COVID-19
ជាតិ
ចលនាបរិច្ចាគប្រាក់ខែ ចូលរួមប្រយុទ្ធនឹងកូវីដ-១៩ ផុសផុលជាលើកទី២ សារជំរុញឲ្យពលរដ្ឋចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ត្រូវបានបិទនឹងរបងមន្ទីរពេទ្យគន្ធបុប្ផាក្នុងរាជធានីភ្នំពេញ (រូបពី AFP)
× ផ្តើមចេញពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋមន្ត្រី មន្ត្រីរាជការ និង កងកម្លាំងប្រដាប់អាវុធ នាំគ្នាចេញមុខជាហូរហែ ប្រកាសស្ម័គ្រចិត្តកាត់ប្រាក់ខែរបស់ខ្លួន បង្វែរទៅក្រសួងសុខាភិបាល ដើម្បីប្រើប្រាស់លើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ សម្តេចនាយករដ្ឋមន្ត្រី ប្រកាសមុនគេលើទំព័រហ្វេសប៊ុកថា សម្តេច សុខចិត្តបរិច្ចាគប្រាក់ខែចំនួន៧ខែទៀត ជូនទៅក្រសួងសុខាភិបាល។
អ្នកខ្លះ បរិច្ចាគប្រាក់ខែចំនួន៧ខែ ដូចសម្តេចនាយករដ្ឋមន្ត្រី ដែរ ខណៈអ្នកខ្លះទៀត បរិច្ចាគរយៈពេលតិចជាងនេះ ដូចជាត្រឹម៦ខែ និង ត្រឹម៥ខែ ជាដើម។ សម្រាប់ប្រាក់ខែរបស់នាយករដ្ឋមន្ត្រី គឺទទួលបាន១០លានរៀល ក្នុង១ខែ តែត្រូវបង់ពន្ធជូនរដ្ឋអស់ជិត១លានរៀល (៩១០,០០០រៀល) ក្នុង១ខែ ដូច្នេះ ប្រាក់ខែ ដែលជូនទៅក្រសួងសុខាភិបាល នៅសល់ជាង៩លានរៀល (៩,០៩០,០០០រៀល)។ ប្រាក់ខែសរុបរបស់សម្តេចនាយករដ្ឋមន្ត្រី ក្នុងរយៈពេល៧ខែ ដែលជូនទៅក្រសួងសុខាភិបាល មានចំនួនជាង៦៣លានរៀល (៦៣,៦៣0,០០០រៀល)។
ប្រមុខរដ្ឋាភិបាល សរសេរលើទំព័រហ្វេសប៊ុក នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ថា ការស្ម័គ្រចិត្តបរិច្ឆាគប្រាក់ខែបន្តទៀតនេះ គឺដោយសារតែសង្កេតឃើញជំងឺកូវីដ-១៩ នៅតែកើតមានបន្តនៅទូទាំងពិភពលោក រាប់ទាំងកម្ពុជាផងដែរ។ ជាមួយគ្នានេះ មេដឹកនាំកម្ពុជា បានអរគុណមន្ត្រីរាជការនិងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលចូលរួមបរិច្ចាគប្រាក់ខែដែរ។ មេដឹកនាំរូបនេះ ចាត់ទុកការបរិច្ចាគប្រាក់ខែរបស់មន្ត្រីរាជការ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ថាជាការបង្ហាញឲ្យឃើញនូវសាមគ្គីភាព ក្នុងខឿនការពារសុខភាពរបស់ប្រជាជនកម្ពុជា។
វា ជាលើកទី២ហើយ ដែលកម្ពុជា កើតមានចលនាស្ម័គ្រចិត្តកាត់ប្រាក់ខែ ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។ កាលពីចលនាលើកទី១ ក៏សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញមុខប្រកាសមុនគេដែរ នៅក្នុងអំឡុងខែមេសា ឆ្នាំ២០២០ អំពីការកាត់ប្រាក់ខែរបស់ខ្លួនរយៈពេល៧ខែ ជូនទៅក្រសួងសុខាភិបាល ហើយពេលនោះ ក៏ដូចជាពេលនេះដែរ គឺបណ្តារដ្ឋមន្ត្រី មន្ត្រីរាជការ និង កងកម្លាំងប្រដាប់អាវុធ បាននាំគ្នាស្ម័គ្រចិត្តកាត់ប្រាក់ខែ ជូនទៅក្រសួងសុខាភិបាល។
ជាមួយគ្នានេះ កម្ពុជា នៅមានចលនាមួយទៀត គឺចលនាបរិច្ឆាគប្រាក់ ជូនរដ្ឋាភិបាល ដើម្បីប្រមូលយកទៅទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩។ បើតាម Fresh News គិតត្រឹមថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ រដ្ឋាភិបាល ទទួលបានថវិកាជិត៥៧លានដុល្លារ ពីសប្បុរសជន សម្រាប់ទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩។ ក្រៅពីការកៀរគរថវិកា សម្រាប់ចំណាយលើការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ រដ្ឋាភិបាល ក៏ឆ្លៀតស្នើសុំវ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ ពីបណ្តាប្រទេសមួយចំនួនដែរ ដូចជា ចិននិងឥណ្ឌា ជាដើម។
ប្រមុខរដ្ឋាភិបាល អះអាងកន្លងមកថា ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២១ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន៣០ម៉ឺនដូសដំបូង នឹងមកដល់កម្ពុជា។ លោក វង្ស៉ី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ផ្តល់ព័ត៌មាន ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី២៧ ខែមករានេះថា កម្ពុជា នឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន២០លានដូស ដោយក្នុងនោះជាង១១លានដូស អាចជាជំនួសរបស់បរទេស។ ចំណែក ៩លានដូសទៀត ប្រហែលកម្ពុជា ត្រូវចំណាយថវិកាទិញ ឬក៏ក្នុងចំណោម៩លានដូសនោះ អាចមានមួយចំនួន ជាជំនួយរបស់ប្រទេសជាមិត្តនិងអង្គការអន្តរជាតិណាផ្សេងទៀត៕
Tag:
COVID-19
បរិច្ចាគប្រាក់ខែ
© រក្សាសិទ្ធិដោយ thmeythmey.com