ជាតិ
អ្នក​ចិញ្ចឹម​ត្រី​មួយរូប​នៅ​ស្រុក​ព្រៃឈរ ដាក់​គោលដៅ​ផ្គត់ផ្គង់​ទីផ្សារ​ឲ្យ​បាន​២៥០០​តោន​ក្នុង​មួយឆ្នាំ​
28, Jan 2021 , 7:59 am        
រូបភាព
លោក លក លឿង អ្នកចិញ្ចឹមត្រីក្នុងខេត្តកំពង់ចាម(រូបភាពពីលោក វេង សាខុន)
លោក លក លឿង អ្នកចិញ្ចឹមត្រីក្នុងខេត្តកំពង់ចាម(រូបភាពពីលោក វេង សាខុន)
ដោយ:
​លោក លក លឿង ជា​អ្នក​ចិញ្ចឹម​ត្រី​ប្រា ពោ ឆ្ដោ និង​ត្រី​អណ្ដែង មួយរូប​នៅក្នុង​ឃុំ​ស្រងែ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។ បច្ចុប្បន្ន​កសិករ​វ័យ ៥១​ឆ្នាំ​រូបនេះ មាន​មាន​ស្រះ​ចិញ្ចឹម​ដល់​ទៅ​៤៤ ដែល​អាច​ផ្គត់ផ្គង់​ទៅលើ​ទីផ្សារ​ពី​៩៥០​តោន ទៅ​១, ០០០​តោន ក្នុង​មួយឆ្នាំ​។ កសិករ​ប្រាប់​សារព័ត៌មាន ThmeyThmey25 ថា លោក​គ្រោង​ពង្រីក​ការចិញ្ចឹម​បន្ថែម ដើម្បី​អាច​ផ្គត់ផ្គង់​ត្រី​ឲ្យ​បាន ២ ៥០០​តោន ក្នុង​មួយឆ្នាំ នៅ​ឆ្នាំ​២០២៣​។

 
​លោក លក លឿង ជា​អ្នក​ចិញ្ចឹម​ត្រី​ប្រា ពោ ឆ្ដោ និង​ត្រី​អណ្ដែង ដ៏​ជោគជ័យ​មួយរូប ដែលមាន​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ទំហំ ២៧​ហិកតា នៅក្នុង​ភូមិ​តា​កុ​ច ឃុំ​ស្រងែ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។ រយៈពេល​១០​ឆ្នាំ​ហើយ ដែល​កសិករ​រូបនេះ ចាប់យក​របរ​ចិញ្ចឹម​ត្រី ដោយ​ផ្ដើមដំបូង​លើ​ផ្ទៃដី ៣​ហិកតា និង​មាន​ស្រះ​ត្រី​ចំនួន​៥ ខណៈ​សព្វថ្ងៃ លោក លក លឿង មាន​ស្រះ​ចិញ្ចឹម​ដល់​ទៅ​៤៤​ស្រះ ពង្រាយ​នៅលើ​ផ្ទៃដី​២៧​ហិកតា​។ 
 
​លោក លក លឿង ប្រាប់​សារព័ត៌មាន ThmeyThmey25 ថា បច្ចុប្បន្ន លោក​អាច​ផ្គត់ផ្គង់​ត្រី​លើ​ទីផ្សារ​ប្រមាណ ៨​តោន​ក្នុង​មួយថ្ងៃ នៅក្នុង​រដូវ​ប្រមូល​ផល ឬ​ប្រមាណ​៩៥០​តោន ទៅ​១, ០០០​តោន ក្នុង​មួយឆ្នាំ​។ បើតាម​លោក លក លឿង ត្រី​ក្នុង​កសិដ្ឋាន​របស់ខ្លួន ភាគច្រើន​ត្រូវបាន​ចែកចាយ​ទៅកាន់​ខេត្ត​ត្បូងឃ្មុំ ខេត្តស្ទឹងត្រែង ខេត្តក្រចេះ និង​ក្នុង​ខេត្តកំពង់ចាម​ផ្ទាល់​។ កសិករ​រូបនេះ មានបំណង​ពង្រីក​ការចិញ្ចឹម​របស់ខ្លួន​ចំនួន ៦​ហិកតា​បន្ថែម​ដើម្បី​បំពេញ​មហិច្ឆតា​របស់ខ្លួន​ដែល​ចង់​ផ្គត់ផ្គង់​ត្រី​ឲ្យ​បាន ២ ៥០០​តោន ក្នុង​មួយឆ្នាំ ចាប់ពី​ឆ្នាំ​២០២៣ តទៅ​។​


កន្លែងចិញ្ចឹមត្រីរបស់កសិករ 

​ជុំវិញ​តម្លៃ​ត្រី​វិញ លោក លក លឿង អះអាង​បច្ចុប្បន្ននេះ មិនមាន​បញ្ហា​នោះទេ​។ លោក លឿង ប្រាប់ ThmeyThmey25 ថា​ក្រោយ​ចំណាត់​ការបិទ​ការនាំ​ចូល​ត្រី​ពី​ប្រទេសជិតខាង​កាលពីពេល​កន្លងទៅ ត្រី​ក្នុងស្រុក​បាន​ហើប​តម្លៃ​វិញ​។ តែ​យ៉ាងណាក៏ដោយ កសិករ លឿង ទទួលស្គាល់ថា  កសិករ​លក់​ត្រី​បាន​ថោក នៅពេល​ប្រមូល​ផល​ព្រមៗ​គ្នា​។ មាន​វ័យ​៥១​ឆ្នាំ អ្នក​ចិញ្ចឹម​ត្រី​រូបនេះ​បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey25 យ៉ាង​ដូច្នេះ​៖«​យើង​គ្រប់គ្នា​សុទ្ធតែ​ដឹងថា​សព្វថ្ងៃ​ទីផ្សារ​ត្រី​មាន​បញ្ហា តែ​ពិបាក​ត្រង់​តម្លៃ​ទាប​ជាង​មុន​។ ដ្បិត​តម្លៃ​ទា ប​តែ​ត្រី​នៅតែ​អាច​លក់​ចេញ​ពេល​ប្រមូល​ម្ដងៗ​»​។​
 
​ទោះ​មាន​បទពិសោធ​ចិញ្ចឹម​ត្រី​ច្រើន​ឆ្នាំ តែ​លោក លក លឿង ទើបតែ​ចូល​ជា​សមាជិកសមាគម​វារីវប្បកម្ម​កម្ពុជា​ប៉ុណ្ណោះ​។ ជា​សមាជិក​វារីវប្បកម្ម​កម្ពុជា លោក លឿង មាន​អ្នក​ពិភាក្សា​ពី​ផល​លំបាក ក៏ដូចជា​បានទទួល​បច្ចេកទេស​ចិញ្ចឹម​ត្រី​បន្ថែម​ផងដែរ​។​
 
​របរ​ចិញ្ចឹម​ត្រី​ធ្វើ​ឲ្យ​លោក លក លឿង អាច​ទទួលបាន​ចំណូល​ច្រើន ប៉ុន្តែ​ក៏ត្រូវ​ចំណាយ​ច្រើន​ដែរ​ទៅលើ​កម្លាំង​ពលកម្ម និង​ចំណី​ត្រី​ជាដើម ខណៈ​ក្នុង​មួយឆ្នាំ លោក លក លឿង អះអាងថា លោក​អាច​សល់​ប្រាក់ចំណេញ ពី​៨-១០​ម៉ឺន​ដុល្លារ​៕
 

រូបភាពពីលោក វេង សាខុន 
 

Tag:
 វារីវប្បកម្ម​
 ​ចិញ្ចឹម​ត្រី​
 ​កំពង់ចាម​
© រក្សាសិទ្ធិដោយ thmeythmey.com