COVID-19
អន្តរជាតិ
ឥណ្ឌូណេស៊ី មានអ្នកឆ្លងកូវីដ-១៩ ជាង១លាននាក់ហើយ
27, Jan 2021 , 8:58 am        
រូបភាព
ដោយ: ថ្មីៗ
ឥណ្ឌូណេស៊ី ក្លាយជាប្រទេសទី១៩លើពិភពលោកដែលមានអ្នកឆ្លងលើស១លាននាក់ ក្នុងនោះស្លាប់ជាង២៨០០០នាក់។ នេះបើតាមទិន្នន័យផ្សាយដោយ worldometers។ នៅលើពិភពលោកទាំងមូល អ្នកឆ្លងកូវីដ-១៩ មានជាង១០០លាននាក់ ក្នុងនោះស្លាប់ជាង២.១៦លាននាក់ និងសះស្បើយជាង៧២.៨១លាននាក់។



កាលពីថ្ងៃម្សិលមិញ ឥណ្ឌូណេស៊ី មានអ្នកឆ្លងថ្មីជាង១៣០០០នាក់ និងស្លាប់៣៣៦នាក់បន្ថែម។ ចំនួននេះ បានធ្វើឲ្យប្រទេសដ៏ធំជាងគេនៅអាស៊ីអាគ្នេយ៍ មានអ្នកឆ្លងសរុបដល់១.០១លាននាក់ និងស្លាប់២ ៨៤៦៨នាក់។

សហរដ្ឋអាមេរិក បន្តឡើងដល់ជាង២៦លានករណី ឥណ្ឌាជាង១០.៦៩លាន, ប្រេស៊ីលជាង៨.៩៣លាន, រុស្ស៊ី ជាង៣.៧៥លាន, ចក្រភពអង់គ្លេស ជាង៣.៦៨លាន និងបារាំង ជាង៣.០៧លានករណី។

អេស្ប៉ាញ ស្ថិតនៅលំដាប់ទី៧ ដោយមានជាង២.៧៣លានករណី បន្តដោយ អ៊ីតាលី ជាង២.៤៨លាន, តួកគី ជាង២.៤៤លាន, អាល្លឺម៉ង់ជាង២.១៦លាន និងកូឡុំប៊ី ជាង២.០៤លាន។

អាហ្សង់ទីនឈរនៅលេខរៀងទី១២ ដោយមាន១.៨៨លានករណី ហើយតាមពីក្រោយដោយ ម៉ិកស៊ិក ជាង១.៧៧លាន, ប៉ូឡូញ ជាង១.៤៨លាន, អាហ្វ្រិកខាងត្បូង ជាង១.៤២លាន, អ៊ីរ៉ង់ ជាង១.៣៨លាន, អ៊ុយក្រែន ជាង១.១៩លាន ប៉េរូជាង១.១លាន និងឥណ្ឌូណេស៊ី ជាង១.០១លាន។

ហ្វីលីពីនស្ថិតក្នុងចំណោម១៤ប្រទេសផ្សេងទៀត ដែលមានករណីឆ្លងលើសកន្លះលាន ខណៈហូឡង់ និងសាធារណរដ្ឋឆេក មានតួលេខឡើងទៅប្រកៀកនឹងឥណ្ឌូណេស៊ី។

កាលពីម្សិលមិញ អ្នកស្លាប់ដោយសារកូវីដ-១៩ មានជាង១៥០០០នាក់ ដែលធ្វើឲ្យតួលេខសរុបឡើងដល់ជាង២.១៦លាននាក់។ ចក្រភពអង់គ្លេសមានអ្នកស្លាប់ឡើងដល់ជាង១០ម៉ឺននាក់ បន្ទាប់ពីសហរដ្ឋអាមេរិកជាង៤៣ម៉ឺន, ប្រេស៊ីលជាង២១ម៉ឺន, ឥណ្ឌាជាង១៥ម៉ឺន និងម៉ិកស៊ិកជាង១៥ម៉ឺននាក់៕


© រក្សាសិទ្ធិដោយ thmeythmey.com