COVID-19
ជាតិ
សេដ្ឋកិច្ច
កម្ពុជា​នឹង​ទទួល​ជំនួយ​វ៉ាក់សាំង​កូ​វីដ​-១៩ ចំនួន​១១​លាន​ដូ​ស​ពី​បរទេស​
27, Jan 2021 , 12:30 pm        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា ត្រៀម​ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩ ប្រមាណ​២០​លាន​ដូ​ស ។ ប៉ុន្តែ​ក្នុងនោះ​កម្ពុជា នឹង​ទទួលបាន​ជំនួយ​វ៉ាក់សាំង​ពី​បរទេស ១១​លាន​ដូ​ស សម្រាប់​យកមកប្រើ​ប្រាស់​ចាក់​ការពារ​ប្រជាពលរដ្ឋ​។ នេះ​បើតាម​លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​



ថ្លែងក្នុងវេទិកាសាធារណៈ​ស្តីពី ការផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២១ នាថ្ងៃទី២៧ មករា ​​លោក វ​ង្សី វិស្សុត បាន​បញ្ជាក់ថា ជំនួយ​វ៉ាក់សាំង​ដែល​កម្ពុជា​ទទួលបាន​នោះ មកពី​អូស្ត្រាលី​៣​លាន​ដូ​ស ចិន​១​លាន​ដូ​ស និង​ពី​ COVAX ប្រមាណ​៧​លាន​ដូ​ស ខណៈ​រុស្ស៊ី និង​ឥណ្ឌា កំពុង​ពិចារណា​លើ​សំណើ​របស់​កម្ពុជា​។ ក្រៅពី​ទទួលបាន​ជំនួយ​នេះ កម្ពុជា​ក៏​ត្រៀម​ថវិកា​សម្រាប់​ទិញ​វ៉ាក់សាំង​ថែមទៀត​ដែរ ។ បើតាម​លោក វិស្សុត កម្ពុជា​អាច​ទិញ​វ៉ាក់សាំង តាមរយៈ​COVAX, WHO និង UNICEF ​។ ត្រង់ចំណុច​នេះ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច បាន​បង្ហើប​ថា អង់គ្លេស​លក់​វ៉ាក់សាំង​ឱ្យ​កម្ពុជា ក្នុងតម្លៃ​៤​ដុល្លារ​ប៉ុណ្ណោះ ក្នុង​មួយ​ដូ​ស​។

នា​ខែកុម្ភៈ ចិន​នឹង​ផ្ដល់​វ៉ាក់សាំង​៣០​ម៉ឺន​ដូ​ស មក​កម្ពុជា​សិន ។ ចិន​បាន​សន្យា​ផ្ដល់​វ៉ាក់សាំង​១​លាន​ដូ​សមក​កម្ពុជា​។ កម្ពុជា​នឹង​ចាក់​វ៉ាក់សាំង​ការពារ​ពលរដ្ឋ នា​ខែមីនា​ទៅ​។ នាយករដ្ឋមន្ត្រី​កម្ពុជា ធ្លាប់បាន​ប្រកាស​ចាក់​វ៉ាក់សាំង​ការពារ​សុខភាព​ពលរដ្ឋ ឱ្យបាន​៥០​ម៉ឺន​នាក់ នៅមុន​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខ​។​

​បើតាម​គម្រោង​COVAX នឹង​ផ្ដល់​វ៉ាក់សាំង​មក​កម្ពុជា ប្រមាណ​៣​ភាគរយ នៅ​ជំហាន​ដំបូង នៅ​ខែមីនា ។ COVAX សន្យា​ផ្ដល់ជំនួយ​២០​ភាគរយ​មក​កម្ពុជា ដែល​ស្មើ​៦,៤​លាន​ដូ​ស សម្រាប់​ចាក់​លើ​មនុស្ស ៣,២​លាន​នាក់​នៃ​ចំនួន​ប្រជាជន​សរុប​។ កម្ពុជា​ត្រូវ​ចំណាយ​ថវិកា​៥​ភាគរយ នៃ​ចំនួន​វ៉ាក់សាំង​ពី​COVAX​នេះ​។ បើតាម​សម្ដេច កម្ពុជា ក៏​ដាក់សំណើ​ទៅ​COVAX ទិញ​វ៉ាក់សាំង​១​លាន​ដូ​ស​ដែរ​៕

អត្ថបទទាក់ទង




© រក្សាសិទ្ធិដោយ thmeythmey.com