លោក ផាទ្រិក មើហ្វី (Patrick W. Murphy) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានទៅជួបលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិម្តងទៀត នៅគេហដ្ឋានរបស់លោក ក្នុងសង្កាត់បឹងកក់២ រាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ។ ក្រោយបញ្ចប់ជំនួប លោក ផាទ្រិក មើហ្វី បានបង្ហោះសារលើបណ្តាញសង្គមធ្វីតធឺថា លោក បានស្តាប់លោក កឹម សុខា អំពីតុលាការ បន្តពន្យារពេលបើកសវនាការ។
លោកឯកអគ្គរដ្ឋទូតអាមេរិក បានលើកទស្សនៈរបស់លោក វីល្លាម គ្លេនស្តូន (William Ewart Gladstone) មកភ្ជាប់ជាមួយនឹងករណីរបស់លោក កឹម សុខា ថា៖«យុត្តិធម៌ ដែលត្រូវបានពន្យារពេល គឺជាយុត្តិធម៌ ដែលត្រូវបានបដិសេធ»។ លោក បន្តថា៖«អាមេរិក កំពុងរង់ចាំមើលការផ្តល់សិទ្ធិនយោបាយដល់លោក កឹម សុខា ឡើងវិញ។ យើង គ្រាន់តែសង្ឃឹមថា ប្រជាពលរដ្ឋកម្ពុជាទាំងអស់ អាចចូលរួមក្នុងរឿងនយោបាយបាន»។
វីល្លាម គ្លេនស្តូន គឺជារដ្ឋបុរសនិងជាអ្នកនយោបាយសេរីរបស់អង់គ្លេស ហើយលោក ធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីអង់គ្លេសរយៈពេល១២ឆ្នាំ នៅចុងសតវត្សរ៍ទី១៩។ ទស្សនៈ ដែលពោលថា «យុត្តិធម៌ ដែលត្រូវបានពន្យារពេល គឺជាយុត្តិធម៌ ដែលត្រូវបានបដិសេធ» អាចមានន័យយ៉ាងខ្លីថា «ការពន្យារពេលផ្តល់យុត្តិធម៌ គឺអយុត្តិធម៌»។
យ៉ាងណាក៏ដោយ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បង្ហើបក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២០ ថា សំណុំរឿងរបស់លោក កឹម សុខា អាចនឹងអូសបន្លាយរហូតដល់ឆ្នាំ២០២៤ឯណោះ។
នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះដែរ លោក ជិន ម៉ាលីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានពន្យល់លើទំព័រហ្វេសប៊ុករបស់លោក ពីមូលហេតុ ដែលតុលាការ មិនទាន់បន្តបើកសវនាការលើសំណុំរឿងរបស់លោក កឹម សុខា។ ការពន្យល់របស់លោក គឺសំដៅទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា តែមិនសំដៅឬឆ្លើយតបទៅកាន់ទូតអាមេរិកឡើយ។
លោក ជិន ម៉ាលីន លើកហេតុផលថា លោក កឹម សុខា មិនមែនជាប់ឃុំនោះទេ ដូច្នេះ ការបើកសវនាការលើសំណុំរឿងរបស់លោក គឺមិនមែនជាអាទិភាពឡើយ។ លោក បន្ថែមថា អាទិភាពពិតប្រាកដ គឺការបើកសវនាការលើសំណុំរឿងរបស់អ្នក ដែលកំពុងជាប់ឃុំ ដើម្បីជៀងវាងកុំឲ្យមានការឃុំខ្លួនហួសកាលកំណត់របស់ច្បាប់ ជាពិសេសស្របពេលតុលាការ កំពុងអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងព្រហ្មទណ្ឌ ក្នុងគោលដៅឈានទៅរកការដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ លើកឡើងថា៖«ប្រសិនបើ [លោក] កឹម សុខា ស្ថិតក្នុងការឃុំ នោះសវនាការសំណុំរឿងនេះ ក៏នឹងត្រូវយកមកចាត់ការជាអាទិភាពផងដែរ»។
លោក អធិប្បាយទៀតថា សំណុំរឿងរបស់លោក កឹម សុខា កំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការ ហើយការសម្រេចបែបណា គឺជាឆន្ទានុសិទ្ធិរបស់តុលាការ ដែលជាស្ថាប័នឯករាជ្យ។
លោក កឹម សុខា ខ្លួនឯង ពុំបានប្រាប់ជាសាធារណៈនោះទេថា លោក បានជជែកគ្នាជាមួយលោក ផាទ្រិក មើហ្វី ជុំវិញសំណុំរឿងរបស់លោក។ តាមរយៈសារលើទំព័រហ្វេសប៊ុក លោក គ្រាន់តែផ្តល់ព័ត៌មានថា លោក និង លោក ផាទ្រិក មើហ្វី ពិភាក្សាគ្នាពីទំនាក់ទំនាក់ទំនងកម្ពុជានិងអាមេរិក។
លោក សរសេរថា៖«ក្នុងជំនួបនេះ យើងក៏បានស្វែងយល់ និងពិភាក្សាគ្នាអំពីទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិកកន្លងមកនិងទៅអនាគត ជាពិសេសសម្រាប់រដ្ឋបាលថ្មីរបស់អាមេរិក តើនឹងអាចមានអ្វីថ្មី?»។
ជាមួយគ្នានេះ តាមរយៈលោក ផាទ្រិក មើហ្វី លោក កឹម សុខា បានអបអរសាទរលោក ចូ បៃឌិន ដែលជាប់ឆ្នោតក្លាយជាប្រធានាធិបតីទី៤៦របស់អាមេរិក ហើយលោក បានជូនពរលោក ចូ បៃឌិន ឲ្យមានសុខភាពល្អនិងទទួលបានជោគជ័យក្នុងការដឹកនាំ ដើម្បីជាប្រយោជន៍របស់ប្រជាពលរដ្ឋអាមេរិក ជាពិសេសក្នុងការលើកស្ទួយសិទ្ធិសេរីភាព និងប្រជាធិបតេយ្យក្នុងពិភពលោក។ បន្ថែមពីនេះ លោក អរគុណប្រជាពលរដ្ឋ រួមទាំងរដ្ឋាភិបាលអាមេរិក ដែលបានជួយដល់ប្រជាពលរដ្ឋខ្មែរកន្លងមក លើវិស័យនានា ដូចជា អប់រំ សុខាភិបាល សេដ្ឋកិច្ច និង ពាណិជ្ជកម្ម ជាដើម។
នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ មេធាវីទាំង៤រូបរបស់លោក កឹម សុខា ដាក់សំណើជាលើកទី៣ទៅកាន់តុលាការភ្នំពេញ ដើម្បីសុំឲ្យបន្តបើកសវនាការលើសំណុំរឿងរបស់លោក កឹម សុខា ឡើងវិញ។ ការស្នើសុំនេះ ដោយសារតែក្រុមមេធាវី មើលឃើញថា ស្ថានភាពជំងឺកូវីដ-១៩ ត្រូវរដ្ឋាភិបាលកម្ពុជា គ្រប់គ្រងបានទាំងស្រុងហើយ ហើយតុលាការ ក៏បានបើកសវនាការលើសំណុំរឿងទូទៅជាប្រក្រតីដែរ។
ក្រុមមេធាវី ជម្រាបទៅតុលាការថា៖«ការទុកសំណុំរឿងចាស់ [ដូចសំណុំរឿងលោក កឹម សុខា] ចោលយូរហួសហេតុពេក ដែលអង្គសវនាការ បានដេញដោលយ៉ាងច្រើនរួចហើយនោះ មិនមែនជាជម្រើសល្អទេ និងគ្មានទម្លាប់រឿងក្តី [ដែល] យកមកដេញដោល រួចទុកចោលយ៉ាងយូរនោះដែរ»។
លោក អ៊ី រិន ប្រធានលេខាធិការដ្ឋានរដ្ឋបាលតុលាការរាជធានីភ្នំពេញ ផ្តល់ព័ត៌មានថា មន្ត្រីតុលាការ បានទទួលសំណើរបស់ក្រុមមេធាវីការពារក្តីឲ្យលោ កឹម សុខា ហើយ និងបានបញ្ជូនទៅប្រធានក្រុមប្រឹក្សាជំនុំជម្រះរួហើយដែរ ដើម្បីពិនិត្យនិងធ្វើសេចក្តីសម្រេច។
មកដល់ឆ្នាំ២០២១នេះ សំណុំរឿងរបស់លោក កឹម សុខា អូសបន្ថាយអស់រយៈពេលជាង៣ឆ្នាំហើយ។ លោក ត្រូវជាប់ចោទពីបទសន្ទិដ្ឋិភាព ដែលសំដៅថា លោក លួចពឹងពាក់បរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ រដ្ឋាភិបាល ក៏ដូចជាតុលាការ ចាត់ទុកបទល្មើសរបស់លោក កឹម សុខា ដែលបានប្រព្រឹត្ត ថាជាអំពើក្បត់ជាតិ៕