អត្ថបទពាណិជ្ជកម្ម
យុទ្ធសាស្ត្រ​ក្នុងការ​បង្កើត​អាជីវកម្ម ក្នុង​វិស័យ​ស្ថាបត្យកម្ម​
27, Jan 2021 , 12:29 pm        
រូបភាព
​លោក ហាក់ ធារ៉ា សហ​ស្ថាបនិក និង​ជា​ប្រធាន​ផ្នែក​រចនា​នៅ​ក្រុមហ៊ុន សសរ ស្ថាបត្យកម្ម (SORSOR Architects) បាន​លើកឡើងថា «​ដើម្បី​ដំណើរការ​អាជីវកម្ម​មួយ​ដោយ​រលូន វា​ពិតជា​សំខាន់ ក្នុងការ​ពង្រឹង​សេវាកម្ម​របស់​យើង ដោយ​ផ្តល់នូវ​គុណភាព​ខ្ពស់ និង​ស្វែងយល់​ពី​តម្រូវការ​របស់​អតិថិជន ដើម្បី​យើង​អាច​យកឈ្នះ​ចិត្ត​អតិថិជន​របស់​យើង លើ​គ្រប់​គម្រោង​»​។​
 
​ដើម្បី​ស្វែងយល់​កាន់តែច្បាស់ សូមអ្នក​នាង តាមដាន​កិច្ច​សម្ភាស​រវាង​សារព័ត៌មាន​ថ្មីៗ និង​លោក ហាក់ ធារ៉ា ជុំវិញ​ការបង្កើត​អាជីវ​កម្មវិស័យ​ស្ថាបត្យកម្ម​នេះ​ដូចតទៅ​៖ 
 
​សារព័ត៌មាន​ថ្មីៗ​៖ តើ​ក្រុមហ៊ុន សសរ ស្ថាបត្យកម្ម (SORSOR Architects) ផ្តោត​សំខាន់​លើ​អ្វី​?
 
​លោក ហាក់ ធារ៉ា​៖ សសរ ស្ថាបត្យកម្ម គឺជា​ក្រុមហ៊ុន​ស្ថាបត្យកម្ម និង​រចនា​ផ្នែក​ខាងក្នុង ដែល​យើង​ប្តេជ្ញា​ក្នុងការ​បង្កើត​ការ​រចនា ដែលមាន​គុណភាព​ល្អ ថ្មី​ប្លែក និង​មាន​សោភណភាព ដោយ​រូ​ម​បញ្ចូល​នូវ​គំនិត​នៃ​ទីធ្លា​ពណ៌​បៃតង ព្រមទាំង​ផ្សារភ្ជាប់​ជាមួយ​ទំនៀមទម្លាប់​ការរស់នៅ របស់​ប្រជាជន​។ សេវាកម្ម​របស់​យើង ផ្តោត​សំខាន់​លើ​ស្ថាបត្យកម្ម និង​ការ​រចនា​ផ្នែក​ខាងក្នុង លើ​គ្រប់​វិស័យ ដែលមាន​ដូចជា​៖ អគារ​ពាណិជ្ជកម្ម ហាង​កាហ្វេ ភោជនីយដ្ឋាន បដិសណ្ឋារកិច្ច ការិយាល័យ និង​លំនៅដ្ឋាន​ជាដើម​។​
 
​សារព័ត៌មាន​ថ្មីៗ​៖ តើ​អ្វីដែល​ជំរុញ​ទឹកចិត្ត​ឱ្យ លោក ធារ៉ា ចាប់ផ្តើម​ដំណើរការ​អាជីវ​កម្មនេះ ហើយ​ហេតុអ្វី​បានជា​លោក ជ្រើសរើស​ចាប់ផ្តើម​អាជីវកម្ម​នៅក្នុង​វិស័យ​ស្ថាបត្យកម្ម​?
 
​ខ្ញុំ​ចាប់អារម្មណ៍​យ៉ាងខ្លាំង លើ​វិស័យ​ស្ថាបត្យកម្ម ចាប់តាំងពី​ខ្ញុំ​ធំ​ដឹងក្តី​មកម្ល៉េះ​។ បន្ទាប់ពី​បញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​ភូមិន្ទ វិចិត្រសិល្បៈ ផ្នែក​ស្ថាបត្យកម្ម ខ្ញុំ និង​មិត្ត​ខ្ញុំ គឺ​លោក សៅ ផល​រា​សីហ៍ បាន​បង្កើត​ក្រុមហ៊ុន សសរ ស្ថាបត្យកម្ម (SORSOR Architects) នៅ​ឆ្នាំ​២០១៥ ដោយ​យើង​ជឿជាក់ថា ក្រុមហ៊ុន​នេះ នឹងចូលរួម​ចំណែក​មួ​យ​ផ្នែក​ដល់​ការអភិវឌ្ឍន៍​សង្គម ដោយ​ផ្តល់នូវ​ស្ថាបត្យកម្ម​ដ៏​ទាក់ទាញ ដែលមាន​គុណភាព​ខ្ពស់ ក៏ដូចជា​លើកស្ទួយ​ខាង​ស្មារតី សម្រាប់​សហគមន៍ និង​ប្រទេស​កម្ពុជា​ទាំងមូល​។ លើសពីនេះ​ទៀត វា​នឹង​ជួយ​បង្កើត​ឱកាស​ការងារ​បន្ថែមទៀត សម្រាប់​យុវជន​កម្ពុជា ជាពិសេស​អ្នក​រចនា​ថ្មីៗ ផងដែរ​»​។​
 
​សារព័ត៌មាន​ថ្មីៗ​៖ អាជីវកម្ម​របស់លោក បាន​ដំណើរ​ដោយ​រលូន​ជា​យូរ​ឆ្នាំ​ដែរ​ហើយ តើ​លោក​បានកំណត់​វឌ្ឍនភាព​នៃ​អាជីវកម្ម​របស់លោក សម្រាប់​រយៈពេល​ខាងមុខ​យ៉ាងណា​?
 
​លោក ហាក់ ធារ៉ា​៖ រហូតមកដល់​ពេលនេះ វា​មាន​រយៈពេល ៦ ឆ្នាំ​ហើយ ចាប់តាំងពី​ការបង្កើត​ក្រុមហ៊ុន សសរ ស្ថាបត្យកម្ម ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​សប្បាយរីករាយ​យ៉ាងខ្លាំង ដែល​បាន​ឃើញថា យើង​ទទួលបាន​អតិថិជន​ច្រើន ហើយ​អតិថិជន​ក៏​ពេញ​ចិត្តនឹង​ស្នាដៃ​រចនា និង​សេវាកម្ម​របស់​យើង​។ សំខាន់​ជាងនេះទៅទៀត អ្វី​ដែលជា​បំណងប្រាថ្នា​របស់ខ្ញុំ ក្នុងការ​បង្កើត​អាជីវកម្ម​មួយ​នេះ គឺ​ដើម្បី​ជួយ​អាជីវកម្ម​របស់​អតិថិជន ឱ្យ​ទទួលបាន​ជោគជ័យ តាមរយៈ​ស្ថាបត្យកម្ម និង​ការ​រចនា​ផ្នែក​ខាងក្នុង​របស់​យើង​។​
 
​សារព័ត៌មាន​ថ្មីៗ​៖ តើ​លោក ធារ៉ា គិតថា​អាជីវកម្ម​របស់លោក អាច​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​សង្គម និង​បង្កើន​ការយល់ដឹង​អំពី​បរិស្ថាន នៅក្នុង​ប្រទេស​កម្ពុជា​យ៉ាងដូចម្តេចខ្លះ​?
 
​លោក ហាក់ ធារ៉ា​៖ ជាទូទៅ​ស្ថាបត្យកម្ម​មាន​សារៈសំខាន់​ណាស់ សម្រាប់​ការអភិវឌ្ឍន៍​សង្គម និង​បង្កើន​ការយល់ដឹង អំពី​បរិស្ថាន​នៅក្នុង​ប្រទេស​កម្ពុជា​។  ក្រុមហ៊ុន សសរ ស្ថាបត្យកម្ម អាចជួយ​លើកកម្ពស់​ការអភិវឌ្ឍ​សង្គម និង​ការយល់ដឹង​អំពី​បរិស្ថាន តាមរយៈ​ស្ថា​ប្យក​ម្ម​ដែលមាន​និរន្តរភាព ហើយ​ក្នុងនាម​ជា​ស្ថាបត្យករ​មួយរូប យើង​គួរ​ដឹង​អំពី​វិធី​កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន នៃ​ស្ថាបត្យកម្ម​ដល់​បរិស្ថាន​។ ឧទាហរណ៍ នៅពេលដែល​យើង​រចនា​ប្លង់​ការិយាល័យ យើង​តែងតែ​គិត​អំពី សម្ភារ​សំណង់ ដែល​មិន​បង្ក​ផលប៉ះពាល់​ដល់​បរិស្ថាន និង​ការកាត់បន្ថយ​ការប្រើប្រាស់​ថាមពល​។ ជាពិសេស យើង​ក៏បាន​បញ្ចូល​ការ​រចនា​របស់​យើង ជាមួយនឹង​គំនិត​នៃ​ទីធ្លា​ពណ៌​បៃតង​។ ហើយ​យើង​សង្ឃឹមថា យើង​នឹង​អាច​ចូលរួមចំណែក​បន្ថែមទៀត នាពេល​អនាគត​។​
 
​សារព័ត៌មាន​ថ្មីៗ​៖ តើ​អ្វី​ជា​ឧបសគ្គ​ចម្បង ដែល​លោក​ជួបប្រទះ​ក្នុង​អាជីវកម្ម​មួយ​នេះ​? ហើយ​តើ​លោក​មាន​យុទ្ធសាស្ត្រ​អ្វីខ្លះ ដើម្បី​គ្រប់គ្រង​អាជីវកម្ម​របស់លោក ឱ្យមាន​ប្រសិទ្ធភាព​?
 
​លោក ហាក់ ធារ៉ា​៖ ការចាប់ផ្តើម​អាជីវកម្ម​ដំបូង តែងតែមាន​បញ្ហា​ជាច្រើន ដែល​យើង​ត្រូវ​ដោះស្រាយ ជាពិសេស​គឺ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ឱ្យមាន​ស្ថិរភាព ដើម្បី​ធានាបាន​នូវ​ការប្រកួតប្រជែង​។ តាម​បទពិសោធន៍​របស់ខ្ញុំ ការបើក​អាជីវកម្ម​មួយ ពិតជា​មានការ​លំបាក​ខ្លាំងណាស់ ហើយ​យើង​ត្រូវ​បន្ត​គិតពី​យុទ្ធសាស្ត្រ ដែលមាន​ប្រសិទ្ធភាព​បំផុត​។ ដូច្នេះ​ជាដំបូង ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ​បាន យើង​គួរតែមាន​ដៃគូ​អាជីវកម្ម ដែល​យើង​អាច​ចែករំលែក​ទំនួល​ខុសត្រូវ និង​ភារកិច្ច​ផ្សេងៗ​។ 
 
​ចំណុច​ទី​ពីរ គឺ​លំហូរ​សាច់ប្រាក់ ឬ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ ដែលជា​អ្វីដែល​យើង​ត្រូវ​គិតពិចារណា ដោយ​យកចិត្តទុកដាក់​បំផុត ដើម្បី​រក្សាបាន​នូវ​ដំណើរការ​នៃ​អាជីវកម្ម ជាពិសេស​ការចាប់ផ្តើម​អាជីវកម្ម​ដំបូង​ហ្នឹង​តែម្តង ព្រោះថា​ដំបូង​ឡើយ ក្រុមហ៊ុន សសរ ស្ថាបត្យកម្ម ក៏​មិនសូវមាន​ដើមទុន ច្រើន​នោះទេ​។ ដូច្នេះ​ទើប​យើង​ត្រូវ​ដឹង​ឱ្យ​ច្បាស់ ពី​របៀប​ប្រើប្រាស់​ប្រាក់ និង​ធនធាន​របស់​យើង ឱ្យមាន​ប្រសិទ្ធភាព​បំផុត​។ ខ្ញុំ​សូម​ឆ្លៀត​យក​ឱកាស​នេះ ថ្លែងអំណរគុណ ចំពោះ​ដៃគូ​អាជីវកម្ម​របស់ខ្ញុំ គឺ​លោក សៅ ផល​រា​សីហ៍ ដែល​អាច​គ្រប់គ្រង​លំហូរ​សាច់ប្រាក់​របស់​យើង បាន​យ៉ាង​ល្អ​បំផុត​។​
 
​ចំណុច​ចុងក្រោយ គឺ​ការគ្រប់គ្រង​បុគ្គលិក និង​រចនា​សម្ព​ន្ធ័​ក្រុមហ៊ុន ដែលជា​អ្វីដែល​យើង​ត្រូវ​ពិចារណា និង​គិតគូរ​ឱ្យបាន​ច្បាស់លាស់​។ ដូច្នេះ​ដើម្បី​គ្រប់គ្រង​ក្រុមការងារ​ដ៏​ធំ​មួយ​នេះ យើង​បាន​បែងចែក​ពួកគេ​ជា​ពីរ​ក្រុម គឺ​ក្រុម​គ្រប់គ្រង​ដំណើរការ​ក្រុមហ៊ុន​ទាំងមូល និង​ក្រុម​រចនា​។ ក្នុងនាម​ជា​ប្រធាន​ផ្នែក​រចនា ខ្ញុំ​អាច​និយាយបានថា ការគ្រប់គ្រង​លើ​ការ​រចនា​នៅ សសរ ស្ថាបត្យកម្ម អាច​ត្រូវបាន​គេ​ចាត់ទុកថា ជាការ​ជោគជ័យ​មួយ ពីព្រោះ​ខ្ញុំ​សង្កេតឃើញថា អតិថិជន​របស់​យើង​ភាគច្រើន បាន​សម្តែង​ការកោតសរសើរ និង​ពេញចិត្ត​ស្នាដៃ​រចនា​របស់​យើង​។ លើសពីនេះទៅទៀត និយាយ​ដោយ​ត្រង់​ទៅ ក្រុម​របស់​យើង អាច​យល់​អំពី​តម្រូវការ​របស់​អតិថិជន មាន​ទំនួល​ខុសត្រូវ និង​យល់ច្បាស់​ពី​គម្រោង​នីមួយៗ​។ ទាំងនេះ​ជា​មូលហេតុ​ដែល​ពួកគេ អាចបង្កើត​ការ​រចនា​ដ៏​ស្រស់ស្អាត និង​មាន​គុណភាព​ខ្ពស់ សម្រាប់​អតិថិជន​។​
 
​សារព័ត៌មាន​ថ្មីៗ​៖ ងាក​មក​និយាយ​អំពី​ការគ្រប់គ្រង​បុគ្គលិក​វិញ តើ​លោក ធារ៉ា ផ្តល់ឱកាស​ឱ្យ​បុគ្គលិក​របស់លោក បញ្ចេញ​សមត្ថភាព​បាន​យ៉ាងដូចម្តេចខ្លះ​?
 
​លោក ហាក់ ធារ៉ា​៖ ដើម្បី​ផ្តល់ឱកាស​ឱ្យ​ពួកគាត់​បញ្ចេញ​សមត្ថភាព ខ្ញុំ​គិតថា ភាពជា​អ្នកដឹកនាំ​ដើរតួនាទី​យ៉ាងសំខាន់ ដើម្បី​ជំរុញ​ទឹកចិត្ត​ក្រុមការងារ​របស់​យើង និង​ដឹកនាំ​រាល់​គម្រោង​ទាំងអស់​ដោយ​រលូន និង​ជោគជ័យ​។ ក្នុងនាម​ជា​អ្នកដឹកនាំ​ក្រុម ខ្ញុំ​តែងតែ​យកចិត្តទុកដាក់​លើ​ពួកគេ ហើយ​ផ្តល់​ដំបូន្មាន​នៅពេលណា ដែល​ពួកគេ​ប្រឈមមុខ​នឹង​បញ្ហា​ណាមួយ​។ លើសពីនេះ​ទៀត យើង​បាន​បង្កើត​បរិយាកាស​កា​រងារ​មួយ ប្រកបដោយ​ភាពស្និទ្ធស្នាល ដែល​មនុស្ស​គ្រប់គ្នា អាច​រៀន​ចែករំលែក និង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយគ្នា​។ ជាក់ស្តែង​ដូច​សព្វថ្ងៃនេះ យើង​មាន​ជាការ​ចែករំលែក និង​រៀន​ពីគ្នា​ទៅវិញទៅមក ហើយ​ពេលខ្លះ​យើង​បាន​អញ្ជើញ​អ្នកជំនាញ និង​អ្នកផ្គត់ផ្គង់​ដើម្បី​ចែករំលែក​ចំណេះដឹង ក្នុងការ​អភិវឌ្ឍ​ស្ថាបត្យកម្ម និង​សម្ភារ​រចនា​ខាងក្នុង សម្រាប់​ក្រុមការងារ​របស់​យើង​ផងដែរ​។ លើសពីនេះទៅទៀត ពេលខ្លះ​យើង​ក៏មាន​ដំណើរ​ទស្សនកិច្ច នៅ​ទីតាំង​សាងសង់​ផ្ទាល់ ដើម្បី​ស្វែងយល់​បន្ថែម លើ​ការ​រចនា​ស្ថាបត្យកម្ម និង​សំណង់ ក៏ដូចជា​រៀន​ពី​គម្រោង​នៃ​ស្ថាបត្យកម្ម​ជោគជ័យ​ដទៃទៀត​។​
 
​សំខាន់​ជាងនេះទៅទៀត ខ្ញុំ​គិតថា​រង្វាន់​លើកទឹកចិត្ត ក៏​ជាការ​ចាំបាច់​សម្រាប់​បុគ្គលិក​គ្រប់ៗ​រូប​។ ដូច្នេះ យើង​តែងតែ​ផ្តល់​រង្វាន់​ដល់​បុគ្គលិក​ឆ្នើម ដើម្បី​លើកទឹកចិត្ត​ពួកគេ ឱ្យ​រក្សាបាន​នូវ​សមត្ថ​ភាពល្អ​របស់​ពួកគេ ហើយ​វា​អាចជា​គំរូ​ល្អ​សម្រាប់​បុគ្គលិក​ផ្សេងៗ​ទៀត​។ ការផ្តល់​កម្លាំងចិត្ត​ដល់​ក្រុមការងារ និង​ការដំឡើង​តួនាទី ដើរតួ​យ៉ាងសំខាន់ ក្នុងការ​គ្រប់គ្រង​បុគ្គលិក​។ ជា​ចុងក្រោយ យើង​តែងតែ​បណ្តុះ​ស្មារតី​ក្រុម និង​ផ្តល់​តម្លៃ​ដល់​រាល់​ការងារ​ទាំងអស់ ដើម្បីឱ្យ​ពួកគាត់​មាន​អារម្មណ៍​ថា ជា​ផ្នែក​មួយ​នៃ​អនាគត​អាជីវកម្ម​របស់​យើង​។​
 
​សារព័ត៌មាន​ថ្មីៗ​៖ តើ​លោក ធារ៉ា អាច​គ្រប់គ្រង​អាជីវកម្ម​ដោយ​របៀប​ណា ដើម្បី​រក្សា​នូវ​ការប្រកួតប្រជែង នៅក្នុង​ទីផ្សារ​សព្វថ្ងៃ​? 
 
​លោក ហាក់ ធារ៉ា​៖ សព្វថ្ងៃ​នៅក្នុង​ប្រទេស​កម្ពុជា ផ្នែក​ស្ថាបត្យកម្ម និង​ផ្នែក​រចនា​ខាងក្នុង កំពុងមាន​ការរីកលូតលាស់​កាន់តែខ្លាំង​ឡើងៗ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ ដើម្បី​រក្សា​នូវ​ការប្រកួតប្រជែង​ក្នុង​ទីផ្សារ ជាដំបូង​យើង​ត្រូវ​ពង្រឹង​សេវាកម្ម​របស់​យើង ឱ្យមាន​គុណភាព​ខ្ពស់ និង​ព្យាយាម​ស្វែងយល់​ពី​តម្រូវការ​របស់​អតិថិជន ដើម្បី​យកឈ្នះ​ចិត្ត​អតិថិជន​របស់​យើង​ផងដែរ​។ 
​ចំណុច​ទី​ពីរ ការបង្កើត​គំនិត​ច្នៃប្រឌិត​ថ្មីៗ ដែលជា​កត្តា​ចម្បង ធ្វើឱ្យ​អតិថិជន​ជ្រើសរើស​ក្រុមហ៊ុន​របស់​យើង ក្នុងចំណោម​ដៃគូ​ប្រកួតប្រជែង​។ ដូចគ្នានេះ​ផងដែរ យើង​ត្រូវ​យកចិត្តទុកដាក់​តាម​ដាន​លើ​និន្នាការ​ថ្មីៗ នេះហើយ​ជា​យុទ្ធសាស្ត្រ ដើម្បី​ធ្វើឱ្យ​ក្រុមហ៊ុន​របស់​យើង មានការ​ប្រកួតប្រជែង និង​ឈានមុខ​គេ​នៅក្នុង​ទីផ្សារ​ស្ថាបត្យកម្ម​។​
 
​ចំណុច​ទី​បី មិន​ថា​ស្ថិតនៅក្នុង​កាលៈទេសៈ​ណាក៏ដោយ ជាក់ស្តែង​ដូចជា​ការរីក​រាលដាល នៃ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ជាដើម យើង​ត្រូវតែ​បន្ត​ពង្រឹង​យុទ្ធសាស្ត្រ​ទីផ្សារ ដើម្បី​បង្កើត​កេរ្តិ៍ឈ្មោះ​របស់​យើង និង​បង្កើន​ការលក់​ផងដែរ​។ ដើម្បី​សម្រេចបាន​នូវ​យុទ្ធសាស្ត្រ​ទីផ្សារ​របស់​យើង ម្ចាស់​អាជីវកម្ម​គ្រប់ៗ​រូប គួរ​ចេះ​រក្សា​ទំនាក់ទំនង​ល្អជា​មួយ​អតិថិជន ដោយ​ផ្តល់​ជា​ព័ត៌មាន​ទាក់ទិន​នឹង​គម្រោង​ថ្មីៗ ដើម្បីឱ្យ​អតិថិជន​ស្វែងយល់​បន្ថែម អំពី​សមត្ថភាព​របស់​ក្រុមហ៊ុន​យើង​។ 
 
​ចំណុច​សំខាន់​ជាងគេ​នោះ គឺ​ការពង្រីក​អាជីវកម្ម ព្រោះថា​យើង​មិនអាច​ធ្វើ​តែ​ស្ថាបត្យកម្ម និង​រចនា​ផ្នែក​ខាងក្នុង​តែមួយ​នោះទេ នៅក្នុង​ទីផ្សារ​ដ៏​ប្រកួតប្រជែង​មួយ​នេះ​។ ដូច្នេះ​នៅ​ឆ្នាំនេះ សសរ ស្ថាបត្យកម្ម បាន​ពង្រីក​សេវាកម្ម​បន្ថែម ទៅលើ​ការសាងសង់​បន្ថែមទៀត ដែល​អាចឱ្យ​អតិថិជន ដឹង​កាន់តែច្បាស់​អំពី​ក្រុមហ៊ុន​របស់​យើង​។​
 
​សារព័ត៌មាន​ថ្មីៗ​៖ តើ លោក ធារ៉ា មាន​ជា​ដំបូន្មាន​អ្វីខ្លះ សម្រាប់​អ្នក​ដែល​ចង់​ចាប់ផ្តើម​អាជីវកម្ម​មួយ​នេះ​?
 
​លោក ហាក់ ធារ៉ា​៖ តាម​បទពិសោធន៍​របស់ខ្ញុំ ការបើក​អាជីវកម្ម​មួយ ពិតជា​មិន​ងាយស្រួល​ទេ តែ​ក៏​គ្មានអ្វី ដែល​មិនអាច​ធ្វើទៅ​រួច​ដែរ​។ សម្រាប់​អ្នក​ចង់​ចាប់ផ្តើម​អាជីវកម្ម​ក្នុង​វិស័យនេះ ខ្ញុំ​សូម​ណែ​នាំឱ្យ​ពួកគាត់ ត្រួសត្រាយ​ផ្លូវ ដើម្បី​ទទួលបាន​បទពិសោធន៍​ការងារ ផ្នែក​ស្ថាបត្យកម្ម​បន្ថែមទៀត ក្នុង​គោលបំណង​ឱ្យ​ពួកគាត់​ស្វែងយល់​បន្ថែម អំពី​ការទំនាក់ទំនង​ជាមួយ​អតិថិជន និង​ដំណើរការ​នៃ​ការ​រចនា​ផ្សេងៗ​។ ដូច្នេះ នៅពេល​គាត់​មាន​អាជីវកម្ម​ផ្ទាល់ខ្លួន វា​មាន​ភាពងាយស្រួល ក្នុង​ការបង្កើត​យុទ្ធសាស្ត្រ ជាមួយនឹង​បច្ចេកទេស​ថ្មីៗ​ផងដែរ​។ 
 
​ចំណុច​ទី​ពីរ​នោះ អ្នក​ចាំបាច់​ត្រូវ​ស្វែងយល់ អំពី​ទីផ្សារ​អាជីវកម្ម​ឱ្យបាន​ច្បាស់ ដោយ​កំណត់​លើ​គោលដៅ​ច្បាស់លាស់ ដែល​អាជីវកម្ម​របស់​អ្នក គួរតែ​ផ្តោតលើ​។  ចំណុច​ទី​បី​នោះ​ក៏​សំខាន់​ដែរ គឺ​ការរៀបចំ​ផែនការអាជីវកម្ម ដើម្បី​ស្គាល់​ច្បាស់​អំពី​គោលដៅ​របស់ខ្លួន និង​កំណត់​គោលដៅ​អតិថិជន ឱ្យបាន​ត្រឹមត្រូវ​ផងដែរ ធ្វើបែបនេះ​អ្នកនឹង​យល់​កាន់តែច្បាស់ ពី​សេវាកម្ម​ប្រភេទ​ណា ដែល​ពួកគេ​គួរតែ​ផ្តល់ជូន​នៅលើ​ទីផ្សារ​។ 
 
​ទី​បួន​ជា​ចំណុច​ដែរ​មិនអាច​ខ្វះ​បាន គឺ​ហិរញ្ញវត្ថុ​។ វា​ពិតជា​សំខាន់​ជាពិសេស សម្រាប់​អ្នក​ដែល​ទើបនឹង​ចាប់ផ្តើម​ដំណើរការ​អាជីវកម្ម​។ អ្នក​គួររៀបចំ​ផែនការ​ហិរញ្ញវត្ថុ ក្នុង​រយៈពេល​វែង​សម្រាប់​ក្រុមហ៊ុន ហើយ​អ្នក​គួរ​យល់​ឱ្យ​ច្បាស់​អំពី​ការគ្រប់គ្រង​លំហូរ​សាច់ប្រាក់ និង​ហិរញ្ញវត្ថុ​ឱ្យមាន​ប្រសិទ្ធភាព ដើម្បី​កាត់បន្ថយ​ហានិភ័យ ក៏ដូចជា​ទប់​លំនឹង​អាជីវកម្ម​ឱ្យមាន​ស្ថិរភាព​ទោះ​ក្នុងស្ថានភាព​បែបណាក៏ដោយ​។ 
 
​ចំណុច​ទី​ប្រាំ ពួកគេ​គួរ​ស្វែងរក​ដៃគូ​អាជីវកម្ម ដើម្បី​សហការ និង​ជួយ​សម្រាល​ការងារ ភារកិច្ច និង​ទំនួល​ខុសត្រូវ ក៏ដូចជា​ពិគ្រោះ​យោបល់ នៅពេល​មាន​បញ្ហា​កើតឡើង​។ ចំណុច​ទី​ប្រាំមួយ យើង​ដឹង​ហើយ​ថា ការចាប់ផ្តើម​ដំបូង​ពិតជា​ពិបាក ដើម្បី​ទទួលបាន​ទំនុកចិត្ត​ពី​អតិថិជន​។ ដូច្នេះ​ដើម្បី​ទទួលបាន​ទំនុកចិត្ត​ពី​អតិថិជន អ្នក​គួរ​បង្កើត​ផលប័ត្រ និង​ដាក់តាំង​ស្នាដៃ​ផ្សេងៗ ក្នុង​គោលបំណង ដើម្បី​បង្ហាញ​សមិទ្ធផល​នៃ​ក្រុមហ៊ុន​របស់​អ្នក ទៅកាន់​សាធារណជន​។ ជា​ចុងក្រោយ អ្នក​គួរ​កសាង​បណ្តាញ​ទំនាក់ទំនង​ឱ្យបាន​ច្រើន ព្រោះ​អ្នក​អា​ចប​ម្លែ​ង​បណ្តាញ​ទាំងនោះ ទៅជា​អតិថិជន​របស់​អ្នកនា​ពេលអនាគត​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com