អន្តរជាតិ
លោក ឃែ​រី ៖ អាមេរិក​នឹងធ្វើ​ការ​ជាមួយ​ចិន​ដើម្បី​ដោះស្រាយ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ
28, Jan 2021 , 9:29 pm        
រូបភាព
លោក ចន ឃែរី ប្រេសិតផ្នែកបម្រែបម្រួលអាកាសធាតុរបស់អាមេរិក។ រូបថត AFP
លោក ចន ឃែរី ប្រេសិតផ្នែកបម្រែបម្រួលអាកាសធាតុរបស់អាមេរិក។ រូបថត AFP
​ដោយ ឈួន ឈី​វ​អ៊ីង
 
​លោក ច​ន ឃែ​រី ប្រេសិត​ពិសេស​ទទួលបន្ទុក​បម្រែបម្រួល​អាកាសធាតុ នៅ​ថ្ងៃទី​២៧ ខែមករា បានប្រកាស​ពី​ជំហរ​របស់​អាមេរិក​ក្នុងការ​ធ្វើការ​ជាមួយ​ចិន​ដើម្បី​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ ដែលជា​បញ្ហា​ប្រឈម​សាកល​។ បើតាម​លោក ឃែ​រី អាមេរិក​នឹង​ព្យាយាម​រក្សា​កិច្ចចរចា​ស្ដីពី​បញ្ហា​អាកាសធាតុ​ជាមួយ​ចិន​ឱ្យនៅ​ដាច់ដោយឡែក​ពី​រឿង​ឯទៀត​ដែល​ភាគី​ទាំងពីរ​មិនត្រូវ​គ្នា​។ 

 
​អាមេរិក និង​ចិន មាន​ជំហរ​មិនត្រូវ​គ្នា​លើ​រឿង​ជាច្រើន​។ នេះ​ជាការ​មើលឃើញ​របស់លោក ច​ន ឃែ​រី ប្រេសិត​ប្រធានាធិបតី​ផ្នែក​អាកាសធាតុ​។ ប៉ុន្តែ​អាមេរិក នឹង​ប្រឹងប្រែង​មិនឱ្យ​បញ្ហា​នេះ​ច្របូកច្របល់​ជាមួយ​បញ្ហា​ដែល​ខ្វែងគំនិត​ផ្សេង​ទៀតឡើយ​។ 
 
​លើ​រឿង​បម្រែបម្រួល​អាកាសធាតុ​នេះ លោក ឃែ​រី ដែលជា​អតីរដ្ឋមន្ត្រី​ការបរទេស​អាមេរិក លើកឡើងថា វា​មិនអាច​ទៅរួច​នោះទេ​សម្រាប់​អាមេរិក​តែឯង​ក្នុង​ការបញ្ឈប់​ការកើនឡើង​កម្តៅ​ពិភពលោក​។ ដូច្នេះ អាមេរិក ត្រូវតែ​រក​វិធី​បែងចែក​ឱ្យដាច់​រវាង​រឿង​ដែល​មិនត្រូវ​គ្នា និង​បញ្ហា​អាកាសធាតុ សំដៅ​សហការ​ជាមួយ​ចិន ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​បន្ត​ទៅមុខទៀត​។ 
 
«​បច្ចុប្បន្ននេះ យើង​មាន​រឿងរ៉ាវ​ជាច្រើន​ដែល​មិនត្រូវ​គ្នា​ជាមួយ​ចិន ទាំង​ការ​លួ​ចក​ម្មសិ​ទ្ធិបញ្ញា និង​ការចូល​ទៅក្នុង​ទីផ្សារ​ចិន​»​។ លោក ឃែ​រី  អះអាង​ដូចនេះ ហើយក៏​បន្តថា បញ្ហា​ទាំងអស់នេះ​មិនអាច​ត្រូវ​ដោះដូរ​ទៅនឹង​អ្វីដែល​ត្រូវធ្វើ​ចំពោះ​បញ្ហា​អាកាសធាតុ​ឡើយ ព្រោះ​អាកាសធាតុ ជា​បញ្ហា​ចម្បង​ដែល​ត្រូវតែ​ដោះស្រាយ​ទាំងអស់គ្នា​។ 
 
​បើតាម​ទីភ្នាក់ងារ​ពត៌មាន AFP មន្ត្រី​កំពូល​អាមេរិក​ផ្នែក​បម្រែបម្រួល​អាកាសធាតុ​រូបនេះ​សង្កត់ធ្ងន់ថា ចិន ទទួលខុសត្រូវ​លើ​ការ​បំ​ភាយ​ឧស្ម័ន​កាបូ​និច​ទៅក្នុង​បរិយាកាស​ចំនួន​៣០​ភាគរយ ខណៈ​អាមេរិក​បំ​ភាយ​១៥​ភាគរយ​។​ 

កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អាកាសធាតុ​នេះ ទំនងជា​អាច​ប្រធាន​ដែល​មហាអំណាច​ទាំងអស់​អាចធ្វើ​ការ​ជាមួយគ្នា​បាន​។ ប្រធានាធិបតី​ទើប​ចូលកាន់​តំណែង ចូ បៃ​ឌិន ក៏​និយាយ​រួចហើយ​ថា អាមេរិក​ចង់បាន​ការ​ចូលរួម​ជា​អន្តរជាតិ​លើ​បញ្ហា​សាកល បើទោះជា​លោក​មិន​បន្ធូរដៃ​ឱ្យ​ចិន​លើ​រឿង​ផ្សេងទៀត​ក្ដី​។ ចិន​ដែល​អំពាវនាវ​ឱ្យ​ចាប់ផ្ដើម​គូសវាស​ទំនាក់ទំនង​ទ្វេភាគី​ឡើងវិញ​ក្រោយ​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ក៏​ផ្ដល់​សញ្ញា​ត្រៀម​ធ្វើការ​ជាមួយ​អាមេរិក​លើ​បម្រែបម្រួល​អាកាសធាតុ​ដែរ​៕ ​

Tag:
 ​អាមេរិក​
  ចិន​
  ច​ន ឃែ​រី
© រក្សាសិទ្ធិដោយ thmeythmey.com