ជាតិ
សង្គមជាតិ
លទ្ធផលជំរឿន៖ ៤៥.៤ភាគរយនៃគ្រួសារនៅកម្ពុជា មានអ៊ីនធឺណិតប្រើនៅផ្ទះ
× ការប្រើប្រាស់អ៊ីនធឺណិតនៅកម្ពុជាមានការកើនឡើង ដោយសារតែពិភពលោកមានការរីកចម្រើនផ្នែកបច្ចេកវិទ្យា ជាពិសេសទូរសព្ទចល័តដែលអាចប្រើប្រាស់ជាមួយនឹងប្រព័ន្ធអ៊ីនធឺណិតបាន។ នេះបើតាមរបាយការណ៍ជាតិស្តីពីលទ្ធផលចុងក្រោយនៃជំរឿនទូទៅប្រជាជននៅកម្ពុជាឆ្នាំ២០១៩។
លទ្ធផលនៃជំរឿន បង្ហាញថា ប្រជាជនកម្ពុជាទាំងពីរភេទ ភាគច្រើនបានប្រើប្រាស់អ៊ីនធឺណិត។ ៤៥.៤ភាគរយនៃគ្រួសារនៅកម្ពុជា មានអ៊ីនធឺណិតនៅផ្ទះ និង២៨.២ភាគរយ ប្រើប្រាស់នៅទីសាធារណៈ។ ភាគរយនៃគ្រួសារនៅតំបន់ទីប្រជុំជន ប្រើប្រាស់អ៊ីនធឺណិតនៅផ្ទះ ឬទីសាធារណៈខ្ពស់ជាងអ្នកនៅតំបន់ជនបទ។
ក្នុងចំណោមគ្រួសារប្រើប្រាស់អ៊ីនធឺណិតនៅផ្ទះ មាន៥៦.៤ភាគរយ នៅទីប្រជុំជន និង៣៨.៨ភាគរយនៅជនបទ រីឯការប្រើប្រាស់អ៊ីនធឺណិតនៅក្រៅផ្ទះ មាន៣៩.៩ភាគរយសម្រាប់អ្នករស់នៅទីប្រជុំជន និង២១.២ភាគរយ សម្រាប់អ្នករស់នៅជនបទ។
ការប្រើប្រាស់អ៊ីនធឺណិតកាន់តែមានកំណើនដោយសារតែបច្ចេកវិទ្យាទូរសព្ទចល័តផងដែរ ហើយបើតាមលទ្ធផលជំរឿន ប្រមាណ៩១.៩ភាគរយនៃគ្រួសារមានទូរសព្ទនៅទូទាំងប្រទេស ក្នុងនោះ៩៤.៨ភាគរយនៅទីប្រជុំជន និង៩០.២ភាគរយនៅជនបទ។
© រក្សាសិទ្ធិដោយ thmeythmey.com