អន្តរជាតិ
លោកបៃឌិន និងលោកពូទីន ជជែកគ្នាជាលើកដំបូងដោយផ្តោតលើនុយក្លេអ៊ែរ សិទ្ធិមនុស្ស និងអ៊ុយក្រែន លោក ចូ បៃឌិន ពេលកាន់តំណែងជាអនុប្រធានាធិបតីអាមេរិក និងលោកប្រធានាធិបតីរុស្ស៊ីវ្ល៉ាឌីមៀ ពូទីន ក្នុងឆ្នាំ២០១១ ។ រូបថត AFP
× ប្រធានាធិបតីអាមេរិក ចូ បៃឌិន បានសន្ទនាតាមទូរសព្ទជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី២៦ ខែមករា។ ក្នុងកិច្ចសន្ទនាលើកដំបូងជាមួយប្រមុខរដ្ឋរុស្ស៊ី លោក បៃឌិន លើកឡើងបញ្ហារសើបៗក្នុងទំនាក់ទំនងទ្វេភាគីដូចជាការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ សន្តិសុខអ៊ីនធឺណិត និងវិបត្តិនៅអ៊ុយក្រែន។ លោក បៃឌិន ក៏មិនភ្លេចលើកពីបញ្ហាសិទ្ធិមនុស្សនៅរុស្ស៊ី និងការចាប់ខ្លួនអ្នកនយោបាយប្រឆាំងរដ្ឋាភិបាលលោក Alexi Navalny ផងដែរ។
កិច្ចសន្ទនាតាមទូរសព្ទរវាងប្រធានាធិបតី ចូ បៃឌិន និងសមភាគីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ធ្វើឡើងតាមសំណើររបស់ភាគីរុស្ស៊ីកាលពីសប្តាហ៍មុន។ ប៉ុន្តែអាមេរិកបានពន្យារពេលកិច្ចសន្ទនានេះ ដើម្បីពិភាក្សាជាមួយសម្ពន្ធមិត្តអង់គ្លេស បារាំង និងអាល្លឺម៉ង់ជាមុនសិន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានអាមេរិក AP ។
បញ្ហាចម្បង និងបន្ទាន់បំផុតរវាងរុស្ស៊ី និងអាមេរិក គឺការបន្តឡើងវិញសន្ធិសញ្ញា New START ដែលនឹងអស់សុពលភាពនៅថ្ងៃទី៥ ខែកុម្ភៈ។ សន្ធិសញ្ញានេះមានបំណងក្នុងការកំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរច្រើនបំផុតត្រឹម ១,៥៥០គ្រាប់សម្រាប់ភាគីនីមួយៗ។ លើបញ្ហានេះ លោក ពូទីន និងលោកបៃឌិន យល់ស្របពីភាពចាំបាច់ក្នុងការធ្វើការរួមគ្នាជាបន្ទាន់ ដើម្បីបន្តកិច្ចព្រមព្រៀងនេះប្រាំឆ្នាំទៀត។ សេចក្តីថ្លែងការណ៍របស់វិមានក្រេមឡាំងក្រោយការសន្ទនា អះអាងថា ប្រមុខរដ្ឋរុស្ស៊ី បានបញ្ជូនសេចក្តីព្រាងច្បាប់ទៅសភាដើម្បីអនុម័តការពន្យារសន្ធិសញ្ញា New START នេះ។
លោក បៃឌិន ក៏លើកឡើងផងដែរពីការវាយប្រហារប្រព័ន្ធអ៊ីនធើណែតសំដៅក្រសួង និងទីភ្នាក់ងារសហព័ន្ធរបស់អាមេរិក ដែលជាបញ្ហក្ដៅ។ លទ្ធផលនៃការស៊ើបអង្កេតបឋមរបស់សភា និងអាជ្ញាធរសហព័ន្ធបង្ហាញថា រុស្ស៊ីជាអ្នកនៅពីក្រោយប្រហារនេះ ព្រោះការវាយប្រហារនេះប្រើបច្ចេកវិទ្យាទំនើប និងមានតែរដ្ឋប៉ុណ្ណោះដែលមានសមត្ថភាពបែបនេះ។ លោក បៃឌិន ក៏លើកឡើងពីការសង្ស័យដែលរុស្ស៊ីបន្តជ្រៀតជ្រែកក្នុងការបោះឆ្នោតអាមេរិកឆ្នាំ២០២០ និងរបាយការណ៍ដែលបង្ហាញថា រដ្ឋាភិបាលរុស្ស៊ីផ្តល់ប្រាក់ដល់ក្រុមឧទ្ទាម ដើម្បីបាញ់សម្លាប់ទាហានអាមេរិកនៅអាហ្វហ្កានីស្ថាន។
បញ្ហាក្នុងស្រុករុស្ស៊ី ក៏ត្រូវបានលើកឡើងមកពិភាក្សាដែរ។ លោក បៃឌិន លើកឡើងពីការចាប់ខ្លួនអ្នកនយោបាយប្រឆាំង Alexi Navalny ដែលរងការបំពុលដោយសារធាតុគីមីកាលពីឆ្នាំ២០២០ និងត្រូវរដ្ឋាភិបាលរុស្ស៊ីចាប់ខ្លួននាពេលថ្មីៗនេះ។ បន្ថែមពីនេះ លោកបៃឌិន ចុចចំបញ្ហាសិទ្ធិមនុស្សទាក់ទងការចាប់ខ្លួនអ្នកគាំទ្រលោក Navalny ចំនួន៣,៧០០នាក់ បន្ទាប់ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលរុស្ស៊ី នៅថ្ងៃទី២៣ មករា។ លោក បៃឌិន ទទូចឱ្យលោកពូទីនគោរពសិទ្ធិបញ្ចេញមតិដោយសន្តិវិធីរបស់បាតុករ។
ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ក៏ជាចំណុចក្តៅនៃការពិភាក្សាដែរ។ រុស្ស៊ីបានផ្តាច់យកឧបទ្វីបគ្រីមេ ដែលជាផ្នែកមួយរបស់អ៊ុយក្រែនមកកាន់កាប់។ រុស្ស៊ីក៏បានគាំទ្រក្រុមផ្តាច់ខ្លួននៅភាគខាងកើតប្រទេសដែលប្រឆាំងរដ្ឋាភិបាលអ៊ុយក្រែនផងដែរ។ លោក បៃឌិន ប្រាប់លោក ពូទីន ថា អាមេរិកគាំទ្រយ៉ាងមុតមាំអធិបតេយ្យភាពអ៊ុយក្រែន ប្រឈមទៅនឹងការបន្តឈ្លានពានដោយរុស្ស៊ី។ នេះយោងតាមលោកស្រីJen Paski អ្នកនាំពាក្យសេតវិមានក្នុងសន្និសីទសារព័ត៌មានថ្ងៃទី២៦ ខែមករា។
បើទោះបីជាបញ្ហាក្តៅមួយចំនួនត្រូវបានលើកឡើងមែន សេចក្តីថ្លែងការណ៍វិមានក្រឹមឡាំង អះអាងថាលោក ពូទីន លើកឡើងពីការសម្រួលទំនាក់ទំនង ដើម្បីសម្រេចបានផលប្រយោជន៍នៃប្រទេសទាំងពីរ។ វិមានក្រឹមឡាំង អះអាងថា អាមេរិក និងរុស្ស៊ីមានការទទួលខុសត្រូវពិសេសក្នុងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ពិភពលោក៕
Tag:
ចូ បៃឌិន
អាមេរិក
រុស្ស៊ី
វ្ល៉ាឌីមៀ ពូទីន
© រក្សាសិទ្ធិដោយ thmeythmey.com