COVID-19
ជាតិ
COVID-19៖ អ្នកជំងឺ​បារាំង​៤៥​នាក់ ខណៈ​ចិន​១៨​នាក់ ក្នុងចំណោម​ជនបរទេស​នៅ​កម្ពុជា​
27, Jan 2021 , 11:31 am        
រូបភាព
​ភ្នំពេញ​៖ គិត​ត្រឹម​ថ្ងៃទី​២៧ មករា​នេះ កម្ពុជា មាន​អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន​៤៦០​នាក់​។ ក្រៅពី​ពលរដ្ឋ​ខ្មែរ ក្នុងនោះ​ក៏មាន​ជនបរទេស​១៨​សញ្ជាតិ មាន​ជំងឺ​កូ​វីដ​-១៩ ដែរ​។ នេះ​បើតាម​របាយការណ៍​ក្រសួងសុខាភិបាល​។​



​ជនបរទេស ដែលមាន​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា ច្រើនជាងគេ គឺ​បារាំង​៤៥​នាក់ ខណៈ​ចិន​១៨​នាក់​។ ចំណែក​ឥណ្ឌូណេស៊ី​១៤​នាក់ ម៉ាឡេស៊ី​១៣​នាក់ អាមេរិក​១១​នាក់ អង់គ្លេស​៦​នាក់ ឥណ្ឌា​៣​នាក់ វៀតណាម​៣​នាក់ កាណ​ដា​៣​នាក់ ជប៉ុន​២​នាក់ និង​ហុង​គ្រី​២​នាក់​។​
 
​រីឯ​អ្នកជំងឺ​៧​នាក់​ទៀត គឺ​ជនជាតិ​បែលហ្ស៊ិក កា​ហ្សា​ក់ស្ដ​ង់ ប៉ូឡូញ ប៉ា​គី​ស្ថាន នេ​ប៉ាល់ ហ្សក់ដានី និង​នី​ហ្សេ​រី​យ៉ា ។ នេះ​បើតាម​ក្រសួងសុខាភិបាល ដែល​បានបង្ហាញ​តួលេខ​ថា អ្នកជំងឺ​កូ​វីដ​-១៩ ជា​ជនបរទេស​ទាំង​១៨​សញ្ជាតិ​នេះ មាន​ចំនួន​១២៧​នាក់ ខណៈ​ពលរដ្ឋ​ខ្មែរ​៣៣៣​នាក់​។​
 
​អ្នកជំងឺ​បរទេស​ទាំងនេះ សុទ្ធតែជា​ករណី​នាំចូល​កម្ពុជា​។​កាលពី​ថ្ងៃទី​២៨ វិច្ឆិកា ២០២០ ក៏មាន​ករណី​ផ្ទុះ​កូ​វី​ដ-១៩ នៅ​កម្ពុជា​ដែរ ប៉ុន្តែ​ក្រសួងសុខាភិបាល មិនបាន​អះអាងថា ជា​ករណី​នាំចូល ឬ​កើតមាន​ក្នុងស្រុក​ទេ​។ ព្រឹត្តិការណ៍​២៨ វិច្ឆិកា​នោះ នាំឱ្យមាន​មនុស្ស​៤០​នាក់ ឆ្លង​កូ​វីដ​-១៩ ។​
 
​កន្លងមក​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង បានកំណត់​ឱ្យ​ជនបរទេស​ដែលមាន​បំណង​ចូលមក​កម្ពុជា ត្រូវ​តម្កល់​ថវិកា​៣​ពាន់​ដុល្លារ សម្រាប់​ថ្លៃ​ធ្វើតេស្ត​សុខភាព និង​ច​ត្តា​ឡី​ស័ក​។​ជាពិសេស​ត្រូវមាន​លិខិតបញ្ជាក់​សុខភាព ចេញ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ផ្នែក​សុខភាព​នៃ​ប្រទេស​របស់​សាមីខ្លួន ដែលមាន​សុពល​ភាពមិន​លើសពី ៧២​ម៉ោង មុនពេល​ធ្វើដំណើរ​មក​កម្ពុជា ដើម្បី​បញ្ជាក់ថា​ខ្លួន​ពុំមាន​វីរុស​កូ​រ៉ូ​ណា​(COVID-19)​ឡើយ​។​
 
​បន្ថែម​ពីនេះ ជនបរទេស​ត្រូវមាន​ឯកសារ​ធានារ៉ាប់រង​សុខភាព ក្នុង​ទំហំ​ទឹកប្រាក់​យ៉ាងតិច ៥០,០០០ ដុល្លារ ក្នុងអំឡុងពេល​ស្នាក់នៅ​កម្ពុជា​។ ប៉ុន្តែ​តម្រូវការ​នេះ មិន​សម្រាប់​មន្ត្រី នៃ​ស្ថាន​តំណាង​បរទេស និង​អង្គការ​អន្តរជាតិ ដែល​កាន់​ទិដ្ឋាការ​ការទូត​ប្រភេទ A និង​ទិដ្ឋាការ​ផ្លូវការ​ប្រភេទ B របស់​កម្ពុជា​ឡើយ​។​នេះ​បើតាម​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ។​
​កម្ពុជា មាន​អ្នកជំងឺ​កូ​វីដ​-១៩ សរុប​៤៦០​នាក់ ក្នុងនោះ​ជាសះស្បើយ ៤២៣​នាក់​។ នៅសល់​អ្នកជំងឺ ៣៧​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com