក្រសួងយុត្តិធម៌ ដើម្បីសុំឲ្យជួយជំរុញទៅតុលាការ បើកសវនាការលើសំណុំរឿងរបស់លោក កឹម សុខា។ ប៉ុន្តែ ក្រុមមេធាវី ក៏មិនទទួលបានការឆ្លើយតបពីក្រសួងយុត្តិធម៌ដែរ ដូច្នេះហើយ ទើបក្រុមមេធាវី សម្រេចចិត្ត ដាក់សំណើលើកទី៣ ទៅតុលាការ។ លោកមេធាវីរូបនេះ មានប្រសាសន៍ថា៖«តុលាការ គ្មានហេតុផលអី ត្រូវពន្យារពេលទៀតទេ»។

គិតពីខែកញ្ញា ឆ្នាំ២០១៧មក សំណុំរឿងរបស់លោក កឹម សុខា អូសបន្ថាយអស់រយៈពេលជាង៣ឆ្នាំហើយ។ លោក ត្រូវជាប់ចោទពីបទសន្ទិដ្ឋិភាព ដែលសំដៅថា លោក លួចពឹងពាក់បរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បង្ហើបក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២០ថា សំណុំរឿងរបស់លោក កឹម សុខា អាចនឹងអូសបន្លាយរហូតដល់ឆ្នាំ២០២៤ឯណោះ៕

© រក្សាសិទ្ធិដោយ thmeythmey.com